(ភ្នំពេញ)៖ ឧកញ៉ា ស្រី ចន្ធូ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩នេះ បានចេញលិខិតបំភ្លឺមួយ ដើម្បីបកស្រាយជុំវិញការចោទប្រកាន់ថា កម្មកររបស់ខ្លួន៨នាក់ ត្រូវបានសមត្ថកិច្ចខេត្តមណ្ឌលគិរី ឃាត់ខ្លួនព្រោះសង្ស័យបោះបង្គោលរំលោភយកដីស្រែរបស់ប្រជាពលរដ្ឋ។

តាមរយៈលិខិតបំភ្លឺនេះ លោកឧកញ៉ា ស្រី ចន្ធូ បានបញ្ជាក់ថា «ដីដែលខ្ញុំបាទ ស្រី ចន្ធូ បានទិញពីប្រជាពលរដ្ឋនៅស្រុកអូរាំង ខេត្តមណ្ឌលគិរី ដែលមានទំហំ សរុបប្រមាណជា៥២ហិចតា ដែលខ្ញុំបាទបានទិញជាលក្ខណៈបុគ្គលសម្រាប់ធ្វើចំការ និងកសិដ្ឋានចិញ្ចឹមគោ ចាប់តាំងពីឆ្នាំ២០១៨កន្លងមក ដោយបានទិញដី ប្រជាពលរដ្ឋ និងមានការទទួលស្គាល់ដឹងលឺ ពីអាជ្ញាធរភូមិឃុំ ស្រុក ដោយមានបង់ពន្ធប្រថាប់ត្រាស្របច្បាប់ត្រឹមត្រូវ»។

លោក ស្រី ចន្ធូ ក៏បានបដិសេធទាំងស្រុងចំពោះបុគ្គលដែលបានចោទថា លោកបានរំលោភព័ទ្ធយកដីស្រល់របស់រដ្ឋ គឺជាករណីបង្អួចបង្កាច់ក្នុងចេតនាញុះញង់ ទុច្ចរិតតែប៉ុណ្ណោះ។ ព្រោះដោយហេតុថាជាដីកាន់កាប់ និងគ្រប់គ្រងកម្មសិទ្ធស្របច្បាប់ ទើបលោកបង្កើតកសិដ្ឋាន ធ្វើរបងនិងដាំដុះដំណាំផ្សេងៗជាដើម។

សូមរំលឹកថា មនុស្សចំនួន៨នាក់ ដែលជាកម្មករ របស់ឧកញ៉ា ស្រី ចន្ធូ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចខេត្តមណ្ឌលគិរី ឃាត់ខ្លួនពាក់ព័ន្ធការធ្វើសកម្មភាព ដាំបង្គោលថ្មព័ទ្ធយកដីចំការស្រល់របស់រដ្ឋ កាលពីល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ដោយមានការសម្របសម្រួលពីលោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី។

លោក អ៊ុ វណ្ណសុភៈ នាយខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី បានប្រាប់ Fresh News ប្រចាំខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ថា ពិតជាមានការឃាត់ខ្លួនមនុស្ស៨នាក់នេះពិតមែន ដោយមន្ត្រីជំនាញសហការជាមួយកម្លាំងកងរាជអាវុធហត្ថ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកអូររាំង។ លោក អ៊ុ វណ្ណសុភៈ បានឱ្យដឹងថា មនុស្សដែលឃាត់ខ្លួនទាំង៨នាក់នេះ មានម្នាក់ជាមេការម្មោះ ជួង សុភារុណ ហើយជាមនុស្សជំនិតរបស់ឧកញ៉ា ស្រី ចន្ធូ៕