(ឆែក)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩នេះ បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាជាមួយលោក Jaroslav Kubera ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឆែក។

ក្នុងជំនួបដែលធ្វើឡើងនៅវិមានព្រឹទ្ធសភា ទីក្រុងប្រាក លោក Jaroslav Kubera មានប្រសាសន៍ជំរាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីថា សភានៃសាធារណរដ្ឋឆែក ជាស្ថាប័ននីតិបញ្ញត្តិ នៃសាធារណរដ្ឋឆែក ដែលត្រូវបានបែងចែកជា២ថ្នាក់ គឺសភាជាន់ខ្ពស់ (ព្រឹទ្ធសភា) និងសភាជាន់ទាប (រដ្ឋសភា)។

លោកមានប្រសាសន៍បន្តថា ព្រឹទ្ធសភាឆែក ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៦ និងមានសមាជិកចំនួន ៨១រូប ដែលត្រូវបានជ្រើសរើសតាមរយ:ការបោះឆ្នោតចំនួន២ជុំ ពោលប្រ សិនបើគ្មានបេក្ខជនណាមួយទទួលបានសំឡេងគាំទ្រភាគច្រើន នៅក្នុងជុំទី១នោះទេ បេក្ខជនមានការគាំទ្រច្រើនជាងគេ២រូប នឹងត្រូវបានបោះឆ្នោតជ្រើសរើសក្នុងជុំទី២។

ក្នុងកិច្ចសន្ទនាគ្នានោះដែរ ភាគីទាំងពីរបានស្នើឲ្យមានការផ្លាស់ប្តូរទស្សនកិច្ចកម្រិតគណ:កម្មការជំនាញរវាងព្រឹទ្ធសភា នៃប្រទេសទាំងពីរ និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាពិសេសក្នុងក្របខណ្ឌសហភាពអន្តរសភា (IPU) និងវេទិកាផ្សេងៗទៀត។ មេដឹកនាំទាំងពីរ ក៏បានធ្វើការពិភាក្សាគ្នាផងដែរ ទាក់ទិនទៅនឹងស្ថាប័នរដ្ឋសភា នៃប្រទេសទាំងពីរ តាមរយ:ការស្នើបង្កើតឲ្យមានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ឆែក។ ស្នើឲ្យមានការផ្លាស់ប្តូរទស្សនកិច្ចកម្រិតថ្នាក់ដឹកនាំគណ:កម្មការជំនាញ និងក្នុងក្របខណ្ឌអគ្គលេខាធិការដ្ឋាន រវាងរដ្ឋសភានៃប្រទេសទាំងពីរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋឆែក ចំពោះការស្វាគមន៍ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅចំពោះសម្តេចផ្ទាល់ និងគណៈប្រតិភូកម្ពុជាក្នុងអំលុងពេលស្នាក់នៅទីក្រុងប្រាក។

ក្នុងជំនួបគ្នានោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានជម្រាបពីការអញ្ជើញរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា ជូនចំពោះលោក Jaroslav Kubera ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឆែក ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ដែលការអញ្ជើញនេះត្រូវបានលោកប្រធានព្រឹទ្ធសភាឆែក ទទួលយកនូវការអញ្ជើញ ហើយរកពេលវេលាសមស្របមកទស្សនកិច្ចនៅកម្ពុជា។

ក្នុងនាមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចតេជោនាយករដ្ឋមន្រ្តីបានអញ្ជើញភាគីឆែកឲ្យមកបំពេញចូលរួមកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប (ASEM) លើកទី១១ នៅកម្ពុជាក្នុងឆ្នាំ២០២០។ ក្នុងជំនួបនោះ ភាគីទាំងពីរក៏បានវាយតម្លៃខ្ពស់អំពីកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យសម្រាប់ប្រទេសទាំងពីរ ទាំងស្ថាប័ននីតិបញ្ញត្តិ និងទាំងស្ថាប័ននីតិប្រតិបត្តិ៕