(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានអះអាងថា មកទល់ពេលនេះ មិនទាន់មានប្រជាពលរដ្ឋ កម្មសិក្សាការី ពលករ និងនិស្សិតកម្ពុជាណាម្នាក់រងគ្រោះដោយសារព្យុះទីហ្វុងហាហ្គីប៊ីស (Hagibis) ដែលកើតឡើងនៅប្រទេសជប៉ុននៅឡើយទេ ខណៈកម្ពុជាក៏សូមចូលរួមរំលែកទុក្ខ និងសោកស្ដាយចំពោះគ្រោះមហន្តរាយនេះ ជាមួយមិត្តជប៉ុនផងដែរ។

ការបញ្ជាក់របស់លោក ហេង សួរ ត្រូវបានធ្វើឡើងក្រោយជំនួបពិភាក្សាការងាររវាងលោករដ្ឋមន្ត្រី អ៉ិត សំហេង ជាមួយលោក MIKAMI Masahiro ឯកអគ្គរាជទូតថ្មីរបស់ជប៉ុនកម្ពុជា នៅទីស្ដីការក្រសួងការងារ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩។

ក្នុងជំនួបពិភាក្សាខាងលើ លោករដ្ឋមន្ត្រី អ៉ិត សំហេង ក៏បានចូលរួមសម្ដែងនូវការសោកស្ដាយ ចំពោះប្រជាជនជប៉ុន ដែលបានទទួលរងគ្រោះមហន្តរាយ ដោយសារព្យុះទីហ្វុងហាហ្គីប៊ីស បង្កឱ្យប្រជាជនបាត់បង់អាយុជីវិត បំផ្លិចបំផ្លាញប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងខូចខាតសមិទ្ធផលជាច្រើនទៀត។

ឯកអគ្គរាជទូតជប៉ុន ក៏បានទទួលនូវទឹកចិត្តរបស់លោករដ្ឋមន្ត្រីក្រសួងការងារ ក៏ដូចជារាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទាំងមូល ព្រមទាំងលើកឡើងថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាពិតជាមិត្តដ៏ល្អ ដែលតែងតែជួយឈឺឆ្អាល ក្នុងពេលប្រទេសជប៉ុនជួបគ្រោះមហន្តរាយម្ដងៗ។

សូមជម្រាបថា នាពេលបច្ចុប្បន្ន កម្មសិក្សាការីកម្ពុជាដែលកំពុងបម្រើការងារ នៅប្រទេសជប៉ុនមានប្រមាណ ១ម៉ឺន២ពាន់នាក់ ក្រៅពីនេះមានប្រជាពលរដ្ឋ និងនិស្សិតកម្ពុជាមួយចំនួនទៀតផងដែរ។

បើតាមព័ត៌មានចុងក្រោយ ព្យុះទីហ្វុងហាហ្គីប៊ីសនៅប្រទេសជប៉ុននេះ បានបង្កឱ្យមានអ្នកស្លាប់បានកើនដល់ ៤០នាក់ រងរបួសកើនដល់ ១៨៩នាក់ និងបាត់ខ្លួន ១៦នាក់។

បើតាមអាជ្ញាធរជប៉ុន មកទល់នឹងព្រឹកថ្ងៃចន្ទនេះ ផ្ទះប្រមាណ ៥៧,៥០០ខ្នង នៅតែបន្តគ្មានអគ្គិសនីប្រើប្រាស់នៅឡើយ ខណៈមធ្យោបាយធ្វើដំណើរមួយចំនួន ចាប់ផ្ដើមដំណើរការឡើងវិញជាបណ្ដើរៗ និងប្រជាជនរាប់ពាន់នាក់កំពុងស្នាក់នៅក្នុងជម្រកបណ្ដោះអាសន្ន។

ព្យុះទីហ្វុង Hagibis គឺជាព្យុះកំណាចបំផុតមួយ ដែលបានបោកបក់មកលើភាគអាគ្នេយ៍ និងខាងកើតជប៉ុន កាលពីល្ងាចថ្ងៃសៅរ៍ ជាមួយល្បឿនខ្យល់ជាង ២២០គីឡូម៉ែត្រ ក្នុងមួយម៉ោង។

Hagibis ជាព្យុះទីហ្វុងដ៏កំណាចបំផុតមួយ ដែលមិនធ្លាប់វាយប្រហារលើប្រទេសជប៉ុន ក្នុងរយៈពេលជាង៦០ឆ្នាំមកនេះ បានចាកចេញពីតំបន់ដីគោកកាលពីថ្ងៃអាទិត្យ ប៉ុន្តែវាបានបន្សល់ទុកនូវការខូចខាតយ៉ាងសម្បើមនៅក្នុងទីក្រុងតូក្យូ និងបណ្តាខេត្តក្បែរខាងចំនួន៦។ ទន្ទឹមគ្នាក្រុមអ្នកជួយសង្រ្គោះច្រើនជាង ១១០,០០០នាក់ ក្នុងនោះរួមមានកងកម្លាំងស្វ័យការពារចំនួន ៣១,០០០នាក់ បានចូលទៅដល់តំបន់ដែលប្រជាជនកំពុងជាប់គាំង ដោយសារគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដីហើយ៕