(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ដែលជ្រុលផុងខ្លួនផ្សំគំនិត បង្កចលាចល ធ្វើសកម្មភាពខុសច្បាប់នានា ដោយជឿតាមការញុះញង់ អូសទាញពីសំណាក់ជនក្បត់ជាតិ សម រង្ស៊ី សូមចូលខ្លួនសារភាព ងាកបកក្រោយ នៅមិនទាន់ហួសពេលនោះទេ។

ថ្លែងលើកឡើងបែបនេះ បានធ្វើឡើងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ក្នុងឱកាសលោក ជាម ច័ន្ទសោភ័ណ នាំយកវគ្រឿងសម្ភារប្រើប្រាស់ ដែលផ្តល់ដោយក្រុមហ៊ុន យូនីលីវើល ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងជនងាយរងគ្រោះចំនួន ៨០០គ្រួសារ មកពី ២ឃុំ គឺឃុំមៀន និងឃុំអំពិលតាពក ស្ថិតក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះ លោក ជាម ច័ន្ទសោភ័ណ បានថ្លែងអំណរគុណដល់ក្រុមហ៊ុន យូនីលីវើល ដែលបានជ្រើសយកខេត្តត្បូងឃ្មុំ ក្នុងការចូលរួមចែករំលែកតម្រូវការរបស់ពលរដ្ឋ ដោយផ្តល់ជាផលិតផលមួយចំនួន ជូនគ្រួសារទាំង ៨០០គ្រួសារ ក្នុងស្រុកអូររាំងឪ នាពេលនេះ។

លោកអភិបាលខេត្ត បានថ្លែងគូសបញ្ជាក់ថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើនយោបាយត្រឹមត្រូវ ដឹកនាំប្រទេសជាតិធ្វើឲ្យមាន ការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ ហើយប្រជាពលរដ្ឋរស់នៅមានភាពសុខសាន្ត ប្រកបមុខរបរការងារបានដោយសេរី ធ្វើឲ្យកម្រិតជីវភាពបានធូរធា។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋបន្តថែរក្សា សុខសន្តិភាពនេះ ឲ្យបានគង់វង្សយូរអង្វែង ដើម្បីភាពរីកចម្រើនក្នុងគ្រួសារ និងការអភិវឌ្ឍប្រទេសជាតិរបស់យើងបន្តទៅទៀត។

លោកអភិបាលខេត្ត ក៏បន្តអំពាវនាវផងដែរ ដល់ប្រជាពលរដ្ឋទាំងអស់សូមបញ្ឈប់ កុំជឿតាមការញុះញង់ ឬការបំផុសបំផុលអូសទាញណាមួយ ជាសកម្មភាពបំពានលើច្បាប់ ដែលប៉ះពាល់ដល់សុខសន្តិភាព របស់កម្ពុជាទាំងមូល។

ជាពិសេសសូមបងប្អូនប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំទាំងអស់ ក៏ដូចជាទូទាំងប្រទេស បន្តកាន់ច្រវាចែវទូកសន្តិភាពជាមួយសម្តេចតេជោ ហ៊ុន សែន និងត្រៀមពិសាររួមគ្នា អំបុកសាមគ្គីនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ ដែលជាការពិសាអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ៕