(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងារជាមួយលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ លោក MIKAMI Masahiro ឯកអគ្គរាជទូតថ្មីរបស់ជប៉ុនកម្ពុជា បានបង្ហាញការប្ដេជ្ញាថា ក្នុងអាណត្តិការងារថ្មីនៅកម្ពុជា លោកនឹងខិតខំជំរុញឱ្យមានទីផ្សារការងារនៅជប៉ុន សម្រាប់កម្មសិក្សាការី និងពលករជំនាញកម្ពុជាឱ្យកាន់តែច្រើន ដើម្បីបង្កើនការទទួលកម្មពួកគេឱ្យទៅធ្វើការនៅជប៉ុនបន្ថែមទៀត។

លោក MIKAMI Masahiro បានឱ្យដឹងថា លោកបានជួបសំណេះសំណាលជាមួយតំណាងក្រុមហ៊ុនរបស់ជប៉ុន ដូចជាក្រុមហ៊ុនអ៉ីអនជាដើម ដែលកំពុងដំណើរការនៅកម្ពុជា ដោយពួកគេបានរាយការណ៍ និងកោតសរសើរពីការខិតខំប្រឹងប្រែង ធ្វើការរបស់បុគ្គលិកជនជាតិខ្មែរ ដែលបានបង្កឱ្យមានបរិយាកាសការងារល្អ ពិសេសគឺមានភាពអត់ធ្មត់ ឧស្សាហ៍ព្យាយាម និងស្មោះត្រង់ចំពោះការងារ។

លោកបានបន្ថែមថា នេះក៏មិនខុសពីការលើកឡើងរបស់និយោជក និងតំណាងក្រុមហ៊ុននៅជប៉ុន ដែលបានទទួលកម្មសិក្សាការីកម្ពុជាធ្វើការក្នុងសហគ្រាសរបស់ខ្លួនដែរ គឺពួកគេពិតជាមានការពេញចិត្តយ៉ាងខ្លាំង ចំពោះអត្តចរិតការងាររបស់កម្មសិក្សាការីកម្ពុជា។

លោករដ្ឋមន្ត្រី អ៉ិត សំហេង បានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះការប្ដេជ្ញា និងការជំរុញឱ្យមានកិច្ចប្រតិបត្តិការនេះ ខណៈកម្ពុជាក៏មានការពេញចិត្តផងដែរ ចំពោះលក្ខខណ្ឌការងាររបស់និយោជកជប៉ុន ដែលកំពុងបើកក្រុមហ៊ុន រោងចក្រ សហគ្រាសនៅកម្ពុជា ក៏ដូចជាលក្ខខណ្ឌការងារនៅប្រទេសជប៉ុន ដែលបានកែសម្រួលឱ្យកាន់តែងាយស្រួលជាងមុន។

លោកបានលើកឡើងថា នាពេលបច្ចុប្បន្ន កម្មសិក្សាការីកម្ពុជាដែលកំពុងបម្រើការងារនៅប្រទេសជប៉ុនមានចំនួនប្រមាណ ១ម៉ឺន២ពាន់នាក់។ គិតត្រឹមខែកញ្ញា ឆ្នាំ២០១៩នេះ កម្ពុជាបានបញ្ជូនពលករជំនាញលើកដំបូងទៅបម្រើការនៅជប៉ុនចំនួន ១១នាក់ ក្រោយចុះអនុស្សារណៈនៃការយោគយល់គ្នារវាងកម្ពុជា-ជប៉ុន លើការបញ្ជូននិងទទួលពលករជំនាញ។

មិនតែប៉ុណ្ណោះ ឯកអគ្គរាជទូតជប៉ុនបានសន្យាថា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយរាជរដ្ឋាភិបាលកម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត មិនថានៅប្រទេសជប៉ុន ឬនៅប្រទេសកម្ពុជានោះឡើយ។

លើសពីនេះទៅទៀត លោកឯកអគ្គរាជទូតជប៉ុនក៏បានមើលឃើញអំពីសារសំខាន់ នៃការប្រកួតប្រជែងលើវិស័យឧស្សាហកម្មរបស់កម្ពុជាផងដែរ ដោយលោកបានប្ដេជ្ញាថានឹងជួយពង្រឹង និងពង្រីកឧត្តមភាពប្រកួតប្រជែងលើវិស័យឧស្សាហកម្មរបស់កម្ពុជាឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត៕