(ភ្នំពេញ)៖ គណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ដោយមានការចូលរួមពីសំណាក់លោក ឃុន ហាំង និងលោកស្រី, លោក ម៉ប់ សារិន និងលោកស្រី, លោក ក្រូច ផាន និងលោកស្រី, លោក ជាម ហ៊ីម និងលោកស្រី, ឧបាសក ហែម សារឿន និងភរិយា, ព្រមទាំងមន្រ្តីរាជការជុំវិញសាលាខណ្ឌ, សង្កាត់ទាំង១៣ និងសប្បុរសជនក្នុងមូលដ្ឋាន ជាច្រើនទៀត នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ បានមូលមតិគ្នាប្រារព្ធពីធីបុណ្យកឋិនទាន រស្មីមហាសាមគ្គី នាបរិវេណសាលាខណ្ឌពោធិ៍សែនជ័យ ប្រមូលបច្ច័យ វេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាសចំនួន១៣វត្ត ទូទាំងខណ្ឌពោធិ៍សែនជ័យ ដើម្បីរួមចំណែកកសាងសមិទ្ធផលនានា ក្នុងទីអារាមទាំងអស់ ឲ្យមានភាពរីកចំរើន។ 

សំរាប់ថ្ងៃដំបូង នៃកម្មវិធីបុណ្យកឋិនទានរស្មីមហាសាមគ្គីនេះ បានដង្ហែរទៅប្រគេនព្រះសង្ឃចំនួន១៣វត្ត ក្នុងនោះមាន៖ វត្តជម្ពូវ័ន្ត វត្តកំពែង វត្តអង្គតាម៉ិញ វត្តត្រពាំងឈូក វត្តតិក្ខបញ្ញោ វត្តទួលសុភាឃួន វត្តព្រៃស្ពឺ វត្តពោធិ៍ចិនតុង វត្តពូនភ្នំ វត្តអារុណវត្តី វត្តតាំងកសាងត្បូង វត្តតាំងកសាងខាងជើង ដែលវត្តនីមួយៗក្រៅពីត្រៃយ៍ចីវរ សំពត់សាដក់ និងគ្រឿងបរិក្ខាផ្សេងៗ ក៏ទទួលបានបច្ច័យសំរាប់សង្កត់ត្រៃយ៍ ចំនួនជិត២០០លានរៀលផងដែរ។

អង្គកឋិនទាន ជាទានមួយដែលមានកាលកំណត់ច្បាស់លាស់ ក្នុងចន្លោះ២៩ថ្ងៃ គិតចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក ដែលក្នុង១ឆ្នាំ វត្ត១ធ្វើបានតែម្តងគត់ តែមិនកំណត់ថាមួយ ឬពីរកឋិននោះឡើយ ទោះប៉ុន្មានក៏អាចទទួលបានដែរ ឲ្យតែចូលក្នុងថ្ងៃតែមួយ។

ហេតុដែលនាំឲ្យប្រជាពុទ្ធបរិស័ទ សំរេចបរិច្ចាគទ្រព្យធន ធ្វើបុណ្យកឋិន ដោយសារយល់ច្បាស់ពីហេតុផលចំនួន៤៖

* ទី១៖ បុណ្យកឋិនទាន ជាទានដែលមានផល្លានិសង្ឃខ្ពស់ ទទួលបានទាំងអ្នកធ្វើ និងភិក្ខុសង្ឃដែលជាអ្នកក្រាលគ្រង
* ទី២៖ ជាការលើកទឹកចិត្តចំពោះព្រះសង្ឃ ដែលបានចំណាយពេល ៣ខែ ក្នុងការសិក្សារៀនសូត្រ ក្បួនច្បាប់ធម៌វិន័យ និងប្រតិបត្តិបានត្រឹមត្រូវតាមគន្លងពុទ្ធបញ្ញាតិ
* ទី៣៖ ដោយហេតុ មានការជឿជាក់លើការកសាងសមិទ្ធផលនានា ក្នុងទីអារាម មានការីកចំរើនជាបន្តបន្ទាប់
* ទី៤៖ ដោយហេតុថា អាយុសង្ខាមិនទៀង មានតែការសន្សំបុណ្យកុសលទុកពីជាតិនេះទេ ដែលអាចជួយរំដោះទុក្ខទោស ចម្លងទៅជាតិក្រោយបាន៕