(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ញើសារលិខិតជូនពរ ចំពោះយោធិនទាំងអស់ នៃកងពលតូចលេខ៧០ ក្នុងឱកាសខួបលើកទី២៥ នៃកំណើតកងពលតូចលេខ៧០ (១៥ តុលា ១៩៩៤-១៥ តុលា ២០១៩)។

តាមរយៈសារលិខិត ដែលបានបង្ហាញនៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន បានសម្តែងនូវការកោតសរសើរ និងការលើកទឹកចិត្ត ដោយស្មោះចំពោះយោធិនទាំងអស់ ដែលជានិច្ចកាលតែងតែបានខិតខំព្យាយាមជម្នះឧបសគ្គ ប្រកៀកស្មាគ្នាយ៉ាងរឹងមាំ សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងសហការបានល្អ ជាមួយបណ្តាកងឯកភាព ទូទាំងកងយោធពលខេមរភូមិន្ទ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ក្នុងបុព្វហេតុការពារសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដី និងរួមចំណែកដល់ដំណើរការអភិវឌ្ឍជាតិក្នុងពេលកន្លងមក ដែលជាពលិកម្មដ៏ធំធេង ដើម្បីជាតិមាតុភូមិ និងភាពសុខសាន្តរបស់ប្រជាជន ក្នុងខណៈពេលដែលប្រទេសមួយចំនួននៅក្នុងសកលលោកកំពុងប្រឈម និងរងគ្រោះដោយសារសង្គ្រាម អំពើរភេរវកម្ម និងព្រឹត្តិការណ៍អសន្តិសុខផ្សេងៗទៀត។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា គ្រប់ស្នាដៃ និងសមិទ្ធផលជាច្រើនដែលកងពលតូចលេខ៧០ សម្រេចបាននាពេលកន្លងមកនេះ គឺពិតជាមិន
អាចធ្វើបាននោះទេ បើសិនមិនមានការចូលរួមចំណែកពីយោធិនគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញភារកិច្ច ប្រកបដោយភាពអង់អាចក្លាហាន មោះមុត វិន័យម៉ឺងម៉ាត់ និងការប្តេជ្ញាទទួលខុសត្រូវនៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាព។

ជាមួយនឹងការអបអរសាទរខួបលើកទី២៥ នៃថ្ងៃកំណើតកងពលតូចលេខ៧០ នាពេលនេះ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនសម្ដេចផ្ទាល់ សម្ដេចបានសម្តែងនូវមោទនភាព និងមនោសញ្ចេតនារីករាយថ្លែងនូវសារលិខិតជូន លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការ កងពលតូចលេខ៧០ ក៏ដូចជាជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្នុងន័យបង្ហាញអំពីឆន្ទៈគាំទ្រ និងជាការលើកទឹកចិត្តចំពោះការដឹកនាំបញ្ជាដ៏មោះមុត ការតស៊ូលះបង់ មានភក្តីភាព និងមនសិការខ្ពស់ ក្នុងបុព្វហេតុការពារថែរក្សាសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ភាពសុខដុមរមនា និងភាពរីកចម្រើនលើគ្រប់វិស័យ នៃប្រជាជាតិកម្ពុជាទាំងមូល៕

សូមអានខ្លឹមសារលម្អិត នៃសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមាននៅខាងក្រោមនេះ៖