(ភ្នំពេញ)៖ អ្វីដែលជាចម្ងល់របស់ក្រុមនិន្នាការប្រឆាំង តែងតែចោទសួរថា «តើប្រទេសកម្ពុជា មានបាត់ផ្ទៃដីរបស់ខ្លួនដែរ ឬទេ?» មិនមែនជារឿងថ្មីនោះទេ ពោលសំណួរតែងតែចោទសួរឡើងជាហូរហែរ ហើយក៏ធ្លាប់ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងកិច្ចប្រជុំរដ្ឋសភា អាណត្តិទី៤ បានពន្យល់យ៉ាងច្បាស់លើបញ្ហានេះ។

សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ប្រទេសកម្ពុជា មិនមានបាត់បង់ដីបន្ដិចណានោះទេ ពោលបើផ្អែកតាមតួលេខ ដែលគេតែងចាំរត់មាត់ ចំនួន១៨១,០៣៥គីឡូម៉ែត្រក្រឡា ហើយបានកត់ត្រាទុកក្នុងគេហទំព័ររបស់អង្គការសហប្រជាជាតិ បើធៀបជាមួយតួលេខជាក់ស្ដែង គឺមានចំនួនលើស អ្វីដែលបានកត់ត្រាទុកកន្លងមកទៀត។

សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានឲ្យដឹងថា បើអ្វីដែលពិនិត្យ និងវាស់ជាក់ស្ដែង តិចបំផុតក៏លើសប្រមាណ៣០០គីឡូម៉ែត្រក្រឡាដែរ។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រីវៀតណាម កាលពីសប្តាហ៍កន្លងទៅនេះ ទើបនឹងចុះហត្ថលេខា ទទួលស្គាល់លើការងារកំណត់ព្រំសីមា និងការបោះបង្គោលព្រំដែនជាមួយគ្នា ដែលសម្រេចបាន ៨៤ភាគរយ លើព្រំដែនគោកប្រវែង ១,២៧០គីឡូម៉ែត្រ៕