(ព្រះសីហនុ)៖ ពិធីអបអរសាទរការបង្កើតសភាពាណិជ្ជកម្មចិននៅកម្ពុជាប្រចាំខេត្តព្រះសីហនុ កាលល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ បានធ្វើឡើងយ៉ាងឧឡារិកនៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ដោយមានអញ្ជើញចូលរួមពីលោក WANG WENTIEN ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា, លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, លោក ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ, លោក WU GUOQUAN ទីប្រឹក្សាផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃស្ថានទូតចិនប្រចាំនៅកម្ពុជា, លោកពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក ជា វុទ្ធី អគ្គលេខាធិការ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, លោក JING JUN ប្រធានសភាពាណិជ្ជកម្មចិននៅកម្ពុជា និងលោក CHEN JIANGANG ប្រធានសភាពាណិជ្ជកម្មចិននៅកម្ពុជាប្រចាំខេត្តព្រះសីហនុ ព្រមទាំងសហគ្រាសចិននៅកម្ពុជាជិត ១០០នាក់ផងដែរ។

លោក CHEN JIANGANG បានថ្លែងថា ក្រោមការដឹកនាំរបស់ស្ថានទូតចិនប្រចាំនៅកម្ពជា និងការិយាល័យប្រឹក្សាផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃស្ថានទូតចិនប្រចាំនៅកម្ពជា បានផ្តល់ការដឹកនាំ សាមគ្គីឲ្យកាន់តែល្អដល់សហការគ្រាសចិន ដែលវិនិយោគនៅខេត្តព្រះសីហនុហើយ ក្រុមហ៊ុន សីហនុវីល ស្ពេសល អីខននើមីហ្សូន បានចូលកាន់តំណែងជាប្រធាននៃក្រុមប្រឹក្សាភិបាល។

លោកបានថ្លែងប្រាប់ទៀតថា ការបង្កើតសភាពាណិជ្ជកម្មចិននៅកម្ពុជាប្រចាំខេត្តព្រះសីហនុ ទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលប្រទេសទាំងពីរផងដែរ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងថា ក្រោមការដឹកនាំដ៏ឈ្លាស់វៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើឲ្យមានបរិយាកាសវិនិយោគល្អប្រសើរ និង សន្តិភាពស្ថិរភាព ហើយសេដ្ឋកិច្ចក៏មានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សផងដែរ។ ជាពិសេសខេត្តព្រះសីហនុ គឺជាបង្អួចមួយនៃការបើកចំហរទៅកាន់ពិភពលោក និងជាក្បាលម៉ាស៊ីន ដ៏សំខាន់ នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ហើយក៏បានទាក់ទាញសហគ្រាសចិនមករកស៊ីផងដែរ។

លោកថា «ក្នុងបរិបទនេះសភាពាណិជ្ជកម្មចិននៅកម្ពុជាប្រចាំខេត្តព្រះសីហនុ ត្រូវបានបង្កើតឡើងដើម្បីពង្រឹងការផ្លាស់ប្តូរ និងសាមគ្គីភាពរបស់ក្រុមហ៊ុនចិននៅខេត្តព្រះសីហនុ ហើយជំរុញការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសមិត្តភាពរវាងប្រទេសទាំងពីរចិន-កម្ពុជា»

អភិបាលខេត្តព្រះសីហនុ បានថ្លែងទៀតថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា អស់រយៈពេលជាង ១០ឆ្នាំមកហើយ បច្ចុប្បន្ននេះនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានសហគ្រាសឧស្សាហកម្ម និងសេវាកម្មចំនួន ១៦៥ ដែលមកពីប្រទេសចិន អ៊ឺរ៉ុប អាមេរិក និងតំបន់អាស៊ីអាគ្នេយ៍ជាដើម អាចស្រូបយកកម្លាំងពលកម្មជិត ៣០០០០នាក់ បានក្លាយជា «ក្បាលម៉ាស៊ីន»

ក្នុងពិធីនេះដែរ លោកបណ្ឌិត អ៊ិត សំហេង និងលោក WANG WENTIEN ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអញ្ជើញសម្ភោធ បើកផ្លាកសហគមន៍ជាមួយគ្នា រួចហើយអញ្ជើញលោក WU GUOQUAN និងមន្ត្រីសំខាន់ៗ បានប្រគល់ផ្លាកសមាគមជូនអង្គភាពទទួលបន្ទុកជាប្រធាន នៃក្រុមប្រឹក្សាភិបាល គឺក្រុមហ៊ុនសេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងអង្គភាពទទួលបន្ទុកជាអនុប្រធាន នៃក្រុមប្រឹក្សាភិបាលទាំង ៩ផងដែរ៕