(ភ្នំពេញ)៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានវាយតម្លៃអំពីស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជាថា នៅតែរក្សាបាននូវកំណើនដ៏រឹងមាំ ក្នុងរង្វង់អត្រា៧% ក្នុងឆ្នាំ២០១៩នេះ បើទោះបីជាកំណើនសេដ្ឋកិច្ច សកលមានការថមថយក្តី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែតុលានេះ។

ការវាយតម្លៃរបស់ IMF យ៉ាងដូច្នេះធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ វាយតម្លៃបឋមលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា របស់ក្រុមការងារបេសកកម្ម Article IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩។

ក្រសួងសេដ្ឋកិច្ចបានឲ្យដឹងថា «តាមការវាយតម្លៃរបស់ IMF, ទោះបីជាកំណើនសេដ្ឋកិច្ចសកលមានការថមថយក្តី, សេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០១៩ នៅតែសម្រេចបាននូវកំណើនរឹងមាំក្នុងរង្វង់អត្រា៧ភាគរយ ដែលត្រូវបានគាំទ្រដោយការបន្តកំណើនខ្ពស់នៃការនាំចេញ និងវិស័យសំណង់ ខណៈដែលអតិផរណាត្រូវបានរក្សាឱ្យស្ថិតក្នុងកម្រិតទាបប្រមាណ២.៥ ភាគរយ ។ ទន្ទឹមនេះ, ស្ថានភាពហិរញ្ញវត្ថុសាធារណៈ នៅបន្តស្ថិតក្នុងភាពល្អប្រសើរ ស្របពេលដែលបំណុលសាធារណៈ ស្ថិតក្នុងកម្រិតហានិភ័យទាប ដែលអាចគ្រប់គ្រងបាន»។

ជាមួយគ្នានេះ, ក្រុមការងារបេសកកម្ម Article IV នៃ IMF ក៏បានជម្រាបជូនអង្គប្រជុំអំពីនិន្នាការថមថយ នៃកំណើនសេដ្ឋកិច្ចសកល និងតំបន់ ក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ ដោយសារការកើនឡើងភាពតានតឹងនៃសង្រ្គាមពាណិជ្ជកម្ម និងការកើនឡើងគោលនយោបាយគាំពារនិយម (Protectionism) ។ ប៉ុន្តែ, ក្រុមការងារ IMF ក៏បានគូសរំលេចផងដែរថាសង្រ្គាមពាណិជ្ជកម្ម បានផ្តល់ផលវិជ្ជមានមួយចំនួនដល់សេដ្ឋកិច្ចកម្ពុជា ដែលបានឆ្លុះបញ្ជាំងតាមរយៈការកើនឡើង នៃការនាំចេញ ជាពិសេស ទៅសហរដ្ឋអាមេរិក និងលំហូរទុនវិនិយោគពីបរទេស ។ ក្នុងឆ្នាំ២០២០, សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថានឹងថមថយបន្តិច ដោយសារការថយចុះកំណើន នៃសេដ្ឋកិច្ចសកល ។

បន្ថែមលើនេះ, ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច រួមជាមួយកំណើនសេដ្ឋកិច្ចខ្ពស់ និងការបន្តធ្វើកំណែទម្រង់រចនាសម្ព័ន្ធរបស់កម្ពុជា បានចូលរួមចំណែកយ៉ាងសំខាន់ ដល់វឌ្ឍនភាពឆ្ពោះទៅកាន់គោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព (SDGs) ។ ទោះជាយ៉ាងនេះក្តី, សេដ្ឋកិច្ចកម្ពុជា ក៏កំពុងប្រឈមនឹងហានិភ័យខ្ពស់ជាងមុន ដែលបណ្តាលមកពីការកើនឡើងភាពតានតឹង នៃសង្រ្គាមពាណិជ្ជកម្ម និងលទ្ធភាពនៃការដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) ដែលអាចជះឥទ្ធិពលអវិជ្ជមាន ដល់សេដ្ឋកិច្ចកម្ពុជា ។

យ៉ាងណាមិញ, IMF បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កំពុងស្ថិតនៅលើមាគ៌ាត្រឹមត្រូវ ក្នុងការធ្វើកំណែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ខ្លួន រួមទាំង ការគ្រប់គ្រងប្រមូលចំណូល ជាពិសេស កិច្ចខិតខំប្រឹងប្រែងផ្នែករដ្ឋបាលសារពើពន្ធ និងការកែទម្រង់ផ្អែកតាមយុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣ សំដៅដោះស្រាយបញ្ហាប្រឈម និងបញ្ចៀសរាល់ហានិភ័យ ដែលអាចកើតឡើងជាយថាហេតុ តាមរយៈការដាក់ចេញនូវកញ្ចប់ថវិកាចំណាយបន្ថែមក្នុងឆ្នាំ ២០២០ ដើម្បីគាំទ្រដល់ការបង្កើតការងារ, ការអភិវឌ្ឍធនធានមនុស្ស និងបង្កើនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ។

ទន្ទឹមនេះ, វិធានការទាំងនេះ ក៏បានផ្តោតលើការលើកកម្ពស់ការប្រកួតប្រជែង និងជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជាផងដែរ ។ ស្របពេលជាមួយគ្នានេះដែរ, IMF ក៏បានលើកទឹកចិត្ត និងជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជាពន្លឿ នការអនុវត្តវិធានការកំណែទម្រង់ទាំងនេះ សំដៅសម្រេចបានសមិទ្ធផលប្រកប ដោយប្រសិទ្ធភាព និងទាន់ពេលវេលា។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារបេសកកម្ម Article IV នៃ IMF ក្នុងការវាយតម្លៃសេដ្ឋកិច្ចកម្ពុជា ព្រមទាំងដាក់ចេញនូវអនុសាសន៏គោលនយោបាយ និងការបន្តផ្តល់ជំនួយបច្ចេកទេស ក្នុងការកសាងសមត្ថភាពមន្រ្តីកម្ពុជា ឱ្យកាន់តែមានជំនាញ និងចំណេះដឹងប្រសើរជាងមុន ជាពិសេស ការផ្តល់ជំនួយបច្ចេកទេសលើការចងក្រង ស្ថិតិជារួមរបស់រាជរដ្ឋាភិបាល ដែលមានសារៈសំខាន់សម្រាប់ការវិភាគ, វាយតម្លៃ និងរៀបចំគោលនយោបាយប្រកបដោយប្រសិទ្ធភាព៕