(ព្រៃវែង)៖ ជាសារនយោបាយថ្មីពីខេត្តព្រៃវែង នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា ជម្រើសដែលល្អ សម្រាប់ក្រុមអតីតសកម្មជនអតីតគណបក្សប្រឆាំង នាពេលនេះ មានតែចេញមកប្រកាសអំពីការមិនចូលរួមក្នុងផែនការរដ្ឋប្រហារខុសច្បាប់ ដែលរៀបចំដោយទណ្ឌិត សម រង្ស៉ី តែប៉ុណ្ណោះ។

សម្តេចក្រឡាហោម ស ខេង បានថ្លែងក្នុងកម្មវិធី «វោហារឆ្នើម» ការប្រកួតប្រជែងនិយាយភាសាអង់គ្លេសជាសាធារណៈ (វគ្គផ្ដាច់ព្រ័ត្រ) នៅឯងខេត្តព្រៃវែង យ៉ាងដូច្នេះថា៖ «ជម្រើសដែលល្អ គឺមានតែពួកគាត់បដិសេធមិនចូលរួម (ផែនការរដ្ឋប្រហារ) ព្រោះនៅក្នុងហ្នឹង មានគ្នាគាត់បានបដិសេធជាច្រើននាក់រួចមកហើយ»

រយៈពេលប៉ុន្មានថ្ងៃមកនេះ បន្ទាប់ពីមានការចោទប្រកាន់ និងចាប់ខ្លួនជនដែលពាក់ព័ន្ធនឹងផែនការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ជាបន្តបន្ទាប់ មានសកម្មជន នៃអតីតបក្សប្រឆាំងមួយចំនួន បានចូលសារភាព និងមានខ្លះទៀត បានចេញមកប្រកាសអំពីការមិនចូលរួមជាមួយផែនការរដ្ឋប្រហារខុសច្បាប់ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល ដែលរៀបចំឡើងដោយលោក សម រង្ស៉ី។

លោក គង់ បូរ៉ា អតីតតំណាងរាស្រ្តរបស់អតីតគណបក្សសង្រ្គោះជាតិ និងលោក ដន វាន់ឌី ជាថ្នាក់ដឹកនាំមួយរូបរបស់អតីតគណបក្សប្រឆាំងប្រឆាំងខេត្តព្រៃវែង បានដកខ្លួនចេញកុំឱ្យមានការពាក់ព័ន្ធនឹងក្រុមឧទ្ទាម ហើយទៅចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

សម្តេចក្រឡាហោម ស ខេង បានពន្យល់ទៀតថា៖ «សម រង្ស៉ី មកនេះមិនមែនមកល្អទេ គឺនាំសង្រ្គាមមក ដែលឥឡូវយើងកំពុងនឹងអបអរបុណ្យអុំទូក បុណ្យឯករាជ្យ គាត់មកបំបែកបំបាក់ បង្កបញ្ហាមិនឱ្យប្រជាជនសប្បាយទៅវិញ តើមានន័យថាយ៉ាងម៉េច? អាហ្នឹងយើងមិនចេះតែនិយាយអត់ហេតុអត់ផលទេ»

ទណ្ឌិត សម រង្ស៉ី បានប្រកាសវិលចូលប្រទេសកម្ពុជាវិញ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងគោលបំណងធ្វើរដ្ឋប្រហារខុសច្បាប់ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយកណបក្សប្រជាជនកម្ពុជា និងរបបដឹកនាំជាតិ។

ក្នុងពេលប្រកាសវិលចូលប្រទេសនេះ ទណ្ឌិតរូបនេះ បានអំពាវនាវឱ្យកងទ័ពផ្តាច់ខ្លួនពីរាជរដ្ឋាភិបាលទៅចុះចូលជាមួយខ្លួន ដោយប្រកាសថា នឹងផ្តល់ថវិកាលើកទឹកចិត្ត ដល់ពួកគេនៅពេលសម្រេចផែនការ មិនតែប៉ុណ្ណោះ មេដឹកនាំក្រុមឧទ្ទាមថែមទាំងអំពាវនាវប្រឆាំងរដ្ឋធម្មនុញ្ញដោយ បង្គាប់ឱ្យព្រះមហាក្សត្រដាក់រាជ្យ ដើម្បីរំលាយរបបរាជានិយមថែមទៀតផង។

រាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នច្បាប់ធំៗ បានចាត់ទុកថា ទង្វើរបស់លោក សម រង្ស៉ី នាពេលនេះគឺជាបទល្មើសធ្ងន់ធ្ងរដែលបង្កអសន្តិសុខដល់ជាតិ ហើយបានឆ្លងផុតបន្ទាត់ក្រហម ដែលមិនអាចលើកលែងឱ្យបាន។

រាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នតុលាការ កងកម្លាំងសមត្ថកិច្ច និងកងទ័ពគ្រប់លំដាប់ថ្នាក់ បានត្រៀមខ្លួនរួចជាស្រេច ហើយបានចាប់ផ្តើមអនុវត្តនីតិវិធីរបស់ខ្លួនជាបន្តបន្ទាប់តាមតួនាទី ដើម្បីបំបែកផែនការក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៉ី និង បក្ខពួក មិនឱ្យសម្រេចនោះឡើយ៕