(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០២នាក់ ទៅតុលាការ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (លួចគាស់ផ្ទះយកម៉ូតូ)។

ជនសង្ស័យ ឈ្មោះ យ៉េន ម៉ាឡែន ហៅប្រុស អាយុ ៣១ឆ្នាំ និង ឈ្មោះ ជា សុវណ្ណ ហៅជ្រុយ ហៅឡេវ អាយុ ៤៩ឆ្នាំ បានធ្វើសកម្មភាព លួចគាស់ផ្ទះមួយកន្លែង នៅចំណុចផ្ទះជួល១B ផ្លូវលេខ៣ ក្រុម៣ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង០៦:៣០នាទីព្រឹក ដោយយកម៉ូតូបាន ០២គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៍ខ្មៅ ស៊េរីឆ្នាំ២០១៩ ស្លាកលេខ កណ្តាល 1AE-3911និងម៉ាក Zoomer X ពណ៍ត្រួយចេក ស្លាកលេខ ភ្នំពេញ 1GM-4425។

បន្ទាប់ពីជនរងគ្រោះបានដឹងថាម៉ូតូរបស់ខ្លួនត្រូវចោរលួចគាស់ទ្វាផ្ទះយកបាត់ ក៏បានទៅដាក់ពាក្យបណ្តឹងនៅមូលដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌឬស្សីកែវដើម្បីជួយស្រាវជ្រាវ។ ក្រោយពេលទទួលពាក្យបណ្តឹងភ្លាម អាវុធហត្ថខណ្ឌឬស្សីកែវ បានធ្វើការស្រាវជា្រវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ០២នាក់ នៅវេលាម៉ោង១៥:៣០នាទី ក្នុងថ្ងៃដដែល។

ក្រោមវិធានការជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យទាំង ០២នាក់នេះ បានសារភាពឲ្យដឹងថា ពួកគេពិតជា បានធ្វើសកម្មភាពលួចគាស់ផ្ទះចូលលួចម៉ូតូរបស់ប្រជាពលរដ្ឋ ពិតប្រាកដមែន ហើយក្នុងពេលធ្វើសកម្មភាពរូបគេទាំង ០២នាក់ បានកាន់ដែកទីប០១ដើមប្រវែង៥តឹក ដើរកាត់តាមផ្ទះជួលនៅចំណុចខាងលើ បន្ទាប់មកពួកគេបានឃើញ ផ្ទះជួល មួយល្វែង ហើយបានអើតទៅខាងក្នុងឃើញមានម៉ូតូ ០៣ទៅ០៤គ្រឿង ភ្លាមនោះ ពួកគេបានយកដែកទីបដែលកាន់ជាប់ដៃ គាស់ទ្វារផ្ទះចូលទៅលួចយកតែម្តង។ រូបគេទាំង ០២នាក់ បានប្រាប់បន្ថែមថា កន្លងមក ពួកគេធ្លាប់ជាប់ពន្ធនាគារព្រៃសរយៈពេល ០១ឆ្នាំរួចម្តងហើយ ពីបទលួច៕