(ភ្នំពេញ)៖ សកម្មជនដ៏សកម្មម្នាក់ទៀត នៃអតីតគណបក្សសង្គ្រោះជាតិ នៅខេត្តកំពត ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន ពាក់ព័ន្ធការរួមគំនិតក្បត់ជាតិ តាមផែនការរបស់ទណ្ឌិត សម រង្ស៉ី ដែលការឃាត់ខ្លួននេះ ធ្វើឡើងនៅវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩នេះ ស្ថិតនៅវត្តលង្ការ ក្នុងរាជធានីភ្នំពេញ។

ស្ដ្រីឈ្មោះ ប៉ែន មុំ ហៅស្រីមុំ ដែលគណនី Facebook ឈ្មោះ សំបូ មុំ អាយុ៣៩ឆ្នាំ រស់នៅភូមិទឹកក្រហម ឃុំកណ្ដោល ស្រុកឈូក ខេត្តកំពត ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន យោងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩។

មន្ដ្រីនគរបាលជាន់ខ្ពស់ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ក្រោយការចាប់ខ្លួនស្ដ្រីរូបនេះ ត្រូវបញ្ជូនទៅកាន់ក្រសួងមហាផ្ទៃ មុនបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីសួរនាំ និងចាត់វិធានការតាមផ្លូវច្បាប់។

យោងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់តំណាងអយ្យការ បានបញ្ជាក់ថា ស្ដ្រីរូបនេះបានរួមគំនិតក្បត់ជាតិ ជាមួយផែនការរបស់ សម រង្ស៉ី ដោយរូបនាងបានប្រើគណនី Facebook សរសេរស្ទើររាល់ថ្ងៃប្រឆាំងគោលនយោបាយស្របច្បាប់ ហើយគៀងគរឲ្យមហាជនចូលរួមក្នុងផែនការផ្ដួលរំលំរាជរដ្ឋាភិបាល ក្រោមឧបាយកលផែនការ នៃការវិលត្រឡប់មកប្រទេសកម្ពុជាវិញ របស់ទណ្ឌិត សម រង្ស៉ី នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ៕