(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានណែនាំឲ្យអាជ្ញាធរមូលដ្ឋាន ធ្វើការពិនិត្យប្រសិទ្ធភាព ដើម្បីផ្ដល់ស្រូវពូជជូនប្រជាពលរដ្ឋ ធ្វើការដាំដុះឲ្យបានទាន់ពេលវេលា ក្នុងរដូវទឹកសម្រកនេះ។

លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ នៅក្នុងពិធីចែកស្រូវពូជដល់ប្រជាពលរដ្ឋចំនួន ១០១គ្រួសារ នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ នៅក្នុងឃុំពីរ ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម។

អភិបាលខេត្ត បានថ្លែងថា បន្ទាប់ពីប្រជាពលរដ្ឋយើងបានរងគ្រោះដោយទឹកជំនន់ មកដល់ពេលបច្ចុប្បន្នគឺទឹកកំពុងស្រក ដែលប្រការនេះខាងអាជ្ញាធរខេត្ត ក៏ដូចជា គណៈកម្មការគ្រប់គ្រង គ្រោះមហន្តរាយ បានពន្លឿនការគិតគូរផ្ដល់ស្រូវពូជ ដល់ប្រជាពលរដ្ឋយើង ដើម្បីយកទៅដាំដុះឲ្យបានទាន់ពេលវេលាក្នុងខណៈទឹកកំពុងតែស្រកចុះនេះ។ ហើយពូជស្រូវដែលត្រូវចែកជូនបងប្អូន ប្រជាពលរដ្ឋនាពេលនេះ គឺពូជស្រូវសែនក្រអូបដាំដុះគឺប្រើពេល ១១៥ថ្ងៃ និងទទួលបានផលហើយ ជាប្រភេទស្រូវប្រដេញទឹក និងប្រភេទស្រូវប្រាំង។

លោកអភិបាលខេត្ត បានបន្តថា ដោយមើលឃើញទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ ដោយគ្រោះទឹកជំនន់ បំផ្លិចបំផ្លាញផលដំណាំស្រូវអស់ជាច្រើនហិកតា ទើបថ្នាក់ ដឹកនាំអាជ្ញាធរខេត្ត បានធ្វើការតាមឋានានុក្រមរហូតបានសម្រេចភ្លាមៗ ផ្តល់ជាពូជស្រូវនេះ សម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋយើង យកទៅធ្វើការដាំដុះស្ដារការខូចខាតឲ្យបានទាន់ពេលវេលា។

លោកអភិបាលខេត្ត ក៏បានប្រាប់ប្រជាពលរដ្ឋឲ្យត្រៀម ចូលរួមពិធីពិសារអំបុកខ្មែរ ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ នៅថ្ងៃទី០៩ ខែវិច្ឆិកា ខាងមុខនេះ នៅតាមវត្តអារាមនានា ក៏ដូចជានៅតាមផ្ទះឲ្យបានសប្បាយរីករាយ។

លោកក៏បានអំពាវនាវ កុំឲ្យជឿតាមការញុះញង់អូសទាញ បំផុសបំផុលណាមួយ ឲ្យបងប្អូនទៅចូលរួមបង្ករភាពចលាចល បំផ្លិចបំផ្លាញ សុខសន្តិភាព ដែលយើងកំពុងតែមានស្រាប់ និងសូមងាកមកចូលរួមការពារសុខសន្តិភាពឲ្យបានគង់វង្ស ព្រោះមានសុខសន្តិភាព ទើបមានការអភិវឌ្ឍន៍រីកចម្រើន ដល់សង្គមជាតិយើងទាំងអស់គ្នា៕

Advertising