(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែតុលា ឆ្នាំ២០១៩នេះ បានអញ្ជើញទៅលេងកីឡាវាយកូនគោល ដែលជាកីឡាដ៏ពេញនិយមបំផុតរបស់សម្តេច។

សប្តាហ៍នេះ ជាសប្តាហ៍ទី២ហើយ ដែលសម្តេចតេជោ ហ៊ុន សែន វិលចូលទីលានវាយកូនគោលវិញ បន្ទាប់ពីសម្រាកមួយរយៈធំ ដោយសារគ្រេចស្មាស្តាំ ហើយនៅថ្ងៃនេះ សម្តេចបានបញ្ជាក់ថា ស្ថានភាពនៅការលេងកីឡាវាយកូនគោលរបស់សម្តេចវិញត្រឡប់មកដូចធម្មតាវិញហើយ ដោយកម្លាំងវាយ និងចម្ងាយមិនថមថយឡើយ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានជូនដំណឹងដល់បងប្អូនជនរួមជាតិខ្មែរផងដែរថា នៅថ្ងៃអាទិត្យ ទី១៣ ខែតុលាស្អែកនេះ សម្តេចនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ច នៅប្រទេសចំនួន៣ក្នុងតំបន់អឺរ៉ុប ដើម្បីចូលរួមក្នុងកិច្ចប្រជុំដ៏សំខាន់មួយចំនួន។

តាមរយៈ Facebook សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «សប្តាហ៍ទី២ នៃការវាយកូនគោលឡើងវិញ បន្ទាប់ពីគ្រេចស្មាស្តាំឃើញថា អ្វីៗគ្រប់យ៉ាងបានវិលត្រឡប់មកដូចដើមវិញហើយ។ កម្លាំងវាយ ចម្ងាយមិនថមថយឡើយហើយខ្ញុំអាចដើរលើវាលស្មៅបានច្រើនទៀតផង។

អ្វីដែលចម្លែក គឺធាតុអាកាសពេលដែលយើងមិនមកវាយមិនមានភ្លៀងទេ តែពេលដែលយើងមកវាយមានភ្លៀងរលឹមតិចៗ តែក៏ល្អសម្រាប់វិស័យកសិកម្ម របស់ប្រជាកសិករយើងដែរ។

ថ្ងៃស្អែកខ្ញុំសូមលាបងប្អូនជនរួមជាតិ ដើម្បីដឹកនាំគណៈប្រតិភូទៅទស្សនកិច្ចនៅប្រទេសឆែកចូលរួមប្រជុំអំពីទឹក នៅប្រទេសហុងគ្រី និងចុងក្រោយទស្សនកិច្ចនៅប្រទេសប៊ុលហ្រ្គារី។ ខ្ញុំនឹងវិលត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩»