(ភ្នំពេញ)៖ លោក គឹម សន្ដិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩នេះថា ដីកាខ្លួនឈ្មោះ ម៉ន ផល្លា ដែលជាមេខ្លោងដាក់ផែនការអនុវត្តបន្ត ដើម្បីធ្វើរដ្ឋប្រហារ ធ្វើឡើងក្រោយពីមានការសារភាពរបស់ជនត្រូវចោទ ក្នុងបទ «រួមគំនិតក្បត់» ចំពោះមុខចៅក្រមស៊ើបសួរ។

លោក គឹម សន្ដិភាព បានលើកឡើងយ៉ាងដូច្នេះថា «យើងឃើញថា តាមសម្តីសារភាពចំពោះមុខចៅក្រមស៊ើបសួររបស់ជនត្រូវចោទ ឈ្មោះ សេង សុខន អតីតចៅសង្កាត់រងផ្សារដេប៉ូទី២ នៃអតីតគណបក្សសង្គ្រោះជាតិ និងជនត្រូវចោទម្នាក់ទៀត ក្នុងសំណុំរឿងឧក្រិដ្ឋរួមគំនិតក្បត់ ដែលបានសារភាពនូវកំហុសខ្លួន និងបានលាតត្រដាងនូវផែនការឧក្រិដ្ឋក្នុងការធ្វើរដ្ឋប្រហារ ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ និងរបបរាជានិយម ដោយខ្លួនបានទទួលផែនការអនុវត្តពីឈ្មោះ ម៉ន ផល្លា អតីតប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ប្រចាំរាជធានីភ្នំពេញ បន្ទាប់ពីឈ្មោះនេះ បានឡើងទៅទទួលយកផែនការអនុវត្តធ្វើរដ្ឋប្រហារ ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ និងរបបរាជានិយមពីទណ្ឌិត សម រង្ស៊ី និងបក្សពួក នៅប្រទេសម៉ាឡេស៊ីនាពេលកន្លងទៅ»។

អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះ បានអះអាងទៀតថា ការចេញដីកាបង្គាប់ឲ្យចាប់ខ្លួនបុគ្គល ឈ្មោះ ម៉ន ផល្លា គឺជាការអនុវត្តតាមនីតិវិធីច្បាប់ របស់ចៅក្រមស៊ើបសួរ លើជនដែលពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋខាងលើនេះ។

សូមជម្រាបថា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួន លោក ម៉ន ផល្លា អតីតប្រធានប្រតិបត្តិ អតីតគណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញពីបទ «រួមគំនិតក្បត់» ក្នុងផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមគំនិតរបស់ឧក្រិដ្ឋជន សម រង្ស៉ី។

ការចេញដីកាបង្គាប់ឲ្យចាប់ខ្លួនបុគ្គលឈ្មោះ ម៉ន ផល្លា របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ដោយយោងតាមចម្លើយសារភាពរបស់ជនត្រូវចោទ ឈ្មោះ ទិត្យ សុផាត ភេទស្រី និងជនត្រូវចោទឈ្មោះ សេង សុខន ភេទស្រី។

នៅចំពោះមុខចៅក្រមស៊ើបសួរ ជនត្រូវចោទទាំងពីរខាងលើបានសារភាពថា ឈ្មោះ ម៉ន ផល្លា ភេទប្រុស អាយុ៤៤ ឆ្នាំ គឺជាមេក្លោងនៅពីក្រោយការឃោសនា ញុះញង់ និងបញ្ចុះបញ្ចូលឲ្យត្រូវចោទទាំងពីរនាក់ ដើរបំផុសបំផុលប្រជាពលរដ្ឋឲ្យងើបបះបោរ ប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ធ្ងន់ធ្ងរ ក្រោមឧបាយកលជា «ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្ស៉ី»៕