(កំពង់ធំ)៖ កិច្ចសន្យាផលិតកម្មកសិកម្ម កំពុងដើរតួយ៉ាងសំខាន់ ក្នុងការស្វែងរកទីផ្សារ បង្កើន គុណភាពផលិតផលរបស់កសិឧស្សាហកម្ម និងកំណត់រក្សានូវតម្លៃទីផ្សារទុកជាមុន ដែលនាំឲ្យការ ទិញលក់មានស្ថិរភាព និងផ្តល់ទំនុកចិត្តខ្ពស់សម្រាប់កសិករដែលជាអ្នកផលិត និងភាគ្គីក្រុមហ៊ុន ជាអ្នកទទួលទិញផងដែរ។

ក្នុងកម្មវិធីចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្មកសិកម្ម ក្នុងខេត្តកំពង់ធំ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ លោក គង់ ភាជ ប្រធាននាយកដ្ឋានកសិឧស្សាហកម្ម បានលើកឡើងថា ការចុះកិច្ចសន្យាផលិតកម្មកសិកម្ម គឺជាការធ្វើពាណិជ្ជកម្មស្មោះត្រង់មួយដែលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងកសិកម្ម បានដាក់ចេញ ក្នុងគោលបំណងបង្កើនទាំងបរិមាណ និងគុណភាព លើផលិតផលរបស់កសិករ ស្របទៅតាមទីផ្សារជាតិ និងអន្តរជាតិ។

លោកអះអាងថា កិច្ចសន្យានេះមានការព្រមព្រៀង រវាងភាគ្គីអ្នកផលិតដែលជាកសិករ ឬសហគមន៍ និងភាគីក្រុមហ៊ុន ដែលកំណត់រួចជាស្រេច ទាំងកម្រឹតគុណភាពរបស់ផលិតផល កសិកម្ម ព្រមទាំងតម្លៃទីផ្សារនៅថ្ងៃប្រមូលផល អាចនិយាយបានថា ជាការផ្តល់នូវទំនុកចិត្តរវាងគ្នា និងគ្នា។ លោកបន្ថែមថា ចំពោះការចុះកិច្ចសន្យារវាងក្រុមហ៊ុននាំអង្ករចេញ១៦៨៨ និងសហគមន៍ កសិកម្មកំពង់គោ គឺបានជជែកវែកញែករួចជាស្រេចមុននឹងឈានមកដល់ការចុះហត្ថលេខានេះ ដែលអាចផ្តល់នូវផល ចំណេញទាំងប្រជាពលរដ្ឋ និងក្រុមហ៊ុន។

លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានលើកឡើងដែរថា ក្នុងខេត្តកំពង់ធំ មានសហគមន៍កសិកម្មចំនួន៦៣ និងបានចុះកិច្ចសន្យា ផលិតកម្មកសិកម្មចំនួន ១៥ សហគមន៍ លើក្រុមហ៊ុនចំនួនពីរ គឺក្រុមហ៊ុននាំអង្ករចេញ១៦៨៨ តាំងពីឆ្នាំ២០១៧ មានរយៈពេលជិតបួនឆ្នាំមកហើយ និងក្រុមហ៊ុន អេមរ៉ុរាយណ៍ មានឃ្លាំងស្តុក និងសំងួតផលិតផលកសិកម្មផងដែរ។ ចំពោះបរិមាណដែល បានចុះកិច្ចសន្យាផលិតកម្មកសិកម្ម ជាមួយសហគមន៍កសិកម្មក្នុងខេត្តកំពង់ធំ សព្វថ្ងៃនេះមានទាំងស្រូវវស្សា និងស្រូវប្រាំង។ ក្នុងនាមមន្ទីរកសិកម្មដើម្បីគាំទ្រលើគោល នយោបាយរបស់រាជរដ្ឋាភិបាល បាន និងកំពុងធ្វើការ ចុះផ្តល់នូវបច្ចេកទេស ពិនិត្យនូវជម្ងឺមួយចំនួនដែលកើតឡើង លើដំណាំកសិកម្មជូនប្រជាពលរដ្ឋ ផងដែរ៕