(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ដ្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩នេះ បានទទួលជួបលោក MIKAMI Masahiro ដើម្បីសម្តែងការគួរសម បន្ទាប់ពីលោកត្រូវបានតែងតាំង ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំកម្ពុជា។ ជំនួបនេះ បានរៀបចំធ្វើឡើង នៅទីស្តីការក្រសួងកសិកម្ម។

លោករដ្ឋមន្ត្រី វេង សាខុន បានធ្វើការអបអរសាទរ ជូនដល់លោក MIKAMI Masahiro ដែលត្រូវបានតែងតាំង ជាឯកអគ្គរាជទូតថ្មី នៃប្រទេសជប៉ុនប្រចាំកម្ពុជា។

លោករដ្ឋមន្ដ្រី ក៏បានថ្លែងអំណរគុណ ជូនចំពោះប្រជាជន និងរាជរដ្ឋាភិបាលជប៉ុន ដែលបានជួយឧបត្ថម្ភគាំទ្រ ដល់ការអភិវឌ្ឍប្រទេសកម្ពុជា ឲ្យមានការរីកចម្រើន តាមរយៈគម្រោងអភិវឌ្ឍន៍ លើគ្រប់វិស័យការជួយកសាង ហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍សំខាន់ៗដូចជាស្ពាន ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដែលរចនាសម្ព័ន្ធទាំងអស់នោះ គឺជាសរសៃឈាម រុញកំណើនសេដ្ឋកិច្ចកម្ពុជា នាពេលបច្ចុប្បន្ន និងបន្តរក្សាកំណើននេះ ឲ្យមាននិរន្តរភាពនាពេលអនាគត។

ពាក់ព័ន្ធនឹងវិស័យកសិកម្ម លោករដ្ឋមន្ត្រី វេង សាខុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការបន្តជួយឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាលជប៉ុន តាមរយៈអង្គការ JICA លើការងារបណ្តុះបណ្តាល បច្ចេកទេស ការពង្រឹងសមត្ថភាពសហគមន៍កសិកម្ម ទីផ្សារកសិកម្ម និងថ្មីៗនេះ បានជួយបង្កើតមជ្ឈមណ្ឌលពិសោធន៍គីមី និងវេចខ្ចប់បន្លែសុវត្ថិភាព។

លោករដ្ឋមន្ត្រី សង្ឃឹមនិងជឿជាក់ថា រាជរដ្ឋាភិបាលជប៉ុន តាមរយៈលោកឯកអគ្គរាជទូតថ្មី នឹងបន្តគាំទ្រ និងជួយអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសវិស័យកសិកម្ម ដោយផ្តោតជាសំខាន់លើការគាំទ្រ ដល់ការបង្កើន សមត្ថភាពសហគមន៍ ការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ បច្ចេកវិទ្យា និងបច្ចេកទេសក្នុងការធ្វើកសិកម្មតាមបែបទំនើប លើកកម្ពស់ការកែច្នៃ វេចខ្ចប់ប្រកបដោយគុណភាព និងស្តង់ដារ និងកៀរគរវិនិយោគិន ពីប្រទេសជប៉ុនមកវិនិយោគ ដើម្បីអភិវឌ្ឍន៍វិស័យនេះ ប្រកបដោយចីរភាព និងនិរន្តរភាព។

លោកឯកអគ្គរាជទូត បានថ្លែងអំណរគុណ ជូនចំពោះលោករដ្ឋមន្រ្តី និងសហការី ដែលបានចំណាយពេលវេលា ដ៏មានតម្លៃទទួលជួបរូបលោកនាថ្ងៃនេះ។ លោកពិតជារីករាយ ដែលមានឱកាសមកបំពេញបេសកកម្ម ក្នុងកម្ពុជា ហើយក៏បានវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍន៍រីកចម្រើន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផងដែរ។

ទៀតសោត ចំពោះវិស័យកសិកម្មវិញ លោកឯកអគ្គរាជទូត បានបញ្ជាក់បន្ថែមថា វិស័យកសិកម្មកម្ពុជា បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច និងជាវិស័យដែលមានសក្តានុពលខ្ពស់ សម្រាប់អនាគត តែក្នុងពេលបច្ចុប្បន្ននេះ គឺកំពុងមានប្រឈមជាមួយ នឹងបញ្ហាកង្វះខាត ខាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ គឺនៅមានកម្រិត ហេតុដូច្នេះ ក្នុងអាណត្តិថ្មីនេះ លោកនឹងខិតខំបន្តសហការ និងគាំទ្រឲ្យអស់លទ្ធភាព

លោកបន្ដថា ជាពិសេស នឹងពិនិត្យពិចារណាលើគម្រោងថ្មីៗ ដែលអាចជួយដល់ការអភិវឌ្ឍវិស័យកសិកម្ម ព្រមទាំងខិតខំកៀរគរ វិនិយោគិនជប៉ុនមកសិក្សា ពីឱកាសវិនិយោគលើវិស័យនេះ ដើម្បីបង្កើនភាពប្រកួតប្រជែងទីផ្សារ លើកកម្ពស់កម្រិតជីវភាពរបស់ប្រជាកសិករ និងជារួមអភិវឌ្ឍន៍វិស័យនេះ ឲ្យកាន់តែរីកចម្រើនថែមទៀត។

ជាការឆ្លើយតប លោករដ្ឋមន្រ្តី បានបញ្ជាក់ជូនថា រូបលោក និងមន្ត្រីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទាំងអស់ បានត្រៀមលក្ខណៈជាស្រេច ហើយនឹងបន្តផ្តល់កិច្ចសហការឲ្យលទ្ធភាព។

ជាមួយគ្នានោះ លោករដ្ឋមន្ដ្រី ក៏បានជូនពរ ឲ្យលោកឯកអគ្គរាជទូត ក្នុងឱកាសស្នាក់នៅបំពេញបេសកកម្មការងារការទូត ការងារមនុស្សធម៌ និងបច្ចេកទេស នៅកម្ពុជា ឲ្យទទួលបានជោគជ័យ សុខភាពល្អបវរប្រសើរ និងប្រកបដោយសុវត្ថិភាពខ្ពស់៕