(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗចំនួន៧ទៀត សរុបទុនវិនិយោគជិត៦០លានដុល្លារអាមេរិក ផ្តល់ការងារថ្មីជាច្រើពាន់កន្លែង។

Facebook ផ្លូវការរបស់ CDC បានចុះផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩នេះថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១៖ M.H.K.Y Manufactures CO., LTD គម្រោងបង្កើតរោងចក្រផ្គុំដំឡើងម៉ូតូ និងម៉ូតូកង់បី ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិឫស្សីជ្រោយ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២.២លានដុល្លារ អាមេរិក និងអាចបង្កើតការងារបានចំនួន៩១កន្លែង។

២៖ ZHENG MENG Cosmetics CO., LTD គម្រោងបង្កើតរោងចក្រផលិតគ្រឿងសំអាង ដែលមានទីតាំងវិនិយោគស្ថិត នៅដីឡូតិ៍លេខ៨៦០ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៦៣កន្លែង។

៣៖ BRIDGE INDUSTRY (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតសម្ភារៈបរិក្ខារបម្រើឱ្យ វិស័យសំណង់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២៧១កន្លែង។

៤៖ HONGFAXIANG INDUSTRIAL CO., LTD គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងគ្រឿងផ្សំកាបូប ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣.៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៥២៧កន្លែង។

៥៖ HON CHUAN (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតសំបកដបប្លាស្ទីក គំរបដបប្លាស្ទីក និងផ្លាកសញ្ញាបិទលើដបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្ទះលេខ ៤៤ ផ្លូវជាតិលេខ៤ ក្រុម៥ ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៤.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៣កន្លែង។

៦៖ CAMBODIAN NOBLE TASTE FOOD CO., LTD” គម្រោងបង្កើតរោងចក្រផលិតចំណីសត្វ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ១៦.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១០៣៤កន្លែង។

៧៖ ANGKOR INTERNATIONAL CULTURE INVESTMENT & DEVELOPMENT (CAMBODIA) CO., LTD គម្រោងបង្កើតឧទ្យានវប្បធម៌កម្ពុជា-ចិន ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវ៦០ម៉ែត្រ ភូមិទ្រាំង ឃុំស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មានទុនវិនិយោគប្រមាណ ២៧.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២១៣ កន្លែង៕