(ភ្នំពេញ)៖ ប្រធានាធិបតីប្រទេសហុងគ្រី លោក János Áder នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ខាងមុខនេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលកិច្ចប្រជុំគណៈរដ្ឋមន្ដ្រី ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩។

ក្នុងសេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់យ៉ាងដូច្នេះថា «ព្រះរាជាណាចក្រកម្ពុជា ត្រៀមទទួលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្ដម János Áder ប្រធានាធិបតី ប្រទេសហុងគ្រី នៅថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ»

ដំណើរទស្សនកិច្ចរបស់លោក János Áder នឹងអញ្ជើញចូលជួបសាវនាការជាមួយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ លោកប្រធានាធិបតី ក៏ចូលជួបសំណេះសំណាលការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, ប្រធានរដ្ឋសភា និងព្រឹទ្ធសភាកម្ពុជាផងដែរ។

ដំណើរទស្សនកិច្ចជាលើកដំបូងនៅកម្ពុជា របស់លោកប្រធានាធិបតី ត្រូវបានគេមើលឃើញថា ជាការពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងហុងគ្រី ឱ្យកាន់តែល្អប្រសើរថែមទៀត។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅសប្តាហ៍ក្រោយនេះនឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសហុងគ្រីផងដែរ៕

Advertising