(ភ្នំពេញ)៖ ផ្លូវជាច្រើនខ្សែនៅមូលដ្ឋានខណ្ឌដង្កោ បានលេចចេញជារូបរាងយ៉ាងព្រោងព្រាត បើទោះបីផ្លូវខ្លះ ស្ថិតក្រោមការសាងសង់ ជួសជុល និងផ្លូវខ្លះទៀតកំពុងបើការដ្ឋាន សាង់សង់ក៏ដោយនោះ។

ខណ្ឌដង្កោជាទឹកដីនៅមួយនៅជាយរាជធានីភ្នំពេញ ដូច្នេះហើយតម្រូវការប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធតាមមូលដ្ឋាន បានកើតមានឡើងជាបន្តបន្ទាប់ជាពិសេសនោះ បំពេញនឹងកំណើន របស់ប្រជាពលរដ្ឋពីមួយឆ្នាំទៅមួយឆ្នាំ។

លោក នុត ពុធដារ៉ា ដែលត្រូវបានទទួលការទុកចិត្តពីថ្នាក់ដឹកនាំ និងតែងតាំងជាអភិបាលខណ្ឌដង្កោ អស់រយៈពេលជាង ៦ឆ្នាំមកនេះ លោកបានប្រឹងប្រែងយ៉ាងខ្លាំង ជាមួយសហការី ព្រមទាំងមន្រ្តីមូលដ្ឋាន គ្រប់ផ្នែកលើការអភិវឌ្ឍន៍ខណ្ឌរបស់ខ្លួន ជាពិសេសនោះ គឺប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនេះឯង ក្រៅពីបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការបម្រើសេវាជូនប្រជាពលរដ្ឋ។ ក្នុងរយៈពេលចុងក្រោយនេះ លោក នុត ពុធដារ៉ា បានបង្ហាញវត្តមានជាមួយប្រជាជនរបស់ខ្លួនយ៉ាងខ្លាំង ទាំងការបើកវេទិកាសាធារណៈដើម្បីផ្លាស់ប្តូរយោបល់ ពិសេសការចង់ទទួលបានបញ្ហាទាំងឡាយ របស់ប្រជាជន ដើម្បីត្រូវដោះស្រាយជូនពួកគាត់ភ្លាមៗ។

សម្រាប់ការបើកការដ្ឋានសាងសង់ និងជួសជុលផ្លូវវិញ លោកអភិបាលខណ្ឌ បានរៀបចំមិនលោះថ្ងៃនោះឡើយ ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាជន សម្រាប់ធ្វើដំណើរទៅមក ប្រែក្លាយពីស្ថានភាពដ៏លំបាក ទឹកលិច ភក់ជ្រាំ មកជាផ្លូវបេតុង និងកៅស៊ូជាដើម។

ជាក់ស្តែងនៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩នេះ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌដង្កោ បានបន្តអញ្ជើញបើកការដ្ឋាន ស្ថាបនាផ្លូវបេតុងចំនួន ១ខ្សែទៀត ប្រវែងសរុប ប្រវែង ៥៥៤ម៉ែត្រ ទទឹង ០៤ម៉ែត្រ ស្ថិតក្នុងភូមិក្រាំង សង្កាត់ទៀន។ ពិធីបើកការដ្ឋានស្ថាបនាផ្លូវ ១ខ្សែនេះ ក៏មានការអញ្ជើញចូលរួម ពីសំណាក់អភិបាលរងខណ្ឌ មន្ត្រីមន្ទីរសាធារណការរាជធានីភ្នំពេញ ព្រមទាំងស្ថាប័នពាក់ព័ន្ធ និប្រជាពលរដ្ឋយ៉ាងច្រើន ដោយបានរៀបចំពិសារនំបញ្ចុកសាមគ្គីជាមួយប្រជាពលរដ្ឋ ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលផងដែរ។

ក្រៅពីការលើកឡើងចំពោះការរីកចំរើនលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជានោះ លោកអភិបាលខណ្ឌ ក៏បានផ្តាំផ្ញើការសួរសុខទុក្ខ ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះបងប្អូនផងដែរ។

នៅចំពោះមុខប្រជាពលរដ្ឋ ដែលបានចូលរួមជាច្រើនរយនាក់នេះ លោកអភិបាលខណ្ឌដង្កោ បានគូសរំលេចពីសមិទ្ធិផលថ្មីមួយនេះទៀត ដើម្បីងាយស្រួលធ្វើដំណើរ។ ជាមួយគ្នានេះលោក នុត ពុធដារ៉ា ក៏សុំការយោគយល់ពីបងប្អូន ដែលរស់នៅតាមសងខាងផ្លូវ សូមអាធ្រាស្រ័យចំពោះក្រុមការងារជួសជុលផ្លូវផង និងចូលរួមសហការជាមួយមន្រ្តីក្រុមការងារឲ្យបានល្អប្រសើរ ដែលទាំងនេះជាផលប្រយោជន៍រួមរបស់បងប្អូននោះទេ។

បើតាមលោកអភិបាលខណ្ឌ ដែលបានថ្លែងទៅកាន់ប្រជាពលរដ្ឋនោះ ក៏បានលើកឡើងទៀតថា នេះក៏មិនមែនជាសមិទ្ធិផលចុងក្រោយ សម្រាប់បងប្អូននោះឡើយ គឺនៅមានបន្តទៀត ទាំងនេះជាការចូលរួមទាំងផ្ទាល់ និងប្រយ៉ោលលើការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន ដែលជាការចង់បានរបស់ប្រមុខរាជរដ្ឋាភិបាល៕