(កំពង់ធំ)៖ បុគ្គលឈ្មោះ រស់ គឹមសៀង ប្រធានយុវជនក្រុមឧទ្ទាមក្រៅច្បាប់ នៅខេត្តកំពង់ធំ ដែលបានទៅទទួលផែនការធ្វើរដ្ឋប្រហារពីទណ្ឌិត សម រង្ស៉ី នៅប្រទេសម៉ាឡេស៊ី ហើយត្រូវបានសមត្ថកិច្ចចាប់ និងតុលាការសម្រេចឃុំខ្លួននោះ បានព្រមសារភាពទោសកំហុស ក្រោយដឹងខ្លួនថា បានបាញ់បោកឧបាយកលទណ្ឌិត សម រង្ស៉ី។

សូមជម្រាបថា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ធំ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ បានសម្រេចបង្កាប់ឲ្យដោះលែងជនត្រូវចោទឈ្មោះ រស់ គឹមសៀង ភេទប្រស ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន បន្ទាប់ពីជននេះបានចូលសារភាពទោសកំហុស ដែលខ្លួនចាញឧបាយកលទណ្ឌិត សម រង្ស៉ី រហូតចូលរួមក្នុងផែនការរដ្ឋប្រហារខុសច្បាប់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

បើតាមអ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានឲ្យដឹងថា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ ជនត្រូវចោទឈ្មោះ រស់ គឹមសៀង អាយុ៣៤ឆ្នាំ រស់នៅភូមកពងក្រប ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលជាប់ចោទពីបទ «រួមគំនិតក្បត់» ពាក់ព័ន្ធនឹងការចូលរួមធ្វើសកម្មភាព ដើម្បីអនុវត្តផែនការ ប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្រោមឧបាយកលជា «ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្ស៊ី» បានសហការឆ្លើយបំភ្លឺការពិត អំពីផែនការសកម្មភាពខុសច្បាប់របស់ខ្លួន។

ជាពិសេសបុគ្គលនេះ បានផ្តល់ព័ត៌មានលម្អិត អំពីការចាកចេញទៅប្រទេសម៉ាឡេស៊ី ដើម្បីទទួលផែនការពីមេខ្លោង និងការបង្ហាញពីសមាសភាព អ្នកចូលរួមផ្សេងៗទៀត នៅប្រទេសម៉ាឡេស៊ី ក៏ដូចជាមេខ្លោងបញ្ជាឲ្យរអនុវត្តសកម្មភាពខុសច្បាប់ខាងលើនេះ ព្រមទាំងបានទទួលស្គាល់នូវទោសកំហុស ក្នុងការធ្វើសកម្មភាពកន្លងមក ដោយសារ ចាញ់បោកការឃោសនារបស់មេខ្លោងក្នុងការចូលរួមអនុវត្ត «ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្ស៊ី» ដែលតាមការពិតផែនការនេះ បង្កប់ឧបាយកលនៃការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាអំពើខុសច្បាប់ធ្ងន់ធ្ងរ៕