(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ប៉ែន ផលពិសិដ្ឋ អគ្គលេខាធិការរងក្រសួងការពារជាតិ បានចំអកឱ្យទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ថា កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ថាមិនមែនជាសត្វគោ ក្របី សម្រាប់ឱ្យទណ្ឌិតរូបនេះដឹកច្រមុះនោះទេ។

ការចំអកបែបនេះរបស់លោកឧត្តមសេនីយ៍ឯក ប៉ែន ផលពិសិដ្ឋ បានធ្វើឡើងនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែល លោកឧត្តមសេនីយ៍ បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រលើខ្លឹមសារ «ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ឆមាសទី២ ឆ្នាំ២០១៩»

ឧត្តមសេនីយ៍ឯក ប៉ែន ផលពិសិដ្ឋ បានចំអកយ៉ាងដូច្នេះថា៖ «បើនិយាយពីនយោបាយរបស់បុគ្គលម្នាក់នេះ (ទណ្ឌិត សម រង្ស៊ី) កន្លែងនេះ ដែលយើងជាកងទ័ពត្រូវតែមានការស្វែងយល់ ឱ្យកាន់តែច្បាស់ យើងមិនមែនជាសត្វគោទេ យើងគឺជាមនុស្ស គោគេអាចចាក់ក្រឡុះដឹកដើរបាន ប៉ុន្តែមនុស្សមិនអាចឱ្យគេចាក់ក្រឡុះយើងដឹកដើរបាននោះទេ យើងត្រូវតែមានស្មារតីសម្បជញ្ញៈ របស់យើងច្បាស់លាស់ គិតពិចារណាឱ្យច្បាស់លាស់ហើយអ្វីដែលខ្ញុំបាននិយាយនៅក្នុងថ្ងៃនេះ គឺជាការពិតទាំងអស់»

លោកឧត្តមសេនីយ៍ឯក ប៉ែន ផលពិសិដ្ឋ បានផ្តាំទៅទណ្ឌិត សម រង្ស៊ីថា កងកម្លាំងប្រដាប់អាវុធទាំងអស់ មានកាតព្វកិច្ចក្នុងការការពារថែរក្សាឱ្យបាននូវសន្តិសុខ ស្ថិរភាព សណ្តាប់ធ្នាប់នៅក្នុង ប្រទេសជាតិ ដែលជាគ្រឹះមួយក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។ ដូច្នេះកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ត្រូវយល់ដឹងពីចរិត នយោបាយរបស់ទណ្ឌិត សម រង្ស៊ី ដែលបានលើកឡើងពីកំហុសឆ្គង របស់រាជរដ្ឋាភិបាល បញ្ហាពុករលួយ បញ្ហាព្រំដែន ប៉ុន្តែបើមិនបានស្វែងយល់ឱ្យច្បាស់នោះទេ ប្រាកដណាស់ប្រជាពលរដ្ឋនឹងវាយតម្លៃថា បុគ្គលនេះ ជាអ្នកស្នេហាជាតិ ដោយវាយតម្លៃខុសទៅលើការដឹកនាំរបស់រាជរដ្ឋាភិបាលជាក់ជាមិនខាន។

លោកឧត្តមសេនីយ៍ បានបន្តថា ទណ្ឌិត សម រង្ស៊ី មានគំនិតថោកទាបតាំងពីខ្លួនធ្វើជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដោយទណ្ឌិត សម រង្ស៊ី បានជ្រើសរើសមន្ត្រីឱ្យចូលបម្រើការ នៅក្នុងក្រសួង គឺតម្រូវឱ្យបង់ប្រាក់ជាថ្នូរ ដូច្នេះ ចំណុចនេះបុគ្គលនេះ បានក្បត់បក្ស និងក្បត់ឧត្តមគតិរបស់ខ្លួនឯងរួចទៅហើយ។

ត្រង់ចំណុនេះ លោកឧត្តមសេនីយ៍ឯក ប៉ែន ផលពិសិដ្ឋ បានចោទជាសំណួរយ៉ាងដូច្នេះថា៖ «តើនយោបាយរបស់ សម រង្ស៊ី បានបង្កភាពអវិជ្ជមានអ្វីខ្លះដល់ប្រទេសជាតិ យើងឃើញហើយទីណាមានវត្តមានសម រង្ស៊ី ទីនោះមានបាតុកម្ម ទីណាមានទណ្ឌិត សម រង្ស៊ី មានការបង្ហូរឈាម និងមានការច្របូកច្របល់រញ៉េរញ៉ៃ យើងសួរថាហេតុអី អញ្ចឹងហើយបានខ្ញុំនិយាយថា បើយើងមើលមួយភ្លែត ស្តាប់ការបកស្រាយរបស់ សម រង្ស៊ី ទៅលើចំណុចមួយចំនួនយើងពិតថា សម រង្ស៊ី ជាមនុស្សស្នេហាជាតិ»។

លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់ប្រាប់ទៅនាយទាហានទាំងអស់ថា សូមកុំភ្លេចថា ទណ្ឌិត សម រង្ស៊ី គឺជាកូនជនក្បត់ជាតិ សម សារី ដែលត្រូវបានអតីតព្រះមហាក្សត្រ កាត់ទោសប្រហារជីវិត ប៉ុន្តែឪពុក របស់ទណ្ឌិតរូបនេះ បានរត់គេចពីសំណាញ់ច្បាប់របស់កម្ពុជា កាលពីជំនាន់នោះផងដែរ។

ថ្មីៗនេះ មានអតីតមន្ត្រី សកម្មជន និងអ្នកគាំទ្រទណ្ឌិត សម រង្ស៊ី មួយចំនួន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់ ក្រោយពីជនទាំងអស់នោះបានចូលរួម ពាក់ព័ន្ធករណីប្រមូលផ្ដុំ ដើម្បីផ្សព្វផ្សាយផែនការធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមរូបភាព ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ទណ្ឌិត សម រង្ស៉ី។

សូមបញ្ជាក់ថា ព័ត៌មាន នៃការប្រកាសចូលស្រុករបស់ទណ្ឌិត សម រង្ស៊ី កំពុងតែផុសផុលតាមរយៈក្រុមប្រឆាំង និងការប្រកាសក្ដែងៗ ពីសំណាក់មេដឹកនាំពួកគេ ប៉ុន្ដែសម្រាប់រាជរដ្ឋាភិបាលវិញ បានត្រៀមវិធានការរួចជាស្រេចនោះ គឺខ្នោះរង់ចាំទទួលជានិច្ច នៅពេលបង្ហាញវត្តមាននៅកម្ពុជាពេលណានោះ។

តែយ៉ាងណាក៏ដោយ យោងតាមចរិតធម្មជាតិរបស់ សម រង្ស៊ី ទណ្ឌិតរូបនេះ ដែលមានភាពកំសាកនៅក្នុងខ្លួនតាំងពីដើមមកនោះ ពិតជាមិនហ៊ានវិលចូលស្រុកនោះឡើយ គ្រាន់តែប្រកាសភូតភរ មតិជាតិ និងអន្ដរជាតិ ដើម្បីបង្ហាញការចាប់អារម្មណ៍ទៅលើខ្លួន និងក្រុមខ្លួនតែប៉ុណ្ណោះ ស្របពេលដែលលំហូរនៃការគាំទ្ររបស់ប្រជាពលរដ្ឋ នៅក្នុងប្រទេសបានធ្លាក់ចុះយ៉ាងគំហុកជាក់ស្ដែងមកនោះ៕