(ភ្នំពេញ)៖ លោកស្រី ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩នេះ បានទទួលជួបជាមួយ លោក Askhat Azhikhanov, នាយកប្រតិបត្តិរបស់ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ (ABA BANK) ក្នុងឱកាសដែលលោកបាននាំមកនូវ ថវិកាសប្បុរសធម៌របស់ ABA BANK ដើម្បីបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងមួយឆ្នាំចំនួន១០០,០០០ដុល្លារ សម្រាប់រយៈពេល០៣ឆ្នាំជាប់ៗគ្នា ដែលសរុបជាថវិកាចំនួន ៣០០,០០០ដុល្លារអាមេរិក។

ក្នុងនាមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា, លោកស្រីរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះការចូលរួម និងគាំទ្ររបស់ ធនាគារ ABA ដែលបានរួមចំណែក ក្នុងសកម្មភាពមនុស្សធម៌នេះ និងបានឆ្លើយតប ចំពោះការអំពាវនាវ និងលើកទឹកចិត្តរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចទាំងទ្វេជាប្រធានកិត្តិយស និងជាស្ថាបនិកមូលនិធិគន្ធបុប្ផាកម្ពុជា។

លោកស្រីរដ្ឋលេខាធិការ បានលើកឡើងថា កាយវិការដ៏សប្បុរសនេះ គឺជាការរួមចំណែកដ៏សំខាន់ ក្នុងការលើកកម្ពស់សុខុមាលភាពរបស់កុមារនៅកម្ពុជា ដែលជាទំពាំងស្នងឫស្សី និងជាអនាគតកម្លាំងពលកម្ម ដ៏មានសក្ដានុពលក្នុងការចូលរួមអភិវឌ្ឍកម្ពុជា និងក៏បានបង្ហាញពីទំនាក់ទំនងល្អរវាងវិនិយោគិន និងរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាមួយនឹងប្រជាជនកម្ពុជា។

លោកស្រីរដ្ឋលេខាធិការ ក៏បានជម្រាបជូន លោក Askhat Azhikhanov ថា មូលនិធិគន្ធបុប្ផាកម្ពុជា នៅទទួលសមាជិកពីរប្រភេទគឺ៖ ១៖ សមាជិកកិត្តិយសដោយបរិច្ចាគចាប់ពី ២០,០០០,០០០រៀល/៥០០០ដុល្លារអាមេរិក ក្នុងមួយឆ្នាំ និង២៖ សមាជិកគាំទ្រដោយបរិច្ចាគចាប់ពី ៥០០០រៀល ក្នុងមួយខែ/៦០,០០០រៀលក្នុងមួយឆ្នាំ។

ជាការឆ្លើយតប លោក Askhat Azhikhanov ថ្លែងអំណរគុណយ៉ាជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានរក្សាសុខសន្តិភាព និងបង្កលក្ខណៈអំណោយផល សម្រាប់វិនិយោគិនក្នុងការប្រកបអាជីវកម្ម នៅកម្ពុជា ជាពិសេសសូមថ្លែងអំណរគុណ លោកស្រីរដ្ឋលេខាធិការ ដែលបានឆ្លៀតពេលដ៏មមាញឹកទទួលលោក និងសហការីនៃ ABA ព្រមទាំងបានសម្តែងការកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កើតមូលនិធិគន្ធបុប្ផាកម្ពុជានេះ ដើម្បីចូលរួមធានានិរន្តរភាព របស់មន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំងនៅកម្ពុជា។

លោក Askhat Azhikhanov ក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានរួមចំណែកក្នុងការគាំទ្រ ដល់ការគិតគូររបស់រាជរដ្ឋាភិបាល ក្នុងការងារមនុស្សធម៌នេះ និងបានសន្យាបន្តបំផុសចលនាកៀរគរការបរិច្ចាគ និងបង្កើនសមាជិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជាជាបន្តទៀត ស្រមតាមការរីកចម្រើនរបស់ ABA។

លោកស្រីរដ្ឋលេខាធិការ បានលើកទឹកចិត្តដល់ ABA ឱ្យបន្តខិតខំ និងពង្រីកការវិនិយោគ ឱ្យបានកាន់តែទូលំទូលាយនៅកម្ពុជា ដើម្បីការអភិវឌ្ឍ ទាំងធនាគារ ទាំងប្រទេសកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះ លោកស្រីក៏បានអំពាវនាវ និងបន្តលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងបុក្គលិកគ្រប់លំដាប់ថ្នាក់នៃ ធនាគារ ABA ក៏ដូចជាក្រសួង-ស្ថាប័នរដ្ឋ ក្រុមហ៊ុន និងបណ្តាសាធារណជន ឱ្យចូលរួមបរិច្ចាគ និងចូលជាសមាជិករបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នាធានាឱ្យបាននូវនិរន្តរភាព នៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា និងដើម្បីភាពញញឹមរបស់កុមារ។

សូមគូសបញ្ជាក់ផងដែរថា ក្រៅពីការបរិច្ចាគថវិកា ជូនមូលនិធិគន្ធបុប្ផាកម្ពុជានៅថ្ងៃនេះ ចំនួន៣០០,០០០ដុល្លារអាមេរិក ដែលជាផ្នែកមួយនៃកិច្ចការសង្គម, ធនាគារ ABA ក៏បានបង្កលក្ខណៈងាយស្រួលដល់សាធារណជន ជាពិសេសអតិថិជនចំនួន ៧០០,០០០នាក់របស់ ABA អាចធ្វើការបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដោយឥតគិតថ្លៃសេវា ទាំងតាមរយៈ ABA APP ទាំងតាមរយៈការបរិច្ចាគដោយផ្ទាល់ នៅតាមសាខារបស់ធនាគារ ណាមួយដែលនៅជិត៕