(ភ្នំពេញ)៖ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩នេះ ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិលើកទី៣ (CTM-2019) បាននិងកំពុងប្រព្រឹត្តទៅជាបណ្ដើរៗហើយ នៅសណ្ឋាគារសុខាភ្នំពេញ ដោយមានក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ក្រុមហ៊ុនអ្នកទិញ និងអ្នកលក់កញ្ចប់ទស្សនកិច្ចទេសចរណ៍ចូលរួមប្រមាណជាង ១០០ក្រុមហ៊ុន មកពី៤០ប្រទេស ព្រមទាំងអ្នកសារព័ត៌មានជាតិ-អន្តរជាតិប្រមាណជាង ២០ស្ថាប័នផងដែរ។

ក្រសួងទេសចរណ៍បានឱ្យដឹងថា ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិលើកទី៣នេះ គឺប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១-១៣ ខែតុលា ហើយនៅរសៀលថ្ងៃទី១១នេះដែរ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នឹងអញ្ជើញកាត់ខ្សែបូសម្ពោធពិព័រណ៍ដ៏ធំនេះជាផ្លូវការ នៅសណ្ឋាគារសុខាភ្នំពេញ។

លោក សូ វិសុទ្ធី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបញ្ជាក់ថា ក្រុមហ៊ុនអ្នកលក់កញ្ចប់ទស្សនកិច្ចដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ មានដូចជា៖ កម្ពុជា ចិន កូរ៉េ ថៃ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ាជាដើម ចំណែកក្រុមហ៊ុនអ្នកទិញកញ្ចប់ទស្សនកិច្ចទេសចរណ៍មានជាង ១០០ក្រុមហ៊ុន មកពីបណ្ដាប្រទេសនានាជុំវិញពិភពលោក ព្រមទាំងមានក្រុមអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ២០ស្ថាប័ន (សារព័ត៌មានអន្តរជាតិ ១២ស្ថាប័ន)។

លោកអនុរដ្ឋលេខាធិការបានបន្តថា ស្ដង់ពិព័រណ៍ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ CTM-2019 នេះមានចំនួន ១៥៧ស្ដង់ និងមានពន្លារបស់ក្រសួងទេសចរណ៍ និងរបស់មន្ទីរទេសចរណ៍គ្រប់រាជធានី-ខេត្តផងដែរ។

ក្រសួងទេសចរណ៍បានបង្ហាញក្ដីរំពឹងទុកថា អ្នកចូលរួមទាំងអស់ក្នុងព្រឹត្តិការណ៍ CTM-2019 នេះនឹងទទួលបានផលប្រយោជន៍ និងរកបានដៃគូធុរកិច្ចយ៉ាងពេញចិត្ត តាមរយៈការចូលរួមសកម្មភាពជាច្រើន ដូចជាការផ្គូរផ្គងរកដៃគូធុរកិច្ចក្នុងវិស័យទេសចរណ៍ ការរៀបចំសិក្ខាសាលា ក៏ដូចជាវេទិកានានា ដែលបង្ហាញពីការវិវត្តថ្មីៗក្នុងពិភពលោក និងក្នុងតំបន់ ដោយមានការអញ្ជើញវេគ្មិនចំណានៗមកធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ អំពីរបបគំហើញថ្មីៗក្នុងដំណាក់កាលបដិវត្តឧស្សាហកម្ម ៤.០ និងឌីជីថលូបនីយកម្ម។

លោក សូ វិសុទ្ធី បានអះអាងថា ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ និងសកម្មភាពទាំងនេះ គឺជាឱកាសដ៏ពិសេសសម្រាប់ក្រុមហ៊ុនក្នុងស្រុក ក្នុងការស្វែងរកដៃគូធុរកិច្ចក្នុងវិស័យទេសចរណ៍អន្តរជាតិ ដើម្បីពង្រីកទំនាក់ទំនងអាជីវកម្ម និងផលចំណេញក្នុងអាជីវកម្មរបស់ខ្លួន។

លោកបន្ថែមទៀតថា ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ ពិតជាបានផ្ដល់នូវការផ្សព្វផ្សាយពីវិស័យទេសចរណ៍ ការរីកចម្រើនរបស់កម្ពុជាទៅកាន់ពិភពលោក បង្ហាញដោយផ្ទាល់នូវវប្បធម៌ ប្រពៃណី សិល្បៈ ពិសេសគឺបានជំរុញការផ្សព្វផ្សាយពីមុខម្ហូបអាហាររបស់កម្ពុជាដ៏មានឱជារស ក្នុងនោះកម្ពុជាក៏បានរៀបចំ «គុយទាវភ្នំពេញ» ជូនគណៈប្រតិជាតិ-អន្តរជាតិទទួលទានផងដែរ។ ក្រៅពីនេះ វាក៏បានិងកំពុងជំរុញឱ្យមានកំណើនទេសចរ បង្កើនវិស័យធុរកិច្ចក្នុងវិស័យទេសចរណ៍របស់កម្ពុជាផងដែរ។

អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍រូបនេះ បានអំពាវនាវឱ្យសាធារណជនចូលរួមទស្សនាឱ្យបានច្រើនកុះករនៅក្នុងពិព័រណ៍នេះ ដែលនឹងបើកឱ្យសាធារណជនចូលទស្សនាដោយសេរី នាថ្ងៃទី១៣ ខែតុលា ដើម្បីស្វែងយល់បន្ថែមពីការទំនាក់ទំនងធុរកិច្ចក្នុងវិស័យទេសចរណ៍ ការបង្ហាញពីផលិតផលទេសចរណ៍ ព្រមទាំងទស្សនានូវទស្សនីយភាពជាច្រើនដែលមានបង្ហាញនៅក្នុងពិព័រណ៍អន្តរជាតិដ៏ធំមួយនេះ៕