(ភ្នំពេញ)៖ រាជរដ្ឋាភិបាលជប៉ុន បានបង្ហាញជំហរក្នុងការបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា នៃដំណើរការសាលាក្តីខ្មែរក្រហម និងខិតខំប្រឹងប្រែង ផ្តល់ការគាំទ្រថវិកាបន្ថែមទៀត ខណៈដែលជប៉ុនជាម្ចាស់ជំនួយធំជាងគេ ផ្តល់វិភាគទានថវិកាជាង ៨៧លានដុល្លារអាមេរិក។

ជំហររបស់ជប៉ុន ត្រូវបានបង្ហាញឡើងតាមរយៈឯកអគ្គរដ្ឋទូតថ្មីរបស់ប្រទេសជប៉ុន ប្រចាំនៅកម្ពុជា លោក មិកាមិ ម៉ាសាហ៉ីរ៉ូ ក្នុងឱកាសធ្វើទស្សនកិច្ច នៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ដើម្បីស្វែងយល់អំពីការរៀបចំ និងដំណើរការនីតិវិធីក្នុងការជំនុំជម្រះក្តី លើអតីតមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់បំផុត ក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរដែលប្រព្រឹត្តឡើង ក្នុងរបបខ្មែរក្រហមចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។

ក្នុងឱកាសនោះ លោក មិកាមិ ម៉ាសាហ៉ីរ៉ូ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលបានចូលរួមបំពេញការងារបានយ៉ាងល្អ ហើយតុលាការចម្រុះកម្ពុជា-អង្គការសហប្រជាជាតិនេះ មិនមែនត្រឹមតែចូលរួមនាំយកយុត្តិធម៌ ជូនជនរងគ្រោះនៃរបបខ្មែរក្រហមទេ ប៉ុន្តែបានចូលរួមផ្តល់យុត្តិធម៌ និងដំណើរការសន្តិភាពសម្រាប់ពិភពលោកទាំងមូល។

លោកបានគូបញ្ជាក់ថា៖ «ប្រទេសជប៉ុននៅតែបន្តគាំទ្រដំណើរការសាលាក្តីខ្មែរក្រហមនេះ និងខិតខំប្រឹងប្រែង ផ្តល់ការគាំទ្រថវិកាបន្ថែមទៀត»។

លោកឯកអគ្គរដ្ឋទូត បានថ្លែងថា សាលាក្តីខ្មែរក្រហមបានដើរតួនាទី យ៉ាងសំខាន់ក្នុងការធ្វើឱ្យពិភពលោកបានដឹងថា មានរឿងអ្វីកើតឡើងពិតប្រាកដនៅក្នុងអតីតកលា នៃរបបខ្មែរក្រហម។ លោកបានអះអាងថា បេសកកម្មរបស់លោកនៅកម្ពុជា គឺដើម្បីបន្តពង្រឹងកាន់តែខ្លាំងថែម ទៀតនូវកិច្ចសហប្រតិបត្តិការការទូតរវាងជប៉ុន និងកម្ពុជា ប៉ុន្តែកិច្ចសហប្រតិបត្តិការរវាងជប៉ុន និងសាលាក្តីខ្មែរក្រហម ក៏ជាកិច្ចការមួយដែលសំខាន់ផងដែរ។ ជប៉ុនក៏បានគាំទ្រលើដំណើរការ របស់មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ ទាក់ទងនឹងអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (LDC) ផងដែរ។

លោក មិកាមិ ម៉ាសាហ៉ីរ៉ូ ក៏បានជួបប្រជុំពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ នៃការិយាល័យរដ្ឋបាលនៃសាលាក្តីខ្មែរក្រហម បន្ទាប់ពីបានទស្សនកិច្ចសាលសវនាការ និងធ្វើបទបង្ហាញដោយប្រធានផ្នែកកិច្ចការសាធារណៈ។

ក្នុងជំនួបជាមួយលោកឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា លោក ក្រាញ់ តូនី ប្រធានការិយាល័យរដ្ឋបាលស្តីទី នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានថ្លែងអំណរគុណចំពោះប្រទេសជប៉ុន ដែលបានជួយដល់ប្រទេសកម្ពុជា ក្នុងនាមជាសហប្រធាន នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងបានជួយប្រទេសកម្ពុជា ក្នុងការស្តារ និងអភិវឌ្ឍន៍ជាតិឡើងវិញ ហើយជាពិសេស គឺការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់ប្រទេសជប៉ុន ចំពោះដំណើរការជំនុំជម្រះក្តី លើឧក្រិដ្ឋកម្មនៃរបបខ្មែរក្រហមនាំយកយុត្តិធម៌ និងការពិតជូន ដល់ជនរងគ្រោះ។

លោកក្រាញ់ តូនី បានថ្លែងថា៖ «ការចូលរួមវិភាគទានហិរញ្ញវត្ថុរបស់ជប៉ុន ដើម្បីគាំទ្រដំណើរការរបស់សាលាក្តីខ្មែរក្រហម នាំយកអតីតមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហម និងអ្នកទទួលខុសត្រូវខ្ពស់ក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរមកជំនុំជម្រះក្តី គឺពិតជាមានសារៈសំខាន់ និងបានចូលរួមក្នុងដំណើរការនាំ យកយុត្តិធម៌ជូនជនរងគ្រោះ ក៏ដូចជាបានចូលរួមក្នុងការផ្សះផ្សាជាតិ និងពង្រឹងសន្តិភាពនៅកម្ពុជា»

ជាមួយគ្នានេះ លោក ក្រាញ់ តូនី បានជម្រាបជូនឯកអគ្គរដ្ឋទូតជប៉ុន អំពីការវិវឌ្ឍន៍ថ្មីរបស់សាលាក្តីខ្មែរក្រហមទាំងផ្នែកដំណើរការសំណុំរឿង ផ្នែកហិរញ្ញវត្ថុ និងការងារផ្សព្វផ្សាយអំពីដំណើរការតុលាការ ទៅកាន់សាធារណជន។ ការងារផ្សព្វផ្សាយ ដែលរហូតមកទល់ពេលនេះសាលាក្តីខ្មែរក្រហម បានទទួលជោគជ័យយ៉ាងខ្លាំង ដោយបានធ្វើការផ្សព្វផ្សាយទាំងក្នុង និងក្រៅតុលាការ ហើយមានសាធារណជនជិត ៧សែននាក់ ទទួលបានផលប្រយោជន៍ពីការងារផ្សព្វផ្សាយនេះ។

សូមបញ្ជាក់ថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានចាប់ផ្តើមដំណើរការពីដើមខែកុម្ភៈ ឆ្នាំ២០០៦ ហើយរហូតមកទល់នឹងឆ្នាំ២០១៩នេះ មានសំណុំរឿង៤ ចំពោះមុខដែលក្នុងនោះ សំណុំរឿង០០១ ប្រឆាំងអតីតប្រធានគុកទួលស្លែង ត្រូវបានបិទបញ្ចប់ទាំងស្រុងជាមួយការផ្តន្ទាទោសកាំង ហ្កេកអ៊ាវ ហៅឌុច ដាក់ពន្ធនាគារអស់មួយជីវិត។

សំណុំរឿង ០០២/០១ ប្រឆាំងនឹងនួន ជា និងខៀវ សំផន អំពីឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិទាក់ទងនឹងការជម្លៀសប្រជាជនដោយបង្ខំ ដោយតុលាការកំពូលសម្រេច ផ្តន្ទាទោស នួន ជា និងខៀវ សំផន ដាក់ពន្ធនាគារអស់មួយជីវិត។ សំណុំរឿង ០០២/០២ ប្រឆាំងនឹង នួន ជា និងខៀវ សំផន ត្រូវបានអង្គជំនុំជម្រះសាលាដំបូង សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ហើយបច្ចុប្បន្ន ខៀវ សំផនកំពុងបន្តនីតិវិធីបណ្តឹងសារទុក្ខ ប្រឆាំងសាលក្រមសំណុំរឿង ០០២/០១ ខណៈ សំណុំរឿង នួន ជា ត្រូវបានបិទបញ្ចប់នៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ក្រោយពី ជនជាប់ចោទ នួន ជា ទទួលមរណភាពកាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ ២០១៩។