(ព្រះសីហនុ)៖ ខ្មាន់កាំភ្លើងជនជាតិចិន ដែលបាញ់សម្លាប់ចិនដូចគ្នា នៅកណ្ដាលក្រុងព្រះសីហនុ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ កន្លងទៅ នៅពេលនេះកម្លាំងនគរបាលតាមស្រាវជ្រាវ និងចាប់ខ្លួនបាន ២នាក់បន្ថែមទៀត។

មន្ដ្រីនគរបាលខេត្តព្រះសីហនុ បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩នេះថា ខ្មាន់កាំភ្លើង៤នាក់ ដែលបាញ់សម្លាប់ជនជាតិចិនដូចគ្នា ត្រូវកម្លាំងជំនាញចាប់ខ្លួនបាន២នាក់បន្ថែមទៀត និងដកហូតបានកាំភ្លើងខ្លី ដែលជាវត្ថុតាងធ្វើសកម្មភាព ចំនួនមួយដើមផងដែរ។ ពេលនេះកម្លាំងជំនាញ កំពុងធ្វើការសួរនាំ និងស្រាវជ្រាវដើម្បីតាមចាប់បក្ខពួកផ្សេងទៀត។

សូមជម្រាបថា នៅវេលាម៉ោងជាង៨៖០០ព្រឹក ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ មានករណីជនជាតិចិន៣នាក់ បានអូសជនជាតិចិនម្នាក់ចេញពីរថយន្ត ហើយបាញ់សម្លាប់ភ្លាមៗ នៅក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

បើតាមសមត្ថកិច្ចក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានអន្តរាគមន៍ឃាត់ខ្លួនបានជនល្មើស ដែលជាជនជាតិចិន២នាក់ ដោយក្នុងមានបុរសម្នាក់ និងនារីម្នាក់។ យ៉ាណាក៏ដោយ សមត្ថកិច្ច មិនទាន់បញ្ជាក់លម្អិតអំពីករណីនេះនៅឡើយទេ។

សូមបញ្ជាក់ថា កន្លងទៅនេះ ករណីឃាតកម្មលើជនជាតិចិន បានកើតឡើងជាបន្តបន្ទាប់នៅខេត្តព្រះសីហនុ ខណៈដែលសមត្ថកិច្ច ក៏បានបង្កើនការរឹតបន្តឹងសន្តិសុខ កាន់តែខ្លាំងក្លាផងដែរ៕