(ក្រចេះ)៖ កម្លាំងនគរបាលក្រុងក្រចេះ សហការជាមួយនគរបាលប៉ុស្ដិ៍រដ្ឋបាលក្រុងក្រចេះ ក្រោមការសម្របសម្រួលពីលោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ បានបន្តចុះឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀត នៅបន្ទប់ជួលមួយកន្លែង ស្ថិតនៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ បន្ទាប់ពីកម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនបានជនសង្ស័យ២នាក់ កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩។

យោងតាមរបាយការនគរបាលក្រុងក្រចេះ បានឲ្យដឹងថា តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ឡុង ស៊ាងហាក់ ដែលឃាត់ខ្លួនកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ កម្លាំងនគរបាលចម្រុះ ក្រុងក្រចេះ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ បានបន្តចុះឃាត់ខ្លួនជនសង្ស័យ ឈ្មោះ សូ សុភួន អាយុ២៨ឆ្នាំម្នាក់ទៀត នៅបន្ទប់ជួល នៅក្រុងក្រចេះ មានទីលំនៅ ភូមិកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ ដោយសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន ម្សៅក្រាមពណ៍សចំនួន២កញ្ចប់ និងសម្ភារៈសម្រាប់ប្រើប្រាស់ ចែកចាយគ្រឿងញៀនមួយចំនួន។

នៅថ្ងៃដដែលនោះ កម្លាំងនគរបាលបន្តចុះឃាត់ជនសង្ស័យចំនួន ២នាក់ថែមទៀត ដែលមានដូចជា ទី១៖ ឈ្មោះ ជី រដ្ឋា ភេទប្រុស អាយុ ២៣ឆ្នាំ ឃាត់ខ្លួននៅចំនុចអូរដា ភូមិស្ទឹងស្វាយ ឃុំដា ស្រុកចិត្របុរី ខេត្តក្រចេះ ពេលកំពុងចាប់ខ្លួនឈ្មោះ ជី រដ្ឋា ឈ្មោះ សូ សុភួន បានរត់គេចខ្លួនចូលព្រៃបាត់ ដោយភូមិសាស្រ្តព្រៃ សមត្ថកិច្ចកំពុងស្វែងរក។ ទី២៖ ឈ្មោះ ថុន សាត ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ឃាត់ខ្លួននៅចំនុចផ្លូវជាតិលេខ៧ ក្រចេះ-ស្នួល ត្រង់ផ្លូវកោងស្ថិតនៅភូមិស្ទឹងស្វាយ ឃុំដា ស្រុកចិត្របុរី ដោយដកហូតវត្ថុតាងបាន ម៉ូតូចំនួន១គ្រឿង ទូរសព្ទចំនួន២គ្រៀង។

បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់ និងវត្ថុតាងត្រូវបានឃាត់ និងរក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងក្រចេះ ដើម្បីកសាងសុំណុំរឿងតាមនីតិវិធី៕