(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០១៩នេះ ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅវិមានសន្តិភាព ដើម្បីពិភាក្សា និងអនុម័តលើ របៀបវារៈសំខាន់ចំនួន២។

បើតាមការប្រកាសរបស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំព្រឹកនេះដើម្បីពិនិត្យ និងអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្ម មាត្រា៣ មាត្រា១៧ មាត្រា២០ មាត្រា២១ មាត្រា២៧ មាត្រា២៨ មាត្រា២៩ មាត្រា៥៤ មាត្រា៥៥ និងមាត្រា៥៩ នៃច្បាប់ស្តីពីសហជីព។

គណៈរដ្ឋមន្ត្រី ក៏នឹងពិនិត្យ និងអនុម័តទៅលើសំណើសុំការយល់ព្រមពីស្ថាប័ននីតិប្បញ្ញត្តិលើ៖ កិច្ចព្រមព្រៀងស្តីពីផលស្ដុកត្រីផ្លាស់ទីមធ្យម និងផលស្តុកត្រីផ្លាស់ទីឆ្ងាយនៃអង្គការសហប្រជាជាតិផងដែរ៕