(តាកែវ)៖ លោកទេសរដ្ឋមន្ត្រី យឹម ណុលឡា ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្ត្រី បានអំពាវនាវទៅដល់ប្រជាពលរដ្ឋខ្មែរ​ឱ្យរក្សាភាពស្ងប់ស្ងាត់ និងប្រឹងប្រែងប្រកបរបររកស៊ីចិញ្ចឹមជីវិត កុំធ្វើសកម្មភាពបំផ្លាញសុខសន្តិភាពតាមការញុះញង់របស់ជនក្បត់ជាតិ សម រង្ស៉ី និងបក្ខពួក។

ការអំពាវនាវរបស់លោក យឹម ណុលឡា អនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ និងជាសហប្រធានក្រុមការងារថ្នាក់ជាតិ​ចុះមូលដ្ឋានស្រុកព្រៃកប្បាស ខេត្តតាកែវ បានធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមក្នុងកម្មវិធីវេទិកាសាធារណៈផ្សព្វផ្សាយសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌ នៅភូមិព្រៃព្រំ ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីថ្ងៃពុធ ទី៩ ខែតុលា ឆ្នាំ២០១៩ម្សិលមិញនេះ។ ពិធីនេះមានការចូលរួមពីអាជ្ញាធរស្រុក ឃុំ ក្រុមប្រឹក្សាស្រុក កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋប្រមាណ២០០នាក់។

លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា គោលបំណងរបស់ជនក្បត់ជាតិ សម រង្ស៉ី គ្មានអ្វីក្រៅពីចង់បានអំណាច បំផ្លាញសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជន បំផ្លាញសន្តិភាព និងការអភិវឌ្ឍរីកចម្រើនរបស់ប្រទេស បង្កើតការវឹកវរចលាចលក្នុងប្រទេស នាំប្រទេស និងប្រជាជនលិចលង់វិនាសអន្តរាយតែប៉ុណ្ណោះ។

លោក យឹម ណុលឡា ក៏បានរំឭកប្រជាពលរដ្ឋពីព្រឹត្តិការណ៍ឆ្នាំ១៩៧០ ការធ្វើរដ្ឋប្រហាររបស់លោក លន់ នល់ ទម្លាក់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ចេញពីអំណាចផងដែរ។ លោកបានគូសបញ្ជាក់ថា រដ្ឋប្រហារដែលមានបរទេសជាបង្អែកនោះ បណ្តាលឱ្យកម្ពុជាជួបភ្លើងសង្គ្រាម ប្រទេសជាតិវិនាសហិនហោចរកអ្វីប្រៀបពុំបាន ប្រជាជនស្លាប់រាប់លាននាក់។

លោក យឹម ណុលឡា បានអះអាងថា ព្រឹត្តិការណ៍ដែលពួកក្បត់ជាតិប៉ុនប៉ងធ្វើនាពេលបច្ចុប្បន្ន មិនខុសពីការធ្វើរដ្ឋប្រហាររបស់លោក លន់ នល់ នោះឡើយ។

លោកទេសរដ្ឋមន្ត្រី ជម្រាបជូនប្រជាពលរដ្ឋផងដែរ ពីការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន យកថ្ងៃទី៩ វិច្ឆិកា ដែលជាថ្ងៃប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ ជាថ្ងៃទទួលទានអំបុកដើម្បីបង្ហាញអំពីសាមគ្គីភាព ការពារជាតិ សាសនា ព្រះមហាក្សត្រ។

លោកទេសរដ្ឋមន្ត្រី បានអំពាវនាវប្រជាពលរដ្ឋចូលរួមពិធីអកអំបុកទាំងអស់គ្នា ដើម្បីបង្ហាញពីសាមគ្គីភាព រួមគ្នាការពារជាតិ សាសនា និងព្រះមហាក្សត្រ៕