(មណ្ឌលគិរី)៖ នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ លោក រស់ គីមធន ត្រូវបានប្រកាសចូលកាន់មុខតំណែង ជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី ថ្មី ជំនួសលោក ម៉ៅ ធានារក្ស ជាប្រធានមន្ទីរចាស់ត្រូវទទួលតំណែងថ្មី។

ពិធីនេះមានការអញ្ជើញចូលរួមពីលោក ស៊ុយ សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងលោក ស៊ុន ចាន់ថុល
ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន, លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី លោកស្រីជាប្រធានក្រុមប្រឹក្សាខេត្ត មន្ទីរ អង្គភាព ជុំវិញខេត្ត កងកម្លាំង អភិបាលក្រុង ស្រុក ព្រមទាំងលោកមេឃុំ ចៅសង្កាត់យ៉ាងច្រើនកុះករផងដែរ។

លោករដ្ឋលេខាធិការបានណែនាំឲ្យ លោកប្រធានមន្ទីរថ្មី ដែលទើបទទួលបានមុខតំណែង ត្រូវខិតខំអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឲ្យបានល្អ ត្រូវពង្រឹងការងារទទួលខុសត្រូវ មានការសហការល្អជាមួយមន្ត្រីរាជការ នៅក្នុងខេត្តទាំងអស់ជាដៃគូអភិវឌ្ឍន៍ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ដែលជាអ្នកបម្រើរាស្ត្រពិតប្រាកដ ជាពិសេសត្រូវចេះគ្រប់គ្រង ដឹកនាំ ហើយលើកទឹកចិត្តដល់មន្រ្តី ដែលមានសមត្ថភាព និងធ្វើការងារបានល្អដូចជាធ្វើការសាងសង់ ជួសជុលផ្លូវ តាមមូលដ្ឋាន ក៏ដូចជាទីប្រជុំជនប្រកបដោយគុណភាព។

លោកក៏បានណែនាំឲ្យ ប្រធានមន្ទីរថ្មីនេះ ត្រូវខិតខំទប់ស្កាត់ លុបបំបាត់ រាល់បាតុភាពអសកម្មនានា ដែលធ្វើឲ្យប៉ះពាល់ និងបង្កការថ្នាំងថ្នាក់ ដល់សតិអារម្មណ៍ប្រជាពលរដ្ឋ ដោយត្រូវជំរុញការផ្ដល់សេវាសាធារណៈ ឲ្យកាន់តែល្អ ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា៕