(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ថា ប្រទេសចិនបានឈរនៅលំដាប់លេខ១ ដែលបានបណ្តាក់ទុនវិនិយោគច្រើនជាងគេនៅកម្ពុជា ចំនួន៧.៩ពាន់លានដុល្លារ ស្មើនឹង៣៥ភាគរយ នៃទុនវិនិយោគសរុប គិតចាប់ពីឆ្នាំ២០១៦ ដល់ខែសីហា ឆ្នាំ២០១៩។

លោក ជា វុទ្ធី អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «សក្តានុពលនៃការវិនិយោគនៅកម្ពុជា» នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ បើពិនិត្យទៅលើសកម្មភាពវិនិយោគបរទេស តាមប្រទេសនីមួយៗ ចាប់ពីឆ្នាំ២០១៦ ដល់ខែសីហា ឆ្នាំ២០១៩ សកម្មភាពវិនិយោគរបស់អ្នកវិនិយោគផ្ទាល់ពីបរទេស មានការកើនឡើងគួរជាទីការកត់សម្គាល់ ដោយបានចូលរួមចំណែកប្រមាណ៥៦% នៃទុនវិនិយោគសរុប ក្នុងនោះប្រទេសចិនឈរនៅលំដាប់ទី១ ដែលមានទុនវិនិយោគប្រមាណ៧.៩ប៊ីលានដុល្លារអាមេរិក ស្មើនឹង៣៥% នៃទុនវិនិយោគសរុប បន្ទាប់មកគឺប្រទេសជប៉ុន ដែលមានប្រមាណ៨%។

ដោយសារតែការវិនិយោគមកពីសាធារណរដ្ឋប្រជាមានិតចិន មានទំហំធំជាងវិនិយោគមកពីប្រទេសផ្សេងៗ លោក ជា វុទ្ធី បានបញ្ជាក់ពីទំហំនៃការវិនិយោគរបស់ចិន នៅតាមខេត្តជាប់មាត់សមុទ្រ ដូចជា ខេត្តកោះកុង ខេត្តព្រះសីហនុ និងខេត្តកំពត។

មន្ត្រីជាន់ខ្ពស់រូបនេះថ្លែងថា គិតចាប់ពីឆ្នាំ២០១៦ ដល់ខែសីហា ឆ្នាំ២០១៩ ការវិនិយោគមកពីប្រទេសចិន នៅតាមបណ្តាខេត្តជាប់មាត់សមុទ្រ ដូចជា ខេត្តកោះកុង ខេត្តព្រះសីហនុ និងខេត្តកំពត មានទុនវិនិយោគប្រមាណ ២.៦ពាន់លានដុល្លារ ក្នុងនោះនៅខេត្តកោះកុង ទទួលបានទុនវិនិយោគប្រមាណជា ៤៧០លានដុល្លារអាមេរិក, ខេត្តព្រះសីហនុ ទទួលបានទុនវិនិយោគប្រមាណ២ពាន់លានដុល្លារ និងខេត្តកំពត ទទួលបានទុនវិនិយោគប្រមាណជា ១០០លានដុល្លារ។

សូមជម្រាបថា ចាប់ពីឆ្នាំ២០១៦ ដល់ ខែសីហា ឆ្នាំ២០១៩ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចឯកភាពលើគម្រោង វិនិយោគចំនួន ៨៣១គម្រោង ដែលមានទុនវិនិយោគជាង ២២.៥ពាន់លានដុល្លារអាមេរិក។ទោះបីជាយ៉ាងណា ទុនវិនិយោគក្នុងស្រុក បានបន្តឈរនៅលំដាប់លេខ១ ដែលមានទុនវិនិយោគប្រមាណ ១០ពាន់លានដុល្លារស្មើនឹងប្រមាណ៤៤.៧% នៃទុនវិនិយោគសរុប៕