(កណ្តាល)៖ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បន្ទាប់ពីចែកស្រូវពូជជូនប្រជាកសិករចប់នៅព្រឹកថ្ងៃទី១០ខែតុលា ឆ្នាំ២០១៩ថ្ងៃដដែលនេះ បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខអតីតយុទ្ធជន ៣គ្រួសារ ស្ថិតនៅឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល។

ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី គន់ គីម ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់អតីតយុទ្ធជន បន្ទាប់មកលោកបានថ្លែងអំណរគុណ ចំពោះអតីតយុទ្ធជននៅឃុំព្រែកតាមាក់ដែលបានធ្វើជាគំរូល្អនៅមូលដ្ឋានរក្សាបានកិត្តិយស និងសេចក្ដីថ្លៃថ្នូរ ក្នុងនាមខ្លួន ជាអតីតកងកម្លាំងប្រដាប់អាវុធ។

លោក គន់ គីម ក៏បានផ្តាំផ្ញើសមាជិកអតីតយុទ្ធជនកម្ពុជាទាំងអស់ ត្រូវជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រឆាំងដាច់ខាតរាល់ការឃោសនាញុះញង់របស់ពួកប្រឆាំង។

ទេសរដ្ឋមន្រ្តី គន់ គីម ក៏បានលើកសសើរដល់ ស.អ.ក ឃុំ ស្រុក ខេត្ត និងអាជ្ញាធរមូលដ្ឋាន ដែលបានជួយដល់អតីតយុទ្ធជន ពេលមានទុក្ខលំបាកបានទាន់ពេលវេលា និងសូមថ្នាក់ដឹកនាំ ស.អ.ក បន្តខិតខំចុះជួបបងប្អូនអតីតយុទ្ធជន និងជួយដោះស្រាយការលំបាករបស់ពួកគាត់ឲ្យបានទាន់ពេលវេលា។

ក្នុងនាមសម្តេចទាំងពីរ លោក គន់ គីម បានឧបត្ថម្ភសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនបងប្អូនអតីតយុទ្ធជនទាំង ៣គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ៥០គីឡូក្រាម ទឹកស៊ីវអ៉ីវ ២យួរ ទឹកត្រី ២យួរ មី ២កេះ ទឹកសុទ្ធវីតាល់ ២កេះ ថិវកា ៥០ម៉ឺនរៀល។ សរុបអង្ករ ១០០គីឡូ ទឹកត្រី ៤យួរ ទឹកស៊ីអ៉ីវ ៤យួរ មី៤កេះ ទឹកសុទ្ធវីតាល់ ៤កេះ ថវិកា ១លានរៀល។

លោក ញ៉ឺង ឆាង ជាយោធិនពិការជំនួសមុខឲ្យអតីតយុទ្ធជនទាំង២គ្រួសារ បានសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលជានិច្ចកាលបានគិតគូរពីសុខទុក្ខរបស់ពួកគាត់ទាំងជីវភាពរស់នៅ ទាំងសុខភាព ផ្តល់ផ្ទះដល់ពួកគាត់ ដែលមានជីវភាពខ្វះខាតពួកគាត់។

លោក ញ៉ឺង ឆាង តំណាងឱ្យគ្រួសារអតីតយុទ្ធជន បានសូមជូនពរឲ្យសម្តេចទាំងពីរ ព្រមទាំងក្រុមគ្រួសារ បានសុខសប្បាយ សុខភាពរឹងមាំបន្តដឹកនាំ ប្រទេសកម្ពុជាជារៀងរហូត។

លោកក៏សូមថ្លែងអំណរគុណលោកទេសរដ្ឋមន្ត្រី គន់ គីម ក៏ដូចជាថ្នាក់ដឹកនាំ ស.អ.ក គ្រប់ថ្នាក់ដែលបានយកចិត្តទុកដាក់ជួយពួកគាត់បានទាន់ពេលវេលា៕