(ភ្នំពេញ)៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ បញ្ជាក់ថា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចមិនឃុំខ្លួនជនត្រូវចោទ ឈ្មោះ សេង សុខន នោះទេ ក្រោយទទួលស្គាល់កំហុស ក្នុងសកម្មភាពកន្លងមក ដោយសារបាញ់បោកទណ្ឌិត សម រង្ស៉ី ក្នុងផែនការធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនត្រូវចោទឈ្មោះ សេង សុខន បានសហការឆ្លើយបំភ្លឺការ ពិតអំពីផែនការសកម្មភាពរបស់ខ្លួន និងបានផ្តល់ព័ត៌មាន អំពីមេក្លោងដែលបញ្ជាឲ្យអនុវត្តសកម្មភាពខុសច្បាប់ខាងលើនេះ ព្រមទាំងបានទទួលស្គាល់ទោសកំហុស ក្នុងការធ្វើសកម្មភាពកន្លងមក ដោយសារចាញ់បោកការឃោសនារបស់មេក្លោង ក្នុងការចូលរួមអនុវត្ត «ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្ស៊ី» ដែលតាមការពិត ផែនការនេះបង្កប់ឧបាយកល នៃការប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាល នៃកម្ពុជា ដែលជាអំពើខុសច្បាប់ធ្ងន់ធ្ងរ។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ជូនថា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចមិនឃុំខ្លួនជនត្រូវចោទ ឈ្មោះ សេង សុខន ខាងលើនោះទេ។

សូមជម្រាបថា នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ២០១៩នេះ ជនត្រូវចោទ ឈ្មោះ សេង សុខន ភេទស្រី ដែលត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់នៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៦៧២៥ ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ ពីបទ «រួមគំនិតក្បត់» ដោយយោងតាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងសកម្មភាពដឹកនាំ និងបំផុសកៀងគរប្រជាពលរដ្ឋ ឲ្យចូលរួមក្នុងផែនការ ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ក្រោមឧបាយកលជា «ផែនការនៃការវិលត្រឡប់ មកកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្ស៊ី» បានចូលមកបង្ហាញខ្លួននៅចំពោះមុខចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ៕