(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មឲ្យដឹងថា ការរៀបចំពិព័រណ៍ផលិតផលខ្មែរ ភូមិ១ផលិតផល១ ក្នុងយុទ្ធនាការទិញផលិតផលខ្មែរ រដូវកាលទី៤នេះ នឹងចូលរួមចំណែកបន្ថែម ក្នុងការពង្រឹងចង្វាក់ផលិតកម្ម ក្នុងស្រុកបង្កើតឱកាសការងារកាន់តែច្រើន ពិសេសដល់ផលិតករកម្ពុជា សំដៅធ្វើយ៉ាងណាជំរុញការផលិតនូវទំនិញ និងសេវា ក្នុងការបង្កើនគុណភាពទំនិញ និងអាចប្រកួតជាមួយទំនិញបរទេស ដែលបានកំពុងហូរចូលមកប្រទេសកម្ពុជា។

ការលើកឡើងបែបនេះ របស់លោក ប៉ាន សូរស័ក្តិ ធ្វើឡើងក្នុងឱកាសកម្មវិធីសម្ពោធផលិតផលខ្មែរ ភូមិ១ផលិតផល១ ក្នុងយុទ្ធនាការទិញផលិតផលខ្មែរ រដូវកាលទី៤ រៀបចំឡើងក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្រ្ដី យឹម ឆៃលី ប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩។

លោ ប៉ាន សូរស័ក្ដិ ថ្លែងឲ្យដឹង «យុទ្ធនាការទិញផលិតផលខ្មែរនឹងរួមចំណែក ពង្រឹងចង្វាក់ផលិតកម្មក្នុងស្រុក បង្កើតឱកាសការងារកាន់តែច្រើន តាមមូលដ្ឋានដោយបានផ្ដល់ចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ល្អៗ ដល់ផលិតករកម្ពុជា សំដៅធ្វើយ៉ាងណាជំរុញពួកគាត់ផលិតទំនិញ និងសេវាដែលមានគុណភាព, មានសុវត្ថិភាព, មានអនាម័យល្អ, មានតម្លៃសមរម្យ និងជាទីទុកចិត្តសម្រាប់អ្នកប្រើប្រាស់ ពិសេសគឺអាចចូលរួមប្រកួតប្រជែង ជាមួយទំនិញនាំចូលពីបរទេស ដែលបាននិងកំពុងហូរចូលមកទីផ្សារកម្ពុជា ខណៈកម្ពុជាកំពុងអនុវត្តន៍នូវរបបទីផ្សារសេរី»

លោករដ្ឋមន្រ្ដីបន្ដថា ប្រទេសកម្ពុជានឹងទទួលបានប្រាក់ចំណូលកាន់តែច្រើន សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច និងលទ្ធភាពង្កើតការងារ កាន់តែច្រើននៅពេលណាដែលចង្វាក់ផលិតកម្ម ក្នុងស្រុកមានភាពរឹងមាំ អាចធ្វើពិពិធកម្មនាំចេញឥតឈប់ឈរ ទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក និងអាចទាញយកផលប្រយោជន៍ពី ភាពអនុគ្រោះពាណិជ្ជកម្ម ដែលប្រទេសអភិវឌ្ឍន៍បានផ្ដល់ឲ្យកម្ពុជា។

លោក ប៉ាន សូរស័ក្ដិ បានបញ្ជាក់ថា គិតមកដល់ឆ្នាំ២០១៩នេះ ក្រសួងពាណិជ្ជកម្មបានរៀបចំ យុទ្ធនាការទិញផលិតផលខ្មែរចំនួន៤រដូវការមកហើយ ដែលក្នុងរដូវកាលនីមួយៗ ក្រសួងពាណិជ្ជកម្មបានរៀបចំ នៅតាមបណ្ដោយរាជធានី-ខេត្តចំនួន៥-៦លើក ដោយបានប្រមូលកៀរគរផលិតផលក្នុងស្រុក ក្នុងក្របខណ្ឌទូទាំងប្រទេសរាប់ទាំងផលិតផល ដែលជាសក្ដានុពលមិនទាន់កែច្នៃ និងកែច្នៃរួច ផលិតផលកសិ-ពណិជ្ជកម្ម កសិ-ឧស្សាហកម្ម ផលិតផលដែលស្ថិតនៅក្នុងចលនាភូមិ១ ផលិតផល១ ផលិតផល និងសេវាដែលទើបបង្កើតថ្មីដូចជា ផលិតផលហាឡាល ផលិតផលសម្គាល់ភូមិសាស្រ្ដទំនិញ (GI) និងម៉ាកដែលទើបបង្កើថ្មី មកធ្វើការដាក់តាំងបង្ហាញជូនមហាជនទូទៅបានស្គាល់ និងចូលរួមប្រើប្រាស់តាមតម្រូវការ។

លោកបន្ដថា លទ្ធផលដែលទទួលបានពី ការរៀបចំយុទ្ធនាការនេះ ធ្វើឲ្យផលិតផលកម្ពុជា មានការផ្លាស់ប្ដូរទាំងគុណភាព សោភ័ណភាព, សុវត្ថិភាព, តម្លៃ, ការដាក់ស្លាកសំគាល់ត្រឹមត្រូវ និងកំពុងមានវត្តមានលើទីផ្សារក្នុងប្រទេសដូចជា៖ មានដាក់លក់នៅព្រលានយន្ដហោះ, ផ្សារទំនើប, សណ្ឋាគារធំៗ និងទីផ្សារក្រៅប្រទេស តាមរយៈមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជានៅបរទេស កាន់តែច្រើនឡើងៗ។

លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានសំដែងការកោតសសើរចំពោះ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ក្នុងការរៀបចំព្រឹត្តិការរៀបចំពិព័រណ៍ផលិតផលខ្មែរ ភូមិ១ផលិតផល១ ក្នុងយុទ្ធនាការទិញផលិតផលខ្មែរ រដូវកាលទី៤នេះ។ លោកបន្ដថា ការលើកម្ពស់ការប្រើប្រាស់ និងយល់ដឹង-គាំទ្រដល់ផលិតផលខ្មែរ ជាការងារដែលយើងត្រូវរួមសហការគ្នា ធ្វើទាំងស្ថាប័នរដ្ឋ អង្គការដៃគូ វិស័យឯកជន និងសហគមន៍។

លោកបានបន្ដថា «ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច វិស័យពាណិជ្ជកម្មដើរតួនាទីសំខាន់ ក្នុងការអភិវឌ្ឍ និងជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ។ ពីមួយឆ្នាំទៅមួយឆ្នាំការនាំចេញទំនិញពីកម្ពុជា ទៅកាន់ទីផ្សារអន្ដរជាតិមានការកើនឡើងជាលំដាប់ កម្ពុជាបាននាំចេញទំនិញ និងសេវាទៅកាន់ទីផ្សារចំនួន១៤៧ប្រទេស ដែលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) គិតជាតម្លៃប្រមាណ៦០%នៃផលិតផលក្នុងស្រុក និងនាំចូលមកវិញនូវទំនិញ និងសេវាពី១៣៥ប្រទេសគិតជាតម្លៃប្រមាណ៦៥% នៃផលិតផលក្នុងស្រុកសរុប មកបំពេញតម្រូវការសេដ្ឋកិច្ច ដែលជាការរួមចំណែកយ៉ាងធំធេង ដល់កំណើនផលផលក្នុងស្រុកសរុប៕