(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា ស្ថានទូតឥណ្ឌាប្រចាំរាជធានីភ្នំពេញ និងក្រុមហ៊ុនវិចិត្រាឥណ្ឌានាំចេញ នឹងសហការគ្នារៀបចំតាំងពិព័រណ៍ «ខាឌី-ផលិតផលសិប្បកម្មក្រណាត់ឥណ្ឌា» លើកទី១ នៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី នៃទឹកដីសៀមរាប-អង្គរ នាថ្ងៃទី១២-១៤ ខែតុលា ឆ្នាំ២០១៩ ដើម្បីអបអរសាទរខួបលើកទី១៥០ របស់លោកមហាត្មៈ គន្ធី ក្រោមអធិបតីភាពទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម។

ទាក់ទងនឹងព្រឹត្តិការណ៍នេះ លោកស្រីសាស្រ្តាចារ្យ Archana Shastri ប្រធានសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីបានឱ្យដឹងថា ការប្រារព្ធពិព័រណ៍ «ខាឌី-ផលិតផលសិប្បកម្មក្រណាត់ឥណ្ឌា» ក្នុងបំណងរំឭកដល់ខួបនៃការកើតរបស់មហាត្មៈ គន្ធី (១៨៦៩-១៩៤៨) ដែលមកដល់ពេលនេះគឺមានរយៈពេល១៥០ឆ្នាំហើយ។

ក្នុងរយៈពេលនៃការរស់នៅរបស់វីរបុរសឥណ្ឌារូបនេះ បានបន្សល់នូវមរតកវប្បធម៌ក្នុងការឱ្យប្រជាជនឥណ្ឌាងាកមកផលិត និងប្រើប្រាស់ក្រណាត់ដែលផលិតដោយខ្លួនឯង ដើម្បីរក្សាបាននូវអត្តសញ្ញាណជាតិ និងការលើកកម្ពស់សេដ្ឋកិច្ចជាតិដោយប្រជាជនឥណ្ឌាផ្ទាល់។

លោកស្រីសាស្ត្រាចារ្យបញ្ជាក់ថា មហាត្មៈ គន្ធី គឺជាវីរបុរសបដិវត្តអហិង្សារបស់ឥណ្ឌា ដែលព្រួយបារម្ភពីការបាត់បង់ចំណូលក្នុងគ្រួសារឥណ្ឌា សេដ្ឋកិច្ចប្រទេសឥណ្ឌា ប្រជាជនគ្មានការងារធ្វើ ត្រូវបង់ពន្ធលើទំនិញទិញចូល បាត់បង់របរប្រពៃណី បាត់បង់ការដាំដុះវត្ថុធាតុដើម និងបាត់បង់ទេពកោសល្យក្នុងការផលិតសិប្បកម្មប្រពៃណីមួយនេះ នៅពេលប្រជាជនឥណ្ឌាឈប់ផលិតក្រណាត់ប្រើប្រាស់ដោយខ្លួនឯង ហើយបែរជ្រើសយកវត្ថុធាតុដើមទៅលក់ឱ្យអង់គ្លេស ដែលដាក់អាណានិគមលើប្រទេសខ្លួន ដែលគេផលិតដោយម៉ាស៊ីន រួចយកផលិតផលសម្រេចមកលក់ឱ្យប្រជាជនឥណ្ឌាវិញក្នុងតម្លៃថោកជាងផលិតផលក្នុងស្រុក។

លោកស្រីបានបន្តថា ទស្សនៈសំខាន់របស់មហាត្មៈ គន្ធី គឺនៅប្រទេសឥណ្ឌាមានវណ្ណៈច្រើន មានសាសនាច្រើន មានប្រជាជនច្រើន តែតាមរយៈការស្លៀកសម្លៀកបំពាក់ដូចគ្នា ដែលធ្វើដោយជនជាតិឥណ្ឌា នឹងធ្វើឱ្យប្រជាជនឥណ្ឌាមើលទៅមានភាពស្មើគ្នា ចេះសហការគ្នា ហើយទោះទៅដល់ទីណា កន្លែងណា សាសនាអ្វី វណ្ណៈអ្វី ក៏នៅតែមើលទៅគេដឹងថាជាជនជាតិឥណ្ឌា។

ដូច្នេះហើយ ក្រណាត់ដែលផលិតដោយជនជាតិឥណ្ឌា គឺជាផ្នែកដ៏សំខាន់ក្នុងការបង្រួបបង្រួមប្រជាជនឥណ្ឌាឱ្យរក្សាបាននូវរបរប្រពៃណី វត្ថុធាតុដើមក្នុងការផលិតក្រណាត់ ការកសាងសេដ្ឋកិច្ចជាតិ និងការរើបម្រាស់ពីអាណានិគមអង់គ្លេសផងដែរ ពិសេសគឺបានធ្វើប្រជាជនឥណ្ឌាឈប់ឱ្យតម្លៃលើផលិតផលបរទេស (អង់គ្លេស) ហើយងាកមកឱ្យតម្លៃលើផលិតផលក្នុងស្រុកវិញ និងរក្សាបាននូវអត្តសញ្ញាណជាតិ ឆ្លុះបញ្ចាំងពីខ្លួនឯង តាមរយៈការស្លៀកពាក់សម្លៀកបំពាក់នេះតែម្តង។

សូមបញ្ជាក់ថា ការរៀបចំពិធីតាំងពិព័រណ៍ «ខាឌី-ផលិតផលសិប្បកម្មក្រណាត់ឥណ្ឌា» នេះ នឹងបើកជូនសាធារណជនចូលទស្សនា សិក្សាស្វែងយល់ពីវប្បធម៌ឥណ្ឌា ដោយសេរី ចាប់ពីម៉ោង៩ព្រឹក រហូតដល់ម៉ោង៧យប់ នៅថ្ងៃទី១២-១៤ ខែតុលា ឆ្នាំ២០១៩ នៅសារមន្ទីរប្រពៃណីអាស៊ី មានទីតាំងនៅផ្លូវ៦០ម៉ែត្រ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប៕