(ភ្នំពេញ)៖ ធនាគារពិភពលោក (World Bank) នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ បានចេញផ្សាយរបាយការណ៍ថ្មីមួយ ដោយព្យាករណ៍ពីកំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០១៩ថា នៅតែបន្ដភាពរឹងមាំ ក្នុងអត្រា៧ភាគរយ។

របាយការណ៍បានកត់សម្គាល់ថា វិស័យនាំចេញរបស់កម្ពុជានៅឆ្នាំ២០១៩នៅតែរឹងមាំ ខណៈវិស័យសំណង់នៅតែមានភាពមមាញឹកដដែល។

តម្លៃរបស់គម្រោងវិនិយោគថ្មី ដែលត្រូវបានអនុម័តរួច (តាមរយៈការវិនិយោគផ្ទាល់ពីបរទេស និងមូលនិធិក្នុងស្រុក) មានសម្ទុះកើនក្នុងអំឡុងពេលប្រាំមួយខែដំបូង នៃឆ្នាំ២០១៩។ ជិត៤០ភាគរយ នៃវិនិយោគផ្ទាល់ពីបរទេស ហូរចូលពីប្រទេសចិន។

វិស័យទេសចរណ៍ នៅរក្សាភាពរឹងប៉ឹង ដោយក្នុងនោះ ការមកដល់របស់ភ្ញៀវអន្តរជាតិកើនដល់១១.២ភាគរយ ត្រឹមខែមិថុនា ឆ្នាំ២០១៩ ហើយក្នុងនោះទៀតជិត៤០ភាគរយ នៃភ្ញៀវអន្តរជាតិ គឺមកពីប្រទេសចិន។

ជាមួយគ្នានេះ World Bank ក៏បានព្យាករណ៍ផងដែរ អំពីសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២០ និងឆ្នាំ២០២១ មានកំណើន៦.៨ភាគរយ។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជា នៅឆ្នាំ២០១៩នេះ នៅតែមានកំណើនខ្ពស់ ក្នុងអត្រា៧.១ភាគរយ ដោយសារកំណើនខ្ពស់នៃការនាំចេញ ពិសេសផលិតផលកាត់ដេរ ការបន្តកំណើនរឹងមាំ នៃការវិនិយោគលើវិស័យសំណង់ និងការរីកធំធាត់ នៃការប្រើប្រាស់ក្នុងស្រុក។

ដោយឡែក ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករថា ផលិតផលនៅក្នុងស្រុក ឬ GDP របស់កម្ពុជា នឹងមានអាត្រាកំណើន៧ភាគរយ នៅឆ្នាំ២០១៩នេះ ដែលជាកំណើនខ្ពស់ជាងគេបំផុត ក្នុងចំណោមបណ្ដាប្រទេស ជាសមាជិកអាស៊ានដទៃទៀត។ ADB ក៏បានបញ្ជាក់ដែរថា GDP របស់កម្ពុជា នឹងមានអាត្រាកំណើន៦.៨ភាគរយ នៅឆ្នាំ២០២០៕