(ភ្នំពេញ)៖ លោក ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានលើកឡើងថា រដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការអនុវត្តអនុសញ្ញាស្តីពី សិទ្ធិជនពិការ ហើយបច្ចុប្បន្ននេះក៏កំពុងរៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាពឆ្នាំ២០១៩-២០២៣ ដើម្បីផ្តោតសំខាន់លើការកាត់បន្ថយភាពក្រីក្រជនរបស់មានពិការភាព ដើម្បីធានាបាននូវជីវភាពប្រសើរឡើងរបស់ពួកគេ និងលើកកម្ពស់ឯករាជ្យភាពរបស់ពួកគេ។

កិច្ចប្រជុំឧត្តមមន្ត្រី The Belt and Road Hight-Level Event on Disability Cooperation និងកិច្ចប្រជុំឧត្តមមន្ត្រីលើកទី៣នៃតំបន់អាស៊ី អឺរ៉ុបស្តីពីកិច្ចសហប្រតិបត្តិការវិស័យពិការភាព ត្រូវបានចាប់ដំណើរការហើយនាថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង សាធារណៈរដ្ឋប្រជាមានិតចិន ក្នុងនោះដែរក៏មានតំណាងលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមក្នុងពិធីបើកកិច្ចប្រជុំឧត្តមលើកទី៣ នៃតំបន់អាស៊ី អឺរ៉ុបស្តីពី កិច្ចសហប្រតិបត្តិការវិស័យពិការភាព ក្នុងនាមតំណាងរដ្ឋាភិបាលកម្ពុជាផងដែរ។

លោក ឯម ច័ន្ទមករា ថ្លែងថា កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមមុនពេលយើងផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិជនពិការកាលពី ១០ឆ្នាំមុន។ កម្ពុជាបានបន្តធ្វើការ នៅថ្នាក់ជាតិក៏ដូចជា ថ្នាក់អន្តរជាតិ ដើម្បីសម្រេចគោលបំណងរបស់អនុសញ្ញាស្តីពីសិទ្ធិជនពិការ និងអនុវត្តបទប្បញ្ញត្តិផ្សេងៗទៀតស្តីពីពិការភាព។ យើងបានបង្កើតយន្តការសម្របសម្រួល ថ្នាក់ជាតិមួយ ដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធរួមមានរដ្ឋាភិបាល វិស័យឯកជន សង្គមស៊ីវិល ជនមានពិការ ដើម្បីអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការប្រកបដោយប្រសិទ្ធភាព។

លោកបានបញ្ជាក់ថា «កម្ពុជាក៏មានការជឿនលឿនទៅមុខគួរឲ្យកត់សម្គាល់ក្នុងការកសាងសង្គមដែលមានដាក់បញ្ចូលគ្នា និងលើកកម្ពស់សុខុមាលភាពជនមានពិការភាពស្របតាមការខិតខំ របស់យើងដើម្បីអនុវត្តរបៀបវារៈឆ្នាំ២០៣០។ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ យើងនឹងធ្វើការជាមួយសហគមន៍ ដើម្បីលើកកម្ពស់ការអនុវត្តឲ្យកាន់តែទូលំទូលាយថែមទៀត មិនថានៅក្នុងវិស័យអប់រំការងារឬសង្គមឡើយ។ ការដាក់បញ្ចូលជនពិការក្នុងគ្រប់វិស័យត្រូវបានទទួលស្គាល់យ៉ាងច្បាស់ថា ជាការយកចិត្តទុកដាក់ដូចការងារសិទ្ធិមនុស្សនៅកម្ពុជាផងដែរ។ ក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតគោលនយោបាយអប់រំបញ្ចូលគ្នា និងផែនការសកម្មភាពអប់រំបញ្ចូលឆ្នាំ២០១៩-២០២៣ ដោយបង្កើនចំនួនការចុះឈ្មោះចូលរៀនរបស់សិស្សមានពិការភាពនៅគ្រប់កម្រិត»

លោកបានបញ្ជាក់ថា «ការទទួលស្គាល់ថាកង្វះគ្រូអប់រំពិសេសដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ គឺជាឧបសគ្គរារាំងដល់ការអប់រំកុមារមានពិការភាព។ ប្រទេសកម្ពុជាដែលបានបង្កើតវិទ្យាស្ថានជាតិអប់រំពិសេស ដែលជាការចូលរួមចំណែកជំរុញឲ្យសិស្សមានពិការភាពទទួលបានការអប់រំកាន់តែប្រសើរឡើង។ យើងបានដាក់ចេញនូវយុទ្ធសាស្រ្តផ្សេងទៀតរួមមាន៖ ការផ្តល់សម្ភារៈបង្រៀនកាន់តែច្រើន និងភាពប្រសើរឡើងជាងមុនក្នុងទម្រង់នៃឧបករណ៍អប់រំ សៀវភៅសម្រាប់មនុស្សពិការភ្នែក និងវចនានុក្រមជាសំលេង ជាភាសាសញ្ញាបានបញ្ជាក់នៅក្នុងផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាពឆ្នាំ២០១៩-២០២៣»

លោកបន្តថា ទោះយ៉ាងណាក៏ដោយ ឧបសគ្គដែលកំពុងបន្តកើតមានចំពោះការអប់រំដែលប្រឈមនិងសិស្សពិការដែលរួមមាន៖ កង្វះលទ្ធភាពប្រើប្រាស់ទាំងផ្នែកអាគារសាលារៀនដែលខ្វះជម្រាល និងការបង្កលក្ខណៈងាយស្រួលដែលអាចចេញចូលបាន និងសម្ភារៈសិក្សាសម្រាប់ថ្នាក់អប់រំពិសេស។ ការរើសអើង ចំពោះជនមានពិការក្នុងការទទួលបានការអប់រំ ដោយស្មើភាពគ្នាចំពោះ អ្នកដទៃ។ល។ ចំពោះអ្នកជំងឺដែលមានពិការភាពប្រឈមនឹងឧបសគ្គនៅពេលពួកគេព្យាយាមទទួលបានការថែទាំសុខភាព ឧបសគ្គទាំងនេះរួមមាន ឧបសគ្គរូបវ័ន្តក្នុងការចូលមណ្ឌលថែទាំសុខភាព កង្វះខាតគ្រឿងបរិក្ខារនៃការបង្កលក្ខណៈងាយស្រួលចេញចូលជាដើម។ លោកបន្តទៀតថា នៅប្រទេសកម្ពុជាប្រសិនបើអ្នកមានពិការភាពអ្នកមានជម្រើស ជាច្រើនសម្រាប់ការធានារ៉ាប់រង សុខភាពតាមរយៈរដ្ឋាភិបាលផងដែរ។

លោកបន្ថែមថា ក្រសួងសុខាភិបាលបានបង្កើតកញ្ចប់មូលនិធិសមធម៌សុខភាពសម្រាប់ជនក្រីក្រ និងជនមានពិការភាពដើម្បីទទួលបានសេវាថែទាំសុខភាពដោយឥតគិតថ្លៃ។ រដ្ឋាភិបាលផ្តល់អត្ថប្រយោជន៍ផ្នែកវេជ្ជសាស្រ្តឥតគិតថ្លៃដល់ជនមានពិការ ហើយអ្នកជំងឺពិការជាច្រើនទទួលបានការថែទាំសុខភាពរបស់ពួកគេតាមរយៈមជ្ឈមណ្ឌលស្តារនីតិសម្បទា ហើយទទួលបានឧបករណ៍ជំនួយមួយចំនួនរួមទាំងរទេះរុញផងដែរ។

សូមបញ្ជាក់ផងដែរ ការងាររីកចម្រើនសម្រាប់ជនមានពិការភាព និងការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជាអាចត្រូវបានគេសន្មតថា ជាការលើកទឹកចិត្ត និងគោលនយោបាយវិជ្ជមាន ដែលត្រូវបានផ្សព្វផ្សាយដោយរដ្ឋាភិបាលនៃប្រទេសកម្ពុជា ដើម្បីលើកទឹកចិត្តដល់អ្នកធ្វើអាជីវកម្មវិនិយោគនៅកម្ពុជា។

ក្នុងឆ្នាំ២០១៨ជនពិការមានចំនួន២,៣៩៣នាក់បានបម្រើការងារនៅក្នុងក្រសួងស្ថាប័នចំនួន៤០ ហើយជនពិការចំនួន ៣,៤៧៥នាក់មានការងារធ្វើនៅក្នុងក្រុមហ៊ុនចំនួន៧៧។ រដ្ឋាភិបាលបានប្តេជ្ញាថា នឹងអនុវត្តការជ្រើសរើសជនមានពិការភាពឲ្យគ្រប់តាមអត្រាកំណត់សម្រាប់ផ្តល់ការងារដល់ជនពិការ២% សម្រាប់ស្ថាប័នរដ្ឋ និង១%ទៀតសម្រាប់វិស័យឯកជន៕