(ភ្នំពេញ)៖ រាជរដ្ឋាភិបាល តែងតែស្វាគមន៍ ចំពោះអ្នកវិនិយោគគ្រប់ជាតិសាសន៍ទាំងអស់ រួមទាំងអ្នកវិនិយោគក្នុងស្រុក។ ច្បាប់វិនិយោគកម្ពុជា ពុំមានការរើសអើង សម្រាប់ការវិនិយោគនៅកម្ពុជា និងផ្តល់នូវប្រព្រឹត្តកម្មដូចគ្នាទាំងអស់។

កត្តាទាំងនេះហើយដែលបណ្តាលឱ្យកម្ពុជាមានភាពទាក់ទាញ ទទួលបានគម្រោង វិនិយោគមកពីបណ្តាប្រទេសជាច្រើន ក្នុងនោះការវិនិយោគចិន មានភាពលេចធ្លោជាងគេ នៅក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ជាពិសេសចាប់ពីឆ្នាំ២០១៦ រហូតមកដល់ខែសីហា ឆ្នាំ២០១៩ ដែលការវិនិយោគទាំងនេះ ពុំផ្ដោតតែលើឧស្សាហកម្មកាត់ដេរ ស្បែកជើង និងកាបូបនោះទេ។

លោក ជា វុទ្ធី អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «សក្តានុពលនៃការវិនិយោគនៅកម្ពុជា» របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ បានលើកឡើងអំពីសក្ដានុពលវិនិយោគ និងឧត្តមភាពសំខាន់ៗរបស់កម្ពុជាដូចតទៅ៖

ទី១៖ ភាពអំណោយផលនៃសុខសន្តិភាព ស្ថិរភាពនយោបាយ ម៉ាក្រូសេដ្ឋកិច្ច រួមជាមួយនឹងក្របខណ្ឌច្បាប់ និងស្ថាប័នដែលប្រកបដោយប្រសិទ្ធិភាព តម្លាភាព គណនេយ្យភាព និងភាពអាចប៉ាន់ប្រមាណបាន។

ទី២៖ ការបើកចំហសេដ្ឋកិច្ច សម្រាប់អ្នកវិនិយោគទាំងអស់ ដោយគ្មានការរើសអើងរវាងអ្នកវិនិយោគកម្ពុជា និងអ្នកវិនិយោគបរទេស។ កម្ពុជាអនុញ្ញាតឱ្យជនបរទេ សធ្វើការបណ្តាក់ទុន១០០% លើគ្រប់វិស័យ ដោយពុំមានការតម្រូវឱ្យមានភាគហ៊ុន របស់អ្នកវិនិយោគក្នុងស្រុក ដែលនេះជាការបើកទូលាយបំផុតរបស់កម្ពុជា ធៀបនឹងប្រទេសក្នុងតំបន់។

ទី៣៖ កម្លាំងពលកម្មដែលមានភាពសម្បូរបែប និងវ័យក្មេង ដែលក្នុងនោះប្រជាជនដែលមានអាយុ៣៥ឆ្នាំចុះ មានចំនួនដល់ទៅ៧២% នៃចំនួនប្រជាជនសរុប គួបផ្សំនឹងប្រាក់ឈ្នួល ដែលមានភាពប្រកួតប្រជែង។

ទី៤៖ កម្ពុជាមានសក្តានុពលសម្រាប់ការអភិវឌ្ឍទេសចរណ៍ «វប្បធម៌ និងធម្មជាតិ» រួមមានសម្បត្តិវប្បធម៌ ធនធានធម្មជាតិ កេរ្តិ៍តំណែលប្រវត្តិសាស្រ្ត ព្រមទាំងទេសភាពដ៏ស្រស់ត្រកាល នៃឆ្នេរសមុទ្រ ទន្លេ បឹងបួរ និងព្រៃព្រឹក្សារបស់ជាតិ ដែលទាំងនេះមានភាពទាក់ទាញ សម្រាប់ទីផ្សារទេសចរណ៍ទាំងក្នុងស្រុក និងអន្តរជាតិ។

ទី៥៖ កម្ពុជាស្ថិតនៅលើទីតាំងជាយុទ្ធសាស្ត្រ ក្នុងតំបន់អាស៊ាន ដែលតំបន់នេះបាននិងកំពុងក្លាយជា «រោងចក្រនៃអាស៉ី»។

បើតាមលោក ជា វុទ្ធី កត្តាភូមិសាស្រ្តរបស់កម្ពុជា ជាសក្តានុពលសម្រាប់កម្ពុជា ក្នុងការតភ្ជាប់សេដ្ឋកិច្ចរបស់ខ្លួនទៅនឹងខ្សែចង្វាក់ផលិតកម្មតំបន់ ដែលកំពុងមានភាពរស់រវើក តាមរយៈយុទ្ធសាស្រ្ត ចិន+១ និង ថៃ+១ ហើយជាងនេះទៅទៀត ទំនិញផលិតនៅកម្ពុជាអាចផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក, ទីផ្សារអនុតំបន់មេគង្គ, ទីផ្សារអាស៊ាន, និងទីផ្សារសំខាន់ៗដទៃទៀត ក្នុងពិភពលោក។ កម្ពុជាក៏បានចុះកិច្ចព្រមព្រៀងទ្វេភាគី ស្តីពីការការពារវិនិយោគជាមួយប្រទេសដៃគូមួយចំនួន ដែលកិច្ចព្រមព្រៀងទាំងនេះ ជាកតាលីករជំរុញ និងទាក់ទាញ អ្នកវិនិយោគពីបរទេសបន្ថែមទៀតមកកម្ពុជា ហើយបច្ចុប្បន្នកម្ពុជា បានចុះកិច្ចព្រមព្រៀង ស្តីពីការការពារវិនិយោគនេះ ជាមួយប្រទេសដៃគូចំនួន២៩ប្រទេស។

លោកបន្តថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន និងកំពុងខិតខំអនុវត្តការងារយ៉ាងសកម្មស្របតាមបេសកកម្ម តួនាទី និងភារកិច្ចរបស់ខ្លួន ក្នុងការជំរុញ ទាក់ទាញ និងថែទាំការវិនិយោគទាំងឡាយ សំដៅធានាជំរុញឱ្យកម្ពុជា ក្លាយជាគោលដៅវិនិយោគមួយ ដែលមានភាពទាក់ទាញខ្លាំង ដើម្បីជាការរួមចំណែកក្នុងការសម្រេចឱ្យបាន នូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ជាមួយគ្នានេះ ក្នុងក្របខណ្ឌនៃការរៀបចំច្បាប់ស្តីពីវិនិយោគ និងច្បាប់ស្ដីពីតំបន់សេដ្ឋកិច្ចពិសេស កាលពីខែមិថុនាកន្លងទៅ សេចក្ដីព្រាងច្បាប់ទាំងពីរនេះ ត្រូវបានរៀបចំបញ្ចប់រួចរាល់ហើយត្រឹមកម្រិតបច្ចេកទេស។

លោកបន្ថែមថា ច្បាប់ថ្មីទាំងពីរនេះ មានគោលបំណងបង្កើតនូវក្របខណ្ឌគតិយុត្ត ដែលបើកចំហ សាមញ្ញ មានតម្លាភាព និងអាចប៉ាន់ប្រមាណបាន ដើម្បីធ្វើឱ្យប្រសើរឡើង នូវបរិយាកាសវិនិយោគ, បង្កើនទំនើបកម្ម និងផលិតកម្មនៃឧស្សាហកម្មក្នុងស្រុក, ពង្រឹងការតភ្ជាប់ទៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់តំបន់ និងសកល, ព្រមទាំងគាំទ្រគោលនយោបាយសេដ្ឋកិច្ច និងសង្គម។ ជាពិសេស ច្បាប់ថ្មីស្ដីពីវិនិយោគ នឹងផ្ដល់ការលើកទឹកចិត្តបន្ថែម ចំពោះបណ្ដាសកម្មភាពមួយចំនួន លើសពីច្បាប់ចាស់ ដូចជាសកម្មភាពដែលគាំទ្រដល់ការផលិតជំនួសការនាំចូល ការចំណាយទៅលើសុខុមាលភាព របស់កម្មករនិយោជិត និងការសម្រួលលើនីតិវិធីវិនិយោគ ឱ្យកាន់តែមានភាពងាយស្រួលជាងមុន។

លោក ជា វុទ្ធី ថ្លែងថា «តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវវិធានការធ្វើឱ្យប្រសើរឡើងបរិយាកាសធុរកិច្ច និងវិនិយោគ កម្ពុជានឹងនៅតែបន្តជាគោលដៅវិនិយោគដ៏មានសក្តានុពល និងអាចទាក់ទាញបានសកម្មភាពវិនិយោគថ្មីៗបន្ថែមទៀត ពិសេសសកម្មភាពវិនិយោគ ដែលមានតម្លៃបន្ថែមខ្ពស់»

លោកបញ្ជាក់ថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងបន្តការងារដែលជាអាទិភាពរបស់ខ្លួន ដោយផ្តោតលើ៖
១៖ ការសម្រួលបែបបបទ និងនីតិវិធីស្នើសុំវិនិយោគ តាមរយៈប្រព័ន្ធអនឡាញ
២៖ ការពង្រឹងលើកកម្ពស់ប្រសិទិ្ធភាពនៃយន្តការច្រកចេញ-ចូលតែមួយ និងយន្តការត្រួតពិនិត្យនិងតាមដានការអនុវត្តគម្រោងវិនិយោគ
៣៖ ការពង្រឹងយន្តការផ្តល់សេវាថែទាំវិនិយោគ និងដោះស្រាយបញ្ហាប្រឈមរបស់អ្នកវិនិយោគ ក្នុងគ្រប់ដំណាក់កាលនៃការអនុវត្តគម្រោងវិនិយោគ
៤៖ ការរៀបចំនិងដាក់ឱ្យអនុវត្តនូវយុទ្ធសាស្រ្ត និងវិធានការជាក់ស្តែង ដើម្បីជំរុញការផ្សព្វផ្សាយ និងទាក់ទាញវិនិយោគ ដោយផ្តោតលើប្រទេសគោលដៅមួយចំនួន និងកំណត់ប្រភេទឧស្សាហកម្មអាទិភាពច្បាស់លាស់
៥៖ ការរៀបចំដាក់ចេញនូវយន្តការពិសេសសម្រាប់ទាក់ទាញវិនិយោគ
៦៖ ការបន្តកិច្ចសហប្រតិបត្តិការ និងការចុះអនុស្សារណនៃការយោគយល់គ្នា ស្ដីពីការជំរុញ និងទាក់ទាញវិនិយោគ ជាមួយបណ្ដាប្រទេស និងស្ថាប័នឯកជន និងសាធារណៈ។

សូមជម្រាបថា គិតចាប់តាំងពីឆ្នាំ២០១៦ មកដល់ខែសីហា ឆ្នាំ២០១៩ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចឯកភាពលើគម្រោង វិនិយោគចំនួន ៨៣១គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ២២.៥ប៊ីលានដុល្លារអាមេរិក៕