(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ បានបន្តសកម្មភាពលើកសម្រស់ខេត្តបន្ថែមទៀត ដោយដឹកនាំមន្ត្រី រាជការសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត ធ្វើការដាំដើមផ្កាសាគូរ៉ា ចំនួន១២០ដើម ជាជំហានទី១ តាមបណ្ដោយផ្លូវភ្លោះក្នុងតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ ដោយតាមគម្រោងនឹងមានការដាំផ្កា ប្រភេទនេះ និងដើមផ្កា ក៏ដូចជា រុក្ខជាតិផ្សេងៗទៀត រហូតដល់ប្រមាណ ១ម៉ឺនដើម។

ថ្លែងក្នុងឱកាសនោះលោក ជាម ច័ន្ទសោភ័ណ បានថ្លែងថា ការដាំដើមផ្កាសាគូរ៉ានេះឡើង ដើម្បីលើកកម្ពស់បរិស្ថាន ពិសេសក្រោយដើមផ្កានេះធំពេញរូបរាង មានផ្កាដ៏ស្រស់ស្អាត ដែលប្រជាជនជប៉ុន ក៏ដូចជា គ្រប់ប្រទេសទូទាំងពិភពលោក ដែលបានស្គាល់ពីសម្រស់ដើមផ្កានេះ ពិតជានឹងផ្តល់សោភ័ណភាពថ្មីប្លែកមួយកម្រិតទៀត ក៏ដូចជា សម្រាប់លម្អទីប្រជុំទីរួមខេត្ត ជាពិសេសទាក់ទាញភ្នែក អន្ទងចិត្តភ្ញៀវទេសចរក្នុងខេត្តក្នុងស្រុក និងក្រៅស្រុកមកទស្សនាកំសាន្ត បាននាពេលរដូវផ្កានេះបង្អួតសម្រស់ ដែលជាការលើកមុខមាត់ថ្មី លើកទឹកដីខេត្តមួយនេះ។

សូមរំលឹកថា ខេត្តត្បូងឃ្មុំបន្ទាប់ពីបង្កើតឡើង គឺបានចាត់ទុកជាខេត្តគំរូមួយមានប្លង់មេច្បាស់លាស់ ការសាងសង់អគារសាលាខេត្ត មន្ទីរជុំវិញខេត្ត ផ្ទះស្នាក់នៅរបស់មន្ត្រីរាជការ ទៅតាមស្តង់ដារ និងហេដ្ឋារចនាសម្ព័ន្ធនានាជុំវិញខេត្ត បានផុសឡើងអមដោយភ្លើងពណ៍នាពេលរាត្រី រង្វង់មូលធំៗ ក៏ដូចជាសួនច្បារ មានទាំងទន្លេសិប្បនិម្មិត និងដើមរុក្ខជាតិដុះលូតឡើង ពណ៍ខៀវស្រងាត់ ពោរពេញទៅដោយខ្យល់អាកាសបរិសុទ្ធ និងទិដ្ឋភាពស្អាតយ៉ាងត្រជាក់ភ្នែក។

បន្ថែមលើសពីនេះ ចំពោះការលើកកម្ពស់បរិស្ថាន និងសោភ័ណភាពខេត្ត ក្រោមការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់របស់លោក ជាម ច័ន្ទសោភ័ណ តែងតែដឹកនាំមន្ត្រីរាជការ សិស្សានុសិស្សចុះសម្អាតបរិស្ថាន ក្នុងតំបន់រដ្ឋបាលខេត្ត និងតាមបណ្តាក្រុងស្រុកជុំវិញខេត្ត ព្រមទាំងណែនាំប្រជាពលរដ្ឋ និងអាជីវករប្រមូលសំរាមទុកដាក់ឲ្យបានត្រឹមត្រូវ ជាពិសេសធ្វើការដាំកូនឈើដើម្បីបរិស្ថានផង និងជាគម្របបៃតង៏រឹងមាំសម្រាប់មនុស្សនិងធម្មជាតិ៕