(សៀមរាប)៖ ពិព័ណ៌វិស័យម្ហូបអាហារ ភេសជ្ជៈ សណ្ឋាគារ និងបដិសណ្ឋាកិច្ច ខ្នាតអន្តរជាតិលំដាប់ថ្នាក់លេខ១ និងការតាំងពិព័ណ៌វិស័យសំណាង់ និងសម្ភារសាងសង់ ខ្នាត់អន្តរជាតិលេខ១ នៅកម្ពុជា បានរៀបចំរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី១០-១២ ខែតុលា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខា ខេត្តសៀមរាប។ ពិព័ណ៌នេះបានបង្ហាញជូនសាធារណៈជន និងអ្នកពាក់ព័ន្ធនូវស្លាកសញ្ញាជាង ១៥០ មកពី ១៦ប្រទេស រួមមាន ពន្លាជាតិតំណាងប្រទេសកូរ៉េ ម៉ាឡេស៊ី អ៊ីតាលី សឹង្ហបុរី អាមេរិក និងតៃវ៉ាន់។

ពិព័ណ៌ ANGKORFOOD+HOTEL និង ANGKOR BUILD ឆ្នាំ២០១៩នេះ បានប្រព្រឹត្តិទៅក្រោមអធិបតីភាពរបស់លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងដោយមានវត្តមានលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប, លោក Andrew Siow នាយកប្រតិបត្តិក្រុមហ៊ុន AMB Tarsus Even Group, លោក ឡុង ប៊ុនហូ ប្រធានសមាគមនចុងភៅកម្ពុជា (CCA), លោក ហ្វីលីព កៅ ប្រធានក្លឹបទេសចរណខេត្តសៀមរាប (STC), និងមានភ្ញៀវជាតិ-អន្តរជាតិ ចុងភៅ ប្រតិបត្តិករទេសចរណ៍ ចូលរួមជាច្រើននាក់ផងដែរ។

ពិព័ណ៌នេះ រៀបចំដោយមានការសហការរវាង សមាគមចុងភៅកម្ពុជា និងសហព័ន្ធទេសចរណ៍កម្ពុជា និងដោយមានការឧបត្ថម្ភ គាំទ្រពីសំណាក់សមាគមសណ្ឋាគារកម្ពុជា និងសមាគមភោជនីយដ្ឋានកម្ពុជា។ ពិព័ណ៌នេះ ក៏មានការផ្ដល់ជូននូវវេទិការដ៏ល្អមួយសម្រាប់អ្នកចូលរួម ក្នុងការស្វែងរកការបណ្ដាក់ទុនអាជីវកម្ម ជាបណ្ដាញនិងប្រភពសម្រាប់ផ្គត់ផ្គង់ផលិតផល សម្ភារៈ និងសេវាកម្មថ្មីបំផុត ដែលក្នុងនោះមានផលិតផលខ្លះ ត្រូវបានដាក់តាំងបង្ហាញលើកដំបូងក្នុងព្រះរាជាណាចក្រកម្ពុជា។

ពិព័ណ៌នេះ នឹងនាំមកនូវជាមួយកម្មវិធី Angkor Culinary Challenge 2019 ដែលបង្ហាញពីជំនាញក្នុងការចំអិនម្ហូប១១មុខ ពីចុងភៅកំពូលៗ និងអ្នកជំនាញផ្នែកបដិសណ្ឋាកិច្ច តាមរយ:ការប្រកួតដើម្បីដណ្តើមពាន CAMBODIA’S BEST។ ការប្រកួតនេះរួមមានការប្រកួត Gourmet Challenge ការចំអិនអាម៉ុកត្រី ការធ្វើនំបុ័ង ការរចនាម៉ូតសូកូឡា និងម្ហូបដទៃទៀត ។ លើសពីនេះទៅទៀតនៅក្នុងពិព័រណ៌នេះ នឹងមានការបង្ហាញជូននូវវិធីសាស្រ្តថ្មីបំផុតក្នុងការចំអិនភីហ្សា និងការ៉េម ពីអ្នកជំនាញមកពីប្រទេសអ៊ីតាលី។

លោក ប៉ាក់ សុខុម បានថ្លែងថា ពិព័ណ៌ម្ហូបអាហារ និងសណ្ឋាគារអង្គរ ត្រូវបានរៀបចំលើកទី១ កាលពីឆ្នាំ២០១៥ នៅសណ្ឋាគារអប្សរាផាលេស ក្រុងសៀមរាប ដោយមានការរៀបចំដោយ AMB Tarsus Even Group ហើយមានការចូលរួមពី ១០០ក្រុមហ៊ុន ។ តាមរយៈពិព័ណ៌ម្ហូបអាហារ និងសណ្ឋាគារ បានបង្ហាញនូវផលិតផលទេសចរណ៍ថ្មីៗដ៏សំបូរបែប ដែលជាការបញ្ចេញស្នាដៃធ្វើម្ហូបអាហារជាប្រពៃណី ដែលបានមកពីការប្រឹងប្រែង និងថែរក្សាវប្បធម៌របស់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាការផ្ដល់នូវសេវាកម្មម្ហូបអាហារ និងការស្នាក់នៅប្រកបដោយភាពកក់ក្ដៅ ជូនដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ។

លោកបានបញ្ជាក់ថា វិស័យទេសចរណ៍ ពិតជាបានចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមតាមរយៈបង្កើតប្រាក់ចំណូលជូនជាតិ និងបង្កើតឱកាសការងារ បង្កើនការវិនិយោគក្នុងប្រទេស និងចូលរូមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ បានយ៉ាងមានប្រសិទ្ធិភាព ហើយវិស័យនេះក៏បានចូលរួមចំណែកលើកកម្ពស់ ថែរក្សា និងអភិរក្សសម្បត្តិវប្បធម៌ និងធម្មជាតិរបស់ប្រទេស ចូលរួមកាត់បន្ថយការកើកឡើងនៃកំដៅភពផែនដី ពោលគឺចូលរួមគាំទ្រការអភិវឌ្ឍជាតិ ប្រកបដោយចីរភាព។

អ្នកទស្សនាពិព័ណ៌អាចនឹងទទួលបានព័ត៌មានថ្មីៗ តាមរយ:សិក្ខាសាលាដែលនឹងពិភាក្សា លើប្រធានបទផ្សេងៗគ្នា ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងជាមួយអតិថិជន បច្ចេកវិទ្យាថ្មី និងវិធីសាស្រ្ត ក្នុងការចាប់ផ្តើមជំនួញផ្នែកកាហ្វេដ៏ជោគជ័យ។ ការចូលរួមទស្សនាពិព័ណ៌ គឺមិនត្រូវបានគិតថ្លៃនោះទេ ដោយចាប់ផ្តើមបើកចាប់ពីម៉ោង ១០៖០០ព្រឹកដល់ម៉ោង០៥៖០០ល្ងាច៕