(ភ្នំពេញ)៖ ប្រជាពលរដ្ឋបានស្នើសុំឲ្យអាជ្ញាធរសង្កាត់អូរបែកក្អម និងអាជ្ញាធរខណ្ឌសែនសុខ ជួយក្រឡេកមើល និងមានវិធានការចំពោះរថយន្តកុងតឺន័រ ក៏ដូចជារថយន្តធន់យក្សក្រឡុកស៊ីម៉ង់តិ៍ ផងព្រោះបានយកផ្លូវសាធារណៈមកចំចតរថយន្ត រកតែផ្លូវធ្វើដំណើរលែងចង់កើតទៅហើយ។ ម្យ៉ាងទៀត ផ្លូវបេតុងឌួងងៀប ក៏កំពុងរងទម្ងន់រថយន្តធំៗ គ្មានសណ្ដាប់ធ្នាប់ថែមទៀតផង ហើយផ្លូវនោះ អាចនឹងឈានទៅរកការខូចខាតនាពេលខាងមុខមិនខានឡើយ។

ជួបជាមួយភ្នាក់ងារព័ត៌មាន Fresh News នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ប្រជាពលរដ្ឋបានឲ្យដឹងថា រថយន្តធំៗខាងលើនោះ ជារថយន្តដឹកទំនិញចេញពីឃ្លាំងរបស់ថៅកែជនជាតិចិន មានទីតាំងនៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បានយកផ្លូវបេតុងឌួងងៀបមួយនេះ ធ្វើជាកន្លែងចំណតរថយន្តរបស់ខ្លួន ស្ទើរតែធ្វើដងផ្លូវនោះទាំងមូល ធ្វើដំណើរលែងចង់កើត និងស្ទើរតែត្រូវបិទចរាចរទាំងស្រុងទៅហើយ។

ពួកគាត់ពិតជាមានការទើសចិត្តខ្លាំងណាស់ ប៉ុន្តែម្នាក់ៗ មិនហ៊ានចេញមុខនិយាយស្ដីអ្វីទេ បានត្រឹមតែបៀមការក្ដៅក្រហាយទុកនៅក្នុងចិត្តរាល់ថ្ងៃ មិនតែប៉ុណ្ណោះ បានរង់ចាំមើលអាជ្ញាធរ សង្កាត់អូរបែកក្អម និងអាជ្ញាធរខណ្ឌសែនសុខ មានចំណាត់ការ ប៉ុន្តែពី ១ថ្ងៃទៅ ១ថ្ងៃ ពី ១ខែទៅ ១ខែ និងពី ១ឆ្នាំទៅ ១ឆ្នាំ នៅតែមិនឃើញមានអាជ្ញាធរ ទៅចាត់ការទាល់តែសោះ។

ប្រជាពលរដ្ឋបានសំណូមពរ ទៅអាជ្ញាធរចុះមកពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយរថយន្តធុនធំៗ ចតនៅលើផ្លូវនោះ យ៉ាងអនាធិបតេយ្យនោះផង។ និយាយរួម ផ្លូវបេតុងសាធារណៈខាងលើទាំងមូល កំពុងត្រូវបានប្រើប្រាស់ដូចកន្លែងឯកជនគ្មានគិតពីអារម្មណ៍អ្នកភូមិ និងអ្នកដំណើរតាមផ្លូវសូម្បីបន្តិចសោះឡើយ៕