(ភ្នំពេញ)៖ អេសស៊ីជី ជាក្រុមហ៊ុនឈានមុខគេផ្នែកសម្ភារសំណង់នៅអាស៊ាន បានបន្តនូវការជួយដល់យុវជនកម្ពុជា ដោយបានបង្កើតនូវកម្មវិធី «អេសស៊ីជី ចែករំលែកក្តីសុបិន» ឆ្នាំទី៦ ដែលបានផ្តល់អាហារូបករណ៍ដល់សិស្សចំនួន២៧០នាក់ ដែលមានទឹកប្រាក់សរុបចំនួន៦២,០០០ដុល្លារ ជាមួយនឹងបំណងប្រាថ្នា ក្នុងការផ្តល់ឱកាសដ៏ល្អប្រសើរ សម្រាប់សិស្សដែលមានអាកប្បកិរិយាល្អ និងជួយពួកគាត់ឱ្យសម្រេចនូវបំណងប្រាថ្នាក្នុងការសិក្សារបស់ខ្លួន។

លោក Paramate Nisagornsen អគ្គនាយករងអាជីវកម្មក្នុងតំបន់នៃក្រុមហ៊ុនសម្ភារសំណង់ អេសស៊ីជី បានចាប់ផ្តើមនូវកម្មវិធីប្រគល់វិញ្ញាបនបត្រអាហារូបករណ៍ អេសស៊ីជី លើកទី ៦ ក្នុងសាលនៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ ដែល អេសស៊ីជី នៅតែបន្តនូវកម្មវិធី «អេសស៊ីជី ចែករំលែកក្តីសុបិន» ជាមួយឆន្ទៈមុះមុតក្នុងការជួយដល់សិស្ស ដែលមានអាកប្បកិរិយាល្អ និងមានការប្តេជ្ញាចិត្តក្នុងការសិក្សា ប៉ុន្តែជួបនឹងវិបត្តិហិរញ្ញវត្ថុ។ ដោយផ្តោតលើបំណងប្រាថ្នាដើម្បីផ្តល់នូវឱកាសសិក្សាដ៏ល្អប្រសើរ អេសស៊ីជី បានផ្តល់អាហារូបករណ៍ចំនួន២៥០នាក់ សម្រាប់ថ្នាក់វិទ្យាល័យ និង២០នាក់សម្រាប់ការជួយជាបន្តបន្ទាប់សម្រាប់ថ្នាក់សាកលវិទ្យាល័យ។

លោក Paramate បានថ្លែងថា «អេសស៊ីជី ជឿជាក់ថាធនធានមនុស្ស គឺជាទ្រព្យសម្បត្តិដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍ប្រទេស។ នេះជាឆ្នាំទី៦ ហើយសម្រាប់កម្មវិធីមួយនេះ។ អេសស៊ីជី បានយល់ឃើញថាថ្នាក់វិទ្យាល័យ គឺជាដំណាក់កាលសំខាន់បំផុតសម្រាប់សិស្សានុសិស្ស។ ព្រោះពួកគាត់ត្រូវត្រៀមខ្លួនប្រលងថ្នាក់ជាតិ និងបន្តចូលថ្នាក់សាកលវិទ្យាល័យ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើពួកគាត់មិនអាចផ្តោតលើការសិក្សាបាននោះ ពួកគាត់នឹងបាត់បង់ឱកាសមួយនេះ។
លោកបន្ដថា «ដូច្នេះទើបយើងនៅតែបន្តផ្ដល់អាហារូបករណ៍សម្រាប់ថ្នាក់វិទ្យាល័យ។ លើសពីនោះទៅទៀត យើងបានសម្រេចបន្ថែមអាហារូបករណ៍មួយកម្រិតទៀត ដែលជាអាហារូបករណ៍ជួយក្នុងរយៈពេលយូរ សម្រាប់អតីតសិស្សអាហារូបករណ៍ថ្នាក់វិទ្យាល័យ ដែលបានប្រឡងជាប់បាក់ឌុប និងចាប់ផ្តើមបន្តការសិក្សាឆ្នាំទីមួយ នៅសាកលវិទ្យាល័យ។ នេះគឺដើម្បីជួយឱ្យពួកគាត់អាចបន្តការសិក្សាបានកាន់តែខ្ពស់ដោយមិនចាំបាច់បារម្ភពីហិរញ្ញវត្ថុ ហើយអាចជួយឱ្យពួកគាត់ អាចផ្តោតទៅលើការសិក្សា ដើម្បីសម្រេចបំណងប្រាថ្នាសម្រាប់អនាគតដ៏ល្អប្រសើរ»។

ដោយផ្តល់អាហារូបករណ៍លើសពី២៥០នាក់ សម្រាប់ថ្នាក់វិទ្យាល័យ និងលើសពី១០នាក់ សម្រាប់ថ្នាក់សាកលវិទ្យាល័យសម្រាប់ឆ្នាំនេះ សរុបជាទឹកប្រាក់លើសពី៦២,៤០០ដុល្លារ។ អេសស៊ីជី បានជួយដល់យុវជនកម្ពុជាចាប់តាំងពីឆ្នាំ ២០១៤ ដែលមកដល់ពេលនេះសរុបជាទឹកប្រាក់លើសពី២៥០,០០០ដុល្លារ។ កម្មវិធីនេះ ជាការសហការគ្នារវាងក្រុមហ៊ុន អេសស៊ីជី ក្រសួងអប់រំ យុវជន និងកីឡា ជាមួយនឹងស្ថានទូតថៃ។

បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា «ក្រុមហ៊ុន អេសស៊ីជី មិនត្រឹមតែវិនិយោគ និងបង្កើតការងារ សម្រាប់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយបង្កើនធនធានមនុស្សសម្រាប់ការអភិវឌ្ឍន៍សហគមន៍ ដែលក្រុមហ៊ុន អេសស៊ីជី បានដំណើរការអាជីវកម្មរបស់ខ្លួន។ វា គឺជាការប្តេជ្ញាចិត្ត ដើម្បីបង្កើននូវជីវភាពរស់នៅ ឱ្យល្អប្រសើរសម្រាប់សហគមន៍ ដែលយើងធ្វើការ និងរស់នៅ។ ខ្ញុំសូមអរគុណដល់ក្រុមហ៊ុន អេសស៊ីជី សម្រាប់ការជួយដល់វិស័យអប់រំនៅកម្ពុជា ដោយបានផ្តល់អាហារូបករណ៍ សម្រាប់សិស្សានុសិស្សកម្ពុជាចាប់តាំងពីឆ្នាំ២០១៤ មកម្ល៉េះ»។

លោក Panyarak Poolthup ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានបន្ថែមទៀតថា «ខ្ញុំពិតជារីករាយខ្លាំងណាស់ ដែលយើងបានឈានមកដល់ថ្ងៃនេះ ដោយដឹងថាក្រុមហ៊ុន អេសស៊ីជី បានខិតខំប្រឹងប្រែង និងតែងតែបន្តជួយដល់ការអភិវឌ្ឍន៍ ធនធានមនុស្សនៅកម្ពុជា តាមរយៈកម្មវិធីអាហារូបករណ៍ «អេសស៊ីជី ចែករំលែកក្តីសុបិន»។

កម្មវិធីនេះជាយុទ្ធនាការមួយ តែងតែបន្តឆ្ពោះទៅមុខជានិច្ច ដែលវាបានឆ្លុះបញ្ចាំងនូវបំណងប្រាថ្នារបស់ក្រុមហ៊ុន ក្នុងការដើរតួយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា»។
មិនត្រឹមតែផ្តល់អាហារូបករណ៍ប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុន អេសស៊ីជី ក៏បានរៀបចំនូវកម្មវិធីជំនួយផ្លូវចិត្តនិងស្មារតី ដែលផ្តល់សង្ឃដីកាដោយ ភិក្ខុ វជិរប្បញ្ញោ គូ សុភាព ក្នុងប្រធានបទ «បន្តអនាគតរបស់យើងដោយផ្តោតទៅលើការអប់រំ ការអភិរឌ្ឍន៍សង្គម និងការថែរក្សាបរិស្ថាន»។ វាគឺជាការបង្ហាញផ្លូវមួយ សម្រាប់សិស្សានុសិស្ស ដើម្បីបន្តនូវបំណងប្រាថ្នារបស់ខ្លួន និងឱ្យយកចិត្តទុកដាក់លើនិរន្តរភាពនៃកម្ពុជា។

បន្ទាប់ពីកម្មវិធីនេះចប់ អេសស៊ីជី ក៏បានផ្តល់ឱកាសដល់អតីតសិស្សអាហារូបករណ៍ អេសស៊ីជី ចែករំលែកក្តីសុបិន ដើម្បីចែករំលែកនូវបទពិសោធន៍របស់ខ្លួន ដែលទទួលនូវការជួយជ្រោមជ្រែងពី អេសស៊ីជី ជាបន្តបន្ទាប់ ដូចជាការចូលរួមក្នុងកម្មវិធី បោះតង់ចែករំលែកក្តីសុបិន ក្នុងឆ្នាំ២០១៩ ដែលបានប្រមូលផ្តុំដោយអតីតសិស្សអាហារូបករណ៍ អេសស៊ីជី ចែករំលែកក្តីសុបិននៅក្នុងតំបន់។

ក្រុមហ៊ុន អេសស៊ីជី បានចាប់ផ្តើមអាជីវកម្មរបស់ខ្លួននៅកម្ពុជាអស់រយៈពេលជាង២០ឆ្នាំមកហើយ ដែលបានផ្តល់នូវផលិតផលសម្ភារសំណង់គ្រប់ប្រភេទ។ ក្រុមហ៊ុនបានដំណើរការអាជីវកម្ម និងសកម្មភាពរបស់ខ្លួនក្រោមការប្តេជ្ញាចិត្តថា «បំណងប្រាថ្នាសម្រាប់អនាគតដ៏ប្រសើរ» ដែលមានគោលបំណងចង់ឱ្យកម្ពុជា ទទួលបានអនាគតដ៏ប្រសើរ និងការរស់នៅដ៏ល្អប្រសើរ៕