(ភ្នំពេញ)៖ ក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៤០ នៃការបង្កើតធនាគារជាតិនៃកម្ពុជាឡើងវិញ (១០ តុលា ១៩៧៩-១០ តុលា ២០១៩) នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ឲ្យដឹងថា សម្ដេចស្ទើរតែមានគ្រោះថ្នាក់ ក្នុងការដឹកនាំផ្លាស់ប្តូររបបទីផ្សារនៅកម្ពុជា ពីទីផ្សារផែនការ ឲ្យក្លាយទៅជាទីផ្សារសេរីដូចបច្ចុប្បន្ននេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «លើរចនាសម្ព័ន្ធសេដ្ឋកិច្ច យើងមិនអាចផ្លោះចេញពីសេដ្ឋកិច្ចផែនការ ទៅកាន់សេដ្ឋកិច្ចទីផ្សារតែម្ដងបានទេ ហើយខ្ញុំស្ទើរតែមានគ្រោះថ្នាក់ ដោយសារតែបញ្ហា...វាមិនជាការងាយស្រួលទេ សម្រាប់ការដឹកនាំកំណែទម្រង់»

សម្ដេចតេជោ បន្ថែមទៀតថា «ខ្ញុំគិតថា ជីវិតរបស់ខ្ញុំគឺថ្លៃណាស់ គ្រាប់កាំភ្លើង មិនអាចសម្លាប់ខ្ញុំបានទេ បានត្រឹមតែធ្វើឲ្យខ្ញុំរបួស៥លើក និងពិកាភ្នែកម្ខាង ហើយសូម្បីតែបាញ់ខ្ញុំ នៅសៀមរាប ថ្ងៃ២៤ ខែកញ្ញា ឆ្នាំ១៩៩៨ បេ៤០ប្រូកែត ៥គ្រាប់ ផ្ទុះតែមួយគ្រាប់ ក៏មិនអាចធ្វើឃាតខ្ញុំបានដែរ»

ក្នុងឱកាសនោះសម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា សម្ដេចចាប់ផ្ដើមធ្វើការកែទម្រង់ ដោយបើកមុខព្រួញទាំង២តែម្ដង មុខព្រួញទី១ កែទម្រង់ខាងនយោបាយ បានសេចក្ដីថា គោលដៅនោះត្រូវសម្រេចនូវការចរចា ស្វែងរកសន្ដិភាពសង្គមសម្រាប់កម្ពុជា។

ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានរំលឹកអំពីរឿងផ្លាស់ប្ដូរ រដ្ឋមន្ដ្រីការពារជាតិ ពេលនោះរដ្ឋមន្ដ្រីការពារជាតិ កុយ ប៊ុនថា អត់យល់ព្រមលើការចរចានេះទេ ដោយស្ទង់មតិពីខាងក្រសួងការពារជាតិត្រលប់មកវិញ កាលពីពេលនោះថា ប្រសិនបើចរចាគឺមានន័យថា ស្មើនឹងការបោះបង់ចោលសមិទ្ធផលបដិវត្ដន៍ សមិទ្ធផលសង្គមជាតិ។ សម្ដេចតេជោ បន្ដទៀតថា ត្រង់នេះហើយដែលសម្ដេចត្រូវដូររដ្ឋមន្ដ្រីការពារជាតិយកសម្តេចពិជ័យសេនា ទៀ បាញ់ ពីរដ្ឋមន្ដ្រីសាធារណការឲ្យមកធ្វើរដ្ឋមន្ដ្រីការពារជាតិ ដែលពីមុនសម្ដេចពិជ័យជាអគ្គសេនាធិការរង។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា សម្ដេចបានចាកចេញពីក្រសួងការបរទេសទៅហើយ ដោយមួយពេលនោះ សម្ដេចធ្វើទាំងនាយករដ្ឋមន្ដ្រី និងរដ្ឋមន្ដ្រីការបរទេស ក្រោយមកសម្ដេចបានផ្ទេរកិច្ចការ រដ្ឋមន្ដ្រីការបរទេសទៅឥស្សរជនមួយរូប ប៉ុន្ដែឥស្សរជនរូបនោះ ហាក់ដូចជាមិនសប្បាយចិត្ដ ជាមួយនិងការចរចានេះទេ តម្រូវឲ្យសម្ដេចត្រូវវិលត្រឡប់ មកកាន់ក្រសួងការបរទេស ធ្វើជានាយករដ្ឋមន្ដ្រី និងរដ្ឋមន្ដ្រីការបរទេសវិញ។

សម្ដេចតេជោ បានលើកឡើងថា «នៅពេលនោះ តើមានមនុស្សប៉ុន្មានយល់ពីការចរចា គេគិតថា ការចរចាគឺជាការចុះចាញ់ ប៉ុន្ដែយើងនិយាយពីការចរចា យើងចង់បញ្ចប់សង្គ្រាមនៅក្នុងប្រទេសរបស់យើង តាមរយៈនៃការចរចា ស្វែងរកដំណោះស្រាយនយោបាយមួយសម្រាប់កម្ពុជា»

សម្ដេចតេជោ បន្ដទៀតថា ចំណុចខាងសេដ្ចកិច្ចយើងចាប់ផ្ដើមរៀបចំចូលទៅកាន់សេដ្ចកិច្ចទីផ្សារ សួរថាមានមនុស្សប៉ុន្មាន ដែលយល់អំពីសេដ្ឋកិច្ចទីផ្សារ ព្រោះបងប្អូនមួយចំនួនធ្លាប់បានរៀនសូត្រ នៅភាគខាងជើងវៀតណាម ក្រោមសន្និសីទទីក្រុងហ្សឺណែវ ១៩៥៤៕