(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញអំពីមោទនភាព ដែលកម្ពុជាបានឈរយ៉ាងរឹងមាំ ក្រោយពេលវៀតណាមដែលចូលមកជួយហើយ ដកចេញទៅវិញ កាលពីឆ្នាំ១៩៨៩។ សម្តេចបានអះអាងថា នៅលើពិភពលោកនេះ គ្មានប្រទេសណាមួយដែលអាចធ្វើបានដូចប្រទេសកម្ពុជានោះឡើយ។

ក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤០ នៃការបង្កើតធនាគារជាតិនៃកម្ពុជាឡើងវិញ (១០តុលា ១៩៧៩-១០តុលា ២០១៩) នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា៖ «នៅលើពិភពលោក ឬនៅតំបន់អាស៊ី តើមានរបបណាខ្លះ ដែលពេលបរទេសមកជួយហើយ បរទេសដកចេញត្រឡប់ទៅវិញ បែរជារដ្ឋបាលឋិតថេរមានតែរដ្ឋបាលកម្ពុជាទេណា។ សូមក្រលែកមើលរដ្ឋបាលលន់ នល់ និយាយរួមមានតែរដ្ឋាភិបាល ហេង សំរិន ហ៊ុនសែនទេ»

តាមសំណូមពរសម្តេចតេជោ ហ៊ុន សែន ដែលបានប្តូរជីវិតរត់កាត់ព្រៃទៅពឹងពាក់វៀតណាម ប្រទេសនេះបានរួមកម្លាំងជាមួយកងទ័ពរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា វាយផ្តួលរំលំរបបប៉ុលពត នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។ បន្ទាប់ពីឈរជើងនៅកម្ពុជា១០ឆ្នាំ តាមសំណើកម្ពុជា ដែលមានអន្តរជាតិជាសាក្សី វៀតណាមបានដកទ័ពរបស់ខ្លួនត្រឡប់វិញទៅទាំងស្រុងនៅឆ្នាំ១៩៨៩។ ចាប់ពីពេលនោះមក កម្ពុជាត្រូវដោះស្រាយបញ្ហាសេសសល់ដោយខ្លួនឯង និងបានសម្រេចជាបន្តបន្តាប់ រហូតដល់សព្វថ្ងៃនេះ។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកទៀតថា៖ «លន់ នល់ អាមេរិកចូលមកជួយ អាមេរិកទៅវិញដួលរលំគ្រេង (១) វៀតណាមខាងត្បូង អាមេរិកចូលមកជួយ អាមេរិកដកទៅវិញដួលរលំគ្រេង (២) អាហ្គានីស្ថាន សូវៀតចូលមកជួយដល់សូវៀតដកចេញដួលរលំគ្រេង (៣) ដល់រដ្ឋាភិបាល ហ៊ុន សែន វៀតណាមចូលមកជួយដល់វៀតណាមដកចេញ អាហ្នឹងក្នុងដំណាក់កាលរដ្ឋាភិបាលរបស់ខ្ញុំ វៀតណាមដកទៅវិញ រដ្ឋាភិបាល ហ៊ុន សែន ឈរយ៉ាងម៉ាំនៅនេះ»។ សម្តេចបញ្ជាក់បន្ថែម៖ « ហ៊ុន សែន កំពុងឈរនៅទីនេះ និងឈរ១០ឆ្នាំទៀតឯណោះ»

បញ្ហាផ្ទៃក្នុងកម្ពុជា ត្រូវបានដោះស្រាយបញ្ចប់ជាស្ថាព័រ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន។ ថ្ងៃ២៩ធ្នូនេះ គឺថ្ងៃដែលមេដឹកនាំជាន់ខ្ពស់របស់ខ្មែរក្រហម មកចុះចូលជាមួយរដ្ឋាភិបាលក្រុងភ្នំពេញ ដល់ផ្ទះសម្តេចតែម្តង ហើយអ្នកដែលចុះចូលនេះមានប្រធានាធិបតី និងនាយករដ្ឋមន្រ្តី ខៀវ សំផន ប្រធានសភា នួន ជា និង រដ្ឋមន្រ្តីការបរទេស អៀង សារី ជាដើម។ សម្តេចបញ្ជាក់ថា៖ «អ្នកទាំងនោះលាចាកលោកហើយ នៅសល់តែខៀវ សំផន មួយទេ។ រឿងតុលាការជារឿងផ្សេង»

Advertising