(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ ក្នុងខួបអនុស្សាវរីយ៍លើកទី៤០ នៃការបង្កើតធនាគារជាតិ នៃកម្ពុជាឡើងវិញ បានរំលឹកនូវស្ថានភាពដ៏លំបាកបំផុត នៃការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ក្រោយរំដោះចេញពី របបប្រល័យពូជសាសន៍ ប៉ុល ពត ដែលគ្មានក្រដាសប្រាក់សម្រាប់ចាយវាយ ហើយពេលនោះប្រជាពលរដ្ឋបានប្រើប្រាស់នូវវិធីដោះដូរទំនិញជាមួយគ្នា។

សម្ដេចតេជោ ហ៊ុន សែន បានគូសរំលេចទៀតថា កន្លងទៅជាបន្ដបន្ទាប់ កម្ពុជាក៏ចាប់ផ្ដើមហូរចូលនូវក្រដាសប្រាក់បរទេស ពិសេសលុយបាត និងលុយដុង របស់ប្រទេសជិតខាង ព្រមទាំងលុយហ្វ្រង់របស់បារាំងផងដែរ។ ក្រោយមកទៀត កម្ពុជា ក៏បានបោះពុម្ពនូវក្រដាសប្រាក់ខ្លួនឯង ដើម្បីចែកចាយប្រើប្រាស់ ប៉ុន្ដែកាលៈទេសៈនោះ ពលរដ្ឋកម្ពុជាតំបន់ខ្លះ មិនមានអ្នកស្គាល់នោះទេ ព្រោះកាលពីរបប ប៉ុល ពត ត្រូវបានលុបបំបាត់ចោលទាំងស្រុង។

សម្ដេចតេជោ នាយករដ្ឋមន្ដ្រី បានមានប្រសាសន៍យ៉ាងដូច្នេះថា «ការចាប់ផ្ដើមរបស់យើង ទៅលើបញ្ហាការដោះដូរទំនិញ គឺប្រើប្រាស់ទំនិញ និងទំនិញ ដើម្បីដោះដូរគ្នា, អ្នករកត្រី បានត្រីយកទៅដូរជាមួយអង្ករ អ្នកដែលមានអង្ករ បានអង្ករយកទៅដូរជាមួយសាច់ក្រណាត់។ ចឹងយើងប្រើរបស់ និងរបស់ដើម្បី ដោះដូរគ្នា។ ប៉ុន្ដែក៏ចាប់ផ្ដើមមានវត្តមាន នៃប្រកាសប្រាក់បាត ធ្វើការដោះដូរតាមព្រំដែនកម្ពុជាថៃ និងប្រាក់ដុងរបស់វៀតណាម មួយចំនួនមានវត្តមាន នៅតាមព្រំដែនកម្ពុជា-វៀតណាម ក៏ចាប់ផ្ដើមមានវត្តមានជាប្រាក់រូបីយប័ណ្ណបរទេស មានទាំងដុល្លារ មានទាំងហ្វ្រង់បារាំង»

បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកទៀតថា ការបង្កើតធនាគារកណ្ដាលឡើងវិញ នៅកម្ពុជា ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ គឺផ្តើមចេញពីបាតដៃទទេ រចនាសម្ព័ន្ធធនាគារជាតិ ត្រូវបានបំផ្លាញទាំងស្រុង ធនធានមនុស្សត្រូវបានកាប់សម្លាប់ គ្មានរូបិយវត្ថុ គ្មានចរាចរទំនិញ គ្មានទីផ្សារ ជាមួយនឹងការហ៊ុមព័ទ្ធខាងផ្នែកសេដ្ឋកិច្ច និងការផាត់ចេញពីឆាកអន្តរជាតិទៀតផង។

សម្ដេចអះអាងបន្ថែមថា តាមរយៈនេះ កម្ពុជាបានប្រកាន់យកគោលការណ៍ អ្នកចេះច្រើន បង្រៀនអ្នកចេះតិច និងអ្នកចេះតិច បង្រៀនអ្នកមិនចេះសោះ ជាមួយនឹងជំនួយបច្ចេកទេសរបស់ប្រទេសជាមិត្ត គឺវៀតណាម និងសហភាពសូវៀត ដែលកត្តានេះមានស្ថានភាពខុសគ្នាពីប្រទេសមួយចំនួន ដូចជាបញ្ហាប្រទេសនៅតំបន់អឺរ៉ុប ខាងកើតជាដើម ក្រោយសង្គ្រាមត្រជាក់ ប្រទេសទាំងនោះបានបង្កើត ធនាគារកណ្ដាលរបស់ខ្លួន ដោយមានទាំងធនធានមនុស្ស និងហិរញ្ញវត្ថុ ព្រមទាំងមានការគាំទ្រពីអន្តរជាតិ ពិសេសពីបញ្ហាប្រទេសអភិវឌ្ឍ ។

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន រូបិយវត្ថុជាតិប្រាក់រៀល ត្រូវបានដាក់ឲ្យចរាចរឡើងវិញ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៨០ ជាមួយនឹងការអបអរសាទរ និងការគាំទ្រយ៉ាងខ្លាំងពីប្រជាជនកម្ពុជា នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដំបូងបង្អស់ ក្រោយថ្ងៃជ័យជំនះ ៧ មករា ១៩៧៩ ហើយក៏ជាជោគជ័យរបស់រដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយសេដ្ឋកិច្ចជាតិ។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ទៀតថា ក្នុងស្ថានភាពសេដ្ឋកិច្ចដ៏លំបាកនាពេលនោះ ជាក់ស្តែងខ្លួនសម្ដេចផ្ទាល់ បានដឹកនាំធ្វើការកែទម្រង់សេដ្ឋកិច្ច ជាបន្តបន្ទាប់ ដើម្បីឲ្យសកម្មភាពសេដ្ឋកិច្ច អាចដំណើរការទៅមុខបាន ដោយផ្អែកលើគោលការណ៍ទីផ្សារ និងការបើកចំហឲ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន និងវិស័យឯកជន។ ប៉ុន្ដែសម្ដេចថា សម្តេចស្ទើរតែមានគ្រោះថ្នាក់ ក្នុងការផ្លាស់ប្តូររបបទីផ្សារនៅកម្ពុជា ពីទីផ្សារផែនការ ទៅជាទីផ្សារសេរី ដែលជារឿងលំបាកខ្លាំងណាស់ ក្នុងការដឹកនាំធ្វើកំណែទម្រង់។

សម្ដេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា ពេលនោះសម្ដេចបានធ្វើការកែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ច តាមរយៈការបើកលទ្ធភាពឲ្យកម្ពុជាឈាន ទៅអនុវត្តសេដ្ឋកិច្ចទីផ្សារបានដោយរលូន ស្របតាមរដ្ឋធម្មនុញ្ញថ្មីនៅឆ្នាំ១៩៩៣។ ទន្ទឹមនេះ ធនាគារកណ្តលក៏បានប្តូរឈ្មោះដើមវិញ គឺធនាគារជាតិនៃកម្ពុជា ដែលមានតួនាទីជាអាជ្ញាធរគ្រប់គ្រង វិស័យធនាគារ ចំណែកឯធនាគារពាណិជ្ជ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា ជាអ្នកផ្តល់សេវាហិរញ្ញវត្ថុដល់ប្រជាជន ហើយរតនាគារជាតិត្រូវបានបំបែកចេញពី ធនាគារជាតិ នៃកម្ពុជា៕