(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធ ខួបអនុស្សាវរីយ៍លើកទី៤០ នៃការបង្កើតធនាគារជាតិនៃកម្ពុជាឡើងវិញ (១០ តុលា ១៩៧៩ - ១០ តុលា ២០១៩) នៅថ្ងៃទី១០ ខែតុលានេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវមោទនភាព ចំពោះវិស័យធនាគារនៅកម្ពុជា ដែលមានការរីកម្រើនយ៉ាងខ្លាំង នៅរយៈពេល៤០ឆ្នាំចុងក្រោយនេះ។

សម្តេចតេជោ ក៏បានឃើញនូវតួនាទីយ៉ាងសំខាន់ របស់ធនាគារជាតិនៃកម្ពុជា ដោយបានរក្សាស្ថិរភាពតម្លៃប្រាក់រៀល ដែលប្រែប្រួលក្នុងរង្វង់តែ១% ប៉ុណ្ណោះ ជាមួយនឹងការបង្កើនទុនបម្រុងអន្តរជាតិ ឱ្យស្ថិតក្នុងកម្រិតខ្ពស់ ដែលលទ្ធផលទាំងនេះ បង្ហាញពីប្រសិទ្ធភាពនៃការគ្រប់គ្រង បរិមាណផ្គត់ផ្គង់ប្រាក់រៀល និង ការគរពូនទ្រព្យសម្បត្តិជាតិ ឱ្យបានល្អប្រសើរ ដើម្បីរក្សាស្ថិរភាពថ្លៃ ដោយអត្រាអតិផរណា មានកម្រិតទាបប្រមាណ៣%។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ក្នុងរយៈពេល៤០ឆ្នាំចុងក្រោយនេះ វិស័យធនាគារកម្ពុជា មានការរីកចម្រើនគួរជាទីមោទនៈ។ កម្ពុជាមានប្រព័ន្ធធនាគារ ប្រកបដោយប្រសិទ្ធភាព បរិយាប័ន្ន និងសមាហរណកម្មខ្ពស់ទៅ ក្នុងតំបន់ និងអន្តរជាតិ ព្រមទាំងបំពេញ បាននូវសេចក្តីត្រូវការ ផ្នែកសេវាហិរញ្ញវត្ថុកាន់តែទូលំទូលាយ នៅទូទាំងប្រទេស។ វិស័យធនាគារ បានក្លាយជាសសរស្តម្ភមួយ ក្នុងការគាំទ្រ កំណើនសេដ្ឋកិច្ចជាតិ»

សម្តេចលើកឡើងថា វិស័យធនាគារបានពង្រីកការផ្តល់សេវាហិរញ្ញវត្ថុ ទៅដល់ប្រជាជនទូទាំងប្រទេស ជាពិសេសប្រជាជនក្រីក្រ សម្រាប់លើកស្ទួយជីវភាពរស់នៅឱ្យ កាន់តែប្រសើរឡើង ដែលក្នុងនោះប្រជាជនពេញវ័យប្រមាណ៧១% កំពុងទទួលបានសេវាហិរញ្ញវត្ថុ ហើយការផ្តល់ហិរញ្ញប្បទាន តាមរយៈប្រព័ន្ធធនាគារ បានកើនឡើងដល់ ១១៥%នៃផលិផលក្នុងស្រុកសរុប (ផសស) សម្រាប់បំពេញសេចក្តីត្រូវការពង្រីកអាជីវកម្មលើគ្រប់វិស័យ។ តាមរយៈឥណទានវិស័យធនាគារ ប្រជាជនកម្ពុជាមានឱកាស ពង្រីកអាជីវកម្មរបស់ខ្លួន មានជីវភាពរស់នៅល្អប្រសើរអាចទិញលំនៅដ្ឋានបានសមរម្យ ដែលជាការរួមចំណែកយ៉ាងរបស់សង្គមជាតិទាំងមូល។

ប្រមុខរាជរដ្ឋាភិបាល បានវាយតម្លៃខ្ពស់ និងសូមអបអរសាទរចំពោះវឌ្ឍនភាព ជាពិសេសសមិទ្ធផលសំខាន់ៗ ដែលសម្រេចបាននៅក្នុងវិស័យធនាគារ និងសូមថ្លែងនូវការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីធនាគារជាតិនៃកម្ពុជាគ្រប់ជំនាន់ ជាពិសេសលោក ចាន់ ភិន, លោក ចា រៀង, លោក ថោ ប៉េងលាត និងលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ដែលបានរួមចំណែកក្នុងការស្តារ កសាង និងអភិវឌ្ឍប្រព័ន្ធធនាគារកណ្ដាល ឱ្យមានការរីកចម្រើនដូចសព្វថ្ងៃនេះ។

សម្តេចក៏បានថ្លែងអំណរគុណដល់ប្រទេសជាមិត្ត ស្ថាប័នពាក់ព័ន្ធ និងអ្នកជំនាញការជាតិ អន្តរជាតិ រួមទាំងដៃគូអភិវឌ្ឍដែលបានផ្តល់ជំនួយ បច្ចេកទេស កិច្ចសហការ និងរាល់ការគាំទ្រនានា ក្នុងបុព្វហេតុអភិវឌ្ឍវិស័យធនាគារនៅកម្ពុជាកន្លងមក។

សម្តេចបានថ្លែងថា ក្រោយថ្ងៃជ័យជំនះ ៧ មករា ១៩៧៩ ការងារអាទិភាពសំខាន់របស់រដ្ឋាភិបាល ក្នុងវិស័យសេដ្ឋកិច្ច គឺការបង្កើតធនាគារកណ្ដាល បន្ទាប់ពីរបប ប៉ុល ពត បានបំផ្លាញទាំងស្រុងនូវខឿន និងរចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គមជាតិ។ ការបង្កើតធនាគារកណ្ដាល តាមរយៈការបោះផ្សាយរូបិយវត្ថុជាតិ ប្រាក់រៀលឡើងវិញ គឺជាការចូលរួមចំណែក ដើម្បីស្តារវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការពង្រឹងអត្តសញ្ញាណជាតិ ជាពិសេស ដើម្បីបង្ហាញពិភពលោកអំពីភាពស្របច្បាប់ និងអធិបតេយ្យជាតិរបស់កម្ពុជា ដែលត្រូវស្តារឡើងវិញ ពីចំណុចសូន្យក្រោយពីប្រទេសជាតិត្រូវបានរំដោះ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងទៀតថា នៅដើមសតវត្សរ៍ទី ១៦ ក្នុងសម័យ «ហ្លួងព្រះស្តេចកន» ដើម្បីពង្រឹងអធិបតេយ្យទឹកដី អំណាចសេដ្ឋកិច្ច និងនយោបាយ កម្ពុជាបានបោះផ្សាយរូបិយវត្ថុជាតិ ដំបូងរបស់ខ្លួនឈ្មោះ «ប្រាក់ស្លឹង»។ ប៉ុន្តែ «ប្រាក់ស្លឹង» ដែលបានដាក់ឱ្យចរាចរនៅពេលនោះ មិនមាននិរន្តរភាពទេ។ បន្ទាប់មកនៅសម័យអាណាព្យាបាលបារាំង, កម្ពុជាក៏មិនទាន់មានអធិបតេយ្យ ផ្នែករូបិយវត្ថុដែរ ប៉ុន្តែកម្ពុជាបានប្រើប្រាស់រូបិយវត្ថុក្រដាស «ប្រាក់ព៉្យាស់» ដែលបោះផ្សាយដោយធនាគារឥណ្ឌូចិន ដែលជាធនាគារពាណិជ្ជបារាំង សម្រាប់ប្រទេសនៅឥណ្ឌូចិន រួមមាន កម្ពុជា ឡាវ វៀតណាម។

សម្តេចប្រមុខរាជរដ្ឋាភិបាលបន្ថែមទៀតថា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ១៩៥៤ ប្រទេសកម្ពុជាបានទទួលឯករាជ្យ ផ្នែករូបិយវត្ថុពិតប្រាកដ ហើយបានបង្កើតធនាគារជាតិនៃកម្ពុជា បន្ទាប់មកប្រាក់រៀល ត្រូវបានដាក់ឱ្យចរាចរ ដោយជោគជ័យនៅខែ កញ្ញា ឆ្នាំ១៩៥៥ ។ នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត រូបិយវត្ថុប្រាក់រៀល ត្រូវបានកាត់ផ្តាច់ទាំងស្រុង។

ការបង្កើតធនាគារកណ្ដាលឡើងវិញ នៅកម្ពុជា ក្រោយថ្ងៃ រំដោះ ៧ មករា ១៩៧៩ គឺផ្តើមចេញពីបាតដៃទទេ រចនាសម្ព័ន្ធធនាគារជាតិ ត្រូវបានបំផ្លាញទាំងស្រុង ធនធានមនុស្សត្រូវបានកាប់សម្លាប់ គ្មានរូបិយវត្ថុ គ្មានចរាចរទំនិញ គ្មានទីផ្សារ ជាមួយនឹងការហ៊ុមព័ទ្ធខាងផ្នែកសេដ្ឋកិច្ច និងការផាត់ចេញពីឆាកអន្តរជាតិទៀតផង។

កម្ពុជាបានប្រកាន់យកគោលការណ៍ អ្នកចេះច្រើនបង្រៀនអ្នកចេះតិច និងអ្នកចេះតិចបង្រៀន អ្នកមិនចេះសោះ ជាមួយនឹងជំនួយបច្ចេកទេសរបស់ប្រទេសជាមិត្ត គឺវៀតណាម និងសហភាពសូវៀត ដែលកត្តានេះមានស្ថានភាពខុសគ្នាពីប្រទេសមួយចំនួន ដូចជាបញ្ហាប្រទេសនៅតំបន់អឺរ៉ុប ខាងកើតជាដើម ក្រោយសង្គ្រាមត្រជាក់ ប្រទេសទាំងនោះបានបង្កើត ធនាគារកណ្ដាលរបស់ខ្លួន ដោយមានទាំងធនធានមនុស្ស និងហិរញ្ញវត្ថុ ព្រមទាំងមានការគាំទ្រពីអន្តរជាតិ ពិសេសពីបញ្ហាប្រទេសអភិវឌ្ឍ ។

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងទៀតថា «រូបិយវត្ថុជាតិប្រាក់រៀល ត្រូវបានដាក់ឱ្យចរាចរឡើងវិញ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៨០ ជាមួយនឹងការអបអរសាទរ និងការគាំទ្រយ៉ាងខ្លាំង ពីប្រជាជនកម្ពុជា នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដំបូងបង្អស់ ក្រោយថ្ងៃជ័យជំនះ ៧ មករា ១៩៧៩ ហើយក៏ជាជោគជ័យរបស់រដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយសេដ្ឋកិច្ចជាតិ»។

សម្តេចបានបញ្ជាក់ថា សម្តេចផ្ទាល់បានដឹកនាំធ្វើការកែទម្រង់សេដ្ឋកិច្ច ជាបន្តបន្ទាប់ ដើម្បីឱ្យសកម្មភាពសេដ្ឋកិច្ច អាចដំណើរការទៅមុខបាន ដោយផ្អែកលើគោលការណ៍ទីផ្សារ និងការបើកចំហឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន និងវិស័យឯកជន ដែលពេលនោះ សម្តេចបានធ្វើការកែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ច តាមរយៈការបើកលទ្ធភាពឱ្យកម្ពុជាឈាន ទៅអនុវត្តសេដ្ឋកិច្ចទីផ្សារបានដោយរលូន ស្របតាមរដ្ឋធម្មនុញ្ញថ្មីនៅឆ្នាំ ១៩៩៣។ ទន្ទឹមនេះ ធនាគារកណ្តលក៏បានប្តូរឈ្មោះដើមវិញ គឺធនាគារជាតិនៃកម្ពុជា ដែលមានតួនាទីជាអាជ្ញាធរគ្រប់គ្រង វិស័យធនាគារ ចំណែកឯធនាគារពាណិជ្ជ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា ជាអ្នកផ្តល់សេវាហិរញ្ញវត្ថុដល់ប្រជាជន ហើយរតនាគារជាតិត្រូវបានបំបែកចេញ ពីធនាគារជាតិនៃកម្ពុជា។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បង្ហាញពីមោទនភាព ដែលកម្ពុជាមានអគាររោងពុម្ព សម្រាប់បោះពុម្ព រូបិយបណ្ណប្រាក់រៀល ដោយខ្លួនឯង នៅក្នុងប្រទេសរបស់ខ្លួន ខណៈដែលប្រទេសមួយចំនួន នៅក្នុងតំបន់មិនទាន់មានលទ្ធភាពនៅឡើយ៕