(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា បានថ្លែងចាត់ទុកការបើកសម្ពោធមជ្ឈមណ្ឌលវប្បធម៌ «ផ្ទះមេត្តា» គឺជាកិច្ចសហការថ្មីៗ ដោយជោគជ័យរវាងកម្ពុជា និងអាល្លឺម៉ង់ ហើយលោកស្រីសង្ឃឹមថា នឹងមានកិច្ចសហការបានល្អជាងនេះច្រើនទៀត រវាងប្រទេសទាំងពីរបន្តទៀតផងដែរ។

ថ្លែងក្នុងពិធីបើកសម្ពោធនៅមជ្ឈមណ្ឌលវប្បធម៌ «ផ្ទះមេត្តា» នៅយប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ លោកស្រី ភឿង សកុណា បានលើកឡើងថា «ក្រោយពីរបបប្រល័យពូជសាសន៍ ខ្មែរក្រហម ក្នុងពេលដែលកម្ពុជាកំពុងជួបការលំបាក អាល្លឺម៉ង់បានផ្តល់នូវអាហាររូបករណ៍ ដល់ប្រជាជនកម្ពុជាឲ្យបានទៅរៀននៅ អាល្លឺម៉ង់ខាងកើត ហើយគោលបំណងនៃកិច្ចសន្ទនាអន្តរវប្បធម៌ គឺបង្កើតការយល់ដឹងរួមគ្នា ការចែករំលែកចំណេះដឹង និងជួយបង្កើតនូវក្របខ័ណ្ឌការងារទំនាក់ទំនង ជាមួយរដ្ឋនិងរដ្ឋ ក៏ដូចជារដ្ឋជាមួយ NGO ដែលជាដៃគូរ»។

លោក Nicolaus Mesterharm ប្រធាន ផ្ទះមេត្តា បានថ្លែងថា ផ្ទះមេត្តាទី៣នេះ នឹងបានចូលរួមចំណែកមិនត្រឹមតែសិល្បៈ និងសកម្មភាពផ្សេងៗ នៅក្នុងស្រុកនោះទេ ប៉ុន្តែទីតាំងនេះក៏ដើរតួនាទី ក្នុងកិច្ចសន្ទនាអន្តរវប្បធម៌ រវាងកម្ពុជា-អាល្លឺម៉ង់ផងដែរ។ ក្រៅពីនេះ ក៏បានលើកស្ទួយ និងចូលរួមចំណែក ពីសហគមន៍ថែមទៀតផង។

លោកថា «ផ្ទះមេត្តា មិនមែនសម្រាប់តែការបង្ហាញសិល្បៈតែមួយមុខនោះទេ ក៏ជាទីតាំងសម្រាប់ការចែករំលែក ការបណ្តុះបណ្តាលផ្សេងៗផងដែរ។ ទោះបីខ្ញុំជាអ្នកផលិតភាពយន្ត ប៉ុន្តែក៏ចាប់អារម្មណ៍ទៅលើការប្រែប្រួលផ្សេងៗ ក្នុងសង្គម ហើយបើក្រឡេកទៅមើលអតីតកាលដ៏លំបាករបស់កម្ពុជា និងការអភិវឌ្ឍន៍រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺពិតជាការអភិវឌ្ឍមួយយ៉ាងល្អ និងឆាប់រហ័សផងដែរ»

អ្នកស្រី សៅ សុភ័ក្រ្ត ជាអ្នកផលិតភាពយន្ត និងជាអ្នកគ្រប់គ្រងនៅផ្ទះមេត្តា បានឲ្យដឹងថា ផ្ទះមេត្តា ត្រូវបានបង្កើតឡើង រយៈពេល១២ឆ្នាំកន្លងមកហើយ ហើយជាកន្លែងដាក់បង្ហាញសិល្បៈនាំមុខគេ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយសារតែផ្ទះមេត្ដា មានកិច្ចសហការយ៉ាងល្អជាមួយ ក្រសួងវប្បធម៌ រួមជាមួយស្ថានទូតអាល្លឺម៉ង់ ក៏ដូចជាដៃគូជាច្រើនទៀតផងដែរ៕