(សៀមរាប)៖ ប្រទេសជប៉ុនបានប្រកាសគាំទ្រ លើកការពង្រឹងសមត្ថភាព សម្រាប់ការកាត់បន្ថយសំណល់សមុទ្រ នៅក្នុងតំបន់អាស៊ាន គាំទ្រអាស៊ានបៃតងរបស់ធនាគារពិភពលោក និងគម្រោងកិច្ចសហប្រតិបត្តិការអាស៊ាន នរវេស លើការពង្រឹងសមត្ថភាពមូលដ្ឋានសម្រាប់កាត់បន្ថយការបំពុលប្លាស្ទិក នៅតំបន់អាស៊ានជាដើម។

ការប្រកាសគាំទ្របែបនេះ របស់ប្រទេសមហាយក្សសេដ្ឋកិច្ចទី៣ លើពិភពលោក បានធ្វើឡើងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ាន-ជប៉ុន នាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ នៅក្នុងឱកាសដែលកម្ពុជា បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចរដ្ឋមន្ត្រីបរិស្ថានអាស៊ាន លើកទី១៥ និងកិច្ចប្រជុំភាគីសន្និសីទអាស៊ានស្តីពី ការបំពុលអ័ព្ទផ្សែងឆ្លងដែន កិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ាន-ជប៉ុន និងកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ាន បូក៣ ជាមួយ ចិន ជប៉ុន និងកូរ៉េខខាងត្បូង នៅលើទឹកដីអង្គរ ខេត្តសៀមរាប។

នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ាន បានជួបប្រជុំជាមួយដៃគូសន្ទនារបស់ខ្លួនមកពីប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង ដើម្បីជជែកពីយុទ្ធសាស្ត្រ សហប្រតិបត្តិការនាពេលខាងមុខ ដូចជាពាក់ព័ន្ធនឹងជីវៈចម្រុះ ការប្រែប្រួលអាកាសធាតុ ការអប់រំបរិស្ថាន វិទ្យាសាស្ត្របរិស្ថាននិងបច្ចេកវិទ្យា ទីក្រុងនិរន្តរភាព និងការគ្រប់គ្រងការបំពុកសមុទ្រ ដោយសំណល់ប្លាស្ទិក និងបញ្ហាផ្សេងទៀត។

ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីបរិស្ថានអាស៊ានទទួលស្គាល់ថា បញ្ហាបរិស្ថានបន្ទាន់ និងមានភាពប្រទាក់ក្រឡា ដូចជាការប្រែប្រួលអាកាសធាតុ និងការបំពុលសំណល់សមុទ្រ នៅតែជាបញ្ហាប្រឈមមួយដែលត្រូវការ ចាំបាច់នូវការធ្វើសកម្មភាពរួមគ្នាក្នុងតំបន់។

រដ្ឋមន្ត្រីបរិស្ថានអាស៊ាន បានឯកភាពគ្នាថានឹងជួបគ្នាជាថ្មី នៅក្នុងប្រទេសហ្វីលីពីន នៅឆ្នាំ២០២០ នៅក្នុងកិច្ចប្រជុំភាគីសន្និសីទអាស៊ាន ស្តីពីកិច្ចព្រមព្រៀងអាស៊ាន លើការគ្រប់គ្រងការបំពុលផ្សែងអ័ព្ទឆ្លងដែន និងនៅក្នុងប្រទេសឥណ្ឌូនេស៊ី នៅឆ្នាំ២០២១ នៅក្នុងឱកាស នៃកិច្ចប្រជុំលើកទី១៧ រដ្ឋមន្ត្រីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា។

ជារួមកិច្ចប្រជុំលើកទី១៥ រដ្ឋមន្ត្រីបរិស្ថានអាស៊ានប្រកបដោយផ្លែផ្កា គួរឱ្យកត់សម្គាល់ នៅក្នុងឱកាដែលកម្ពុជា បានធ្វើជាម្ចាស់ផ្ទនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីបរិស្ថានអាស៊ាន លើកទី១៥នេះ ផងដែរ។

នយោបាយកាត់បន្ថយកាកសំណល់ប្លាស្ទិក ក្នុងសមុទ្រត្រូវបានប្រកាសដោយលោក ស្ហ៊ីនហ្សូ អាបេ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី។ «សំរាមប្លាស្ទិក នៅក្នុងសមុទ្រជាបញ្ហាអាទិភាពមួយ ក្នុងចំណោមបញ្ហាអាទិភាពផ្សេងទៀត ដែលមានចែងនៅក្នុងកម្មវិធីនៃជំនួបកំពូល G20 ហើយដោយយើង ធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបកំពូលនោះយើងនឹងផ្តួចផ្តើមគំនិត ដើម្បីដោះស្រាយបញ្ហា» នេះជាការ ថ្លែងរបស់លោក អាបេ។ តែពេលនេះ នយោបាយកាត់បន្ថយកាកសំណល់ប្លាស្ទិក នៅក្នុងសមុទ្រប្រកាសដោយលោក អាបេ នៅជាទ្រឹស្តី ដោយមិនទាន់មានកំណត់ការអនុវត្តន៍ ជាក់ស្តែងនៅពេលណាទេ។

ជប៉ុនហាក់ចង់ដើរតួនាទីជាអ្នកកាត់បន្ថយសំរាមប្លាស្ទិក ដែលកំពុងបំពុលផែនដីពិសេស នៅក្នុងសមុទ្រហើយ ដើម្បីអាចឈានទៅ សម្រេចគោលដៅបរិស្ថានមួយនេះ បានជប៉ុននឹងព្យាយាមនិយាយបញ្ចុះបញ្ចូលក្រុមប្រទេស G20 ឱ្យអនុម័តលើកិច្ចព្រមព្រៀងអន្តរជាតិមួយ។

គួរបញ្ជាក់ថាជប៉ុន ជាប្រទេសដែលបានបញ្ចេញកាកសំណល់ប្លាស្ទិកលំដាប់ទី២ ក្នុងលោកបន្ទាប់ពីអាមេរិកនោះបើទោះបីជា ប្រទេសអាស៊ីមួយនេះ មានអត្រាកែច្នៃប្លាស្ទិកប្រើរួចឡើងវិញ ក្នុងកម្រិតខ្ពស់ក៏ដោយ។ ជប៉ុន នៅមានភាពយឺតយ៉ាវខ្លាំងនៅ ក្នុងវិធានការកាត់បន្ថយផលិតផលប្លាស្ទិក ដែលប្រើតែមួយដងរួចបោះចោល ដូចជាប្រអប់ប្លាស្ទិកខ្ចប់អាហារសម្រាប់ថ្ងៃត្រង់ប្លាស្ទិក សម្រាប់ខ្ចប់នំ ឬផ្លែឈើជាដើម។

នៅក្នុងជំហានដំបូងនយោបាយកាត់បន្ថយប្លាស្ទិក ដែលរដ្ឋាភិបាលជប៉ុន ទើបប្រកាសគ្រោងនឹងឱ្យអតិជនទិញថង់ប្លាស្ទិក សម្រាប់ដាក់អីវ៉ាន់ នៅពេលពួកគេទៅផ្សារទិញម្ហូបអាហារ ឬសម្ភារប្រើប្រាស់ផ្សេងៗ។ នយោបាយដដែលនេះក៏មានផែនការជួយបណ្តា ប្រទេសអាស៊ីអាគ្នេយ៍ ឱ្យបំពាក់នូវបច្ចេកទេស និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីកែច្នៃប្លាស្ទិកប្រើរួច ឡើងវិញដែរ។ កម្មវត្ថុ របស់រដ្ឋាភិបាលជប៉ុន សម្រាប់ប្រទេសជាតិ គឺកែច្នៃ១០០% លើប្លាស្ទិកប្រើរួចហើយឱ្យទៅប្លាស្ទិកថ្មីពីពេលនេះ ដល់ឆ្នាំ២០៣៥។ បើគិតនៅក្នុង ពិភពលោកទាំងមូលមានសំរាមប្លាស្ទិក ប្រមាណជា៨លានតោន ត្រូវបានគេចាក់ចូលសមុទ្រក្នុងមួយឆ្នាំៗ ក្នុងនោះចំណែកពីប្រទេស ជប៉ុន មានពី២០,០០០ ទៅ ៦០,០០០តោន៕