(សៀមរាប)៖ កិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ាន លើកទី១៥ និងកិច្ចប្រជុំភាគីសន្និសីទអាស៊ាន ស្តីពី ការបំពុលអ័ព្ទផ្សែងឆ្លងដែន កិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ាន-ជប៉ុន និងកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ានបូក៣ ជាមួយ ចិន ជប៉ុន និងកូរ៉េខខាងត្បូង ត្រូវបានបិទបញ្ចប់ដោយជោគជ័យ នៅព្រលប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ។

បញ្ហាកង្វល់របស់រដ្ឋមន្ត្រីបរិស្ថានអាស៊ាន គឺការប្រែប្រួលអាកាសធាតុនាពេលបច្ចុប្បន្ននេះ ដែលតម្រូវឱ្យប្រទេសជាសមាជិកទាំងអស់ ត្រូវចូលរួមដោះស្រាយជាបន្ទាន់។

នៅក្នុងកិច្ចប្រជុំរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ ប្រព្រឹត្តធ្វើឡើងនៅលើទឹកដីអង្គរ ខេត្តសៀមរាប ដោយក្នុងនោះរដ្ឋមន្ត្រីបរិស្ថានអាស៊ាន ដែលទទួលបន្ទុកផ្នែកបរិស្ថាន ដីធ្លី ភ្លើងឆេះព្រៃ និងផ្សែងអ័ព្ទ មកពីរដ្ឋសមាជិកអាស៊ាន បានទទួលស្គាល់ នូវសមិទ្ធផល និងការវិវឌ្ឍថ្មីៗ នៃកិច្ចគាំពារបរិស្ថាន នៅក្នុងតំបន់ និងកិច្ចសហប្រតិបត្តិការតំបន់ លើបញ្ហាបរិស្ថានមួយចំនួន ជាពិសេស គឺសកម្មភាពអាទិភាព និងការផ្តួចផ្តើមគំនិតលើនិរន្តរភាពបរិស្ថាន ក៏ដូចជាការលើកកម្ពស់ កិច្ចសហប្រតិបត្តិការបរិស្ថាននៅក្នុងតំបន់។

ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីបរិស្ថានអាស៊ានទទួលស្គាល់ថា បញ្ហាបរិស្ថានបន្ទាន់ និងមានភាពប្រទាក់ក្រឡា ដូចជាការប្រែប្រួលអាកាសធាតុ និងការបំពុលសំណល់សមុទ្រ នៅតែជាបញ្ហាប្រឈមមួយដែលត្រូវការ ចាំបាច់នូវការធ្វើសកម្មភាពរួមគ្នាក្នុងតំបន់។

រដ្ឋមន្ត្រីបរិស្ថានអាស៊ាន កត់សម្គាល់ថា សេចក្តីថ្លៃការណ៍រួមអាស៊ាន សម្រាប់កិច្ចប្រជុំស្តីពីអាកាសធាតុ ឆ្នាំ២០១៩ នៅទីក្រុងញូវយ៉ក កាលពីខែកញ្ញា ឆ្នាំ២០១៩។ សេចក្តីថ្លែងការណ៍នេះ នឹងស្នើសុំការអនុម័តយល់ព្រមពីកិច្ចប្រជុំកំពូលអាស៊ាន នាខែវិច្ឆិកា ឆ្នាំ២០១៩ ហើយរំពឹងថា នឹងទទួលបានជោគជ័យ នៅក្នុងកិច្ចប្រជុំលើកទី២៥ នៃកិច្ចប្រជុំភាគីស្តីពី ការប្រែប្រួលអាកាសធាតុ COP25 ដែលនឹងធ្វើនៅខែធ្នូ ខាងមុខនៅប្រទេសឈីលី។ នៅក្នុងក្របខណ្ឌនេះ រដ្ឋមន្ត្រីបរិស្ថានសម្រេចឯកភាពអនុម័ត លើសេចក្តីថ្លែងការណ៍រួមស្តីពីការប្រែប្រួលអាកាសធាតុ។

រដ្ឋមន្ត្រីបរិស្ថានអាស៊ាន បានបញ្ជាក់ពីការតាំងចិត្តរបស់ខ្លួន លើការបណ្តុំនឹងការប្រែប្រួលអាកាសធាតុ។

រដ្ឋមន្ត្រីបរិស្ថានអាស៊ាន ទទួលស្គាល់ថា មានការកើនឡើងខ្ពស់ និងឆាប់រហ័សនូវកម្រិត នៃសំណល់សមុទ្រ ហើយបានគូសបញ្ជាក់សាជាថ្មី នូវការតាំងចិត្តរបស់ខ្លួន ក្នុងការអនុវត្តសេចក្តីថ្លែងការណ៍បាងកក ស្តីពីការប្រឆាំងនឹងសំណល់សមុទ្រ នៅក្នុងតំបន់អាស៊ាន។

រដ្ឋមន្ត្រីបរិស្ថានអាស៊ាន ក៏បានកត់សម្គាល់ផងដែរ អំពីការអនុវត្តសំណល់សមុទ្រទាក់ទងនឹងគម្រោង និងការផ្តួចផ្តើមនានា រាប់បញ្ចូលចូលទាំងគម្រោង អាស៊ានបូក ៣ លើកការពង្រឹងសមត្ថភាព សម្រាប់ការកាត់បន្ថយសំណល់សមុទ្រ នៅក្នុងតំបន់អាស៊ាន ដែលគាំទ្រដោយជប៉ុន សកម្មភាពគម្រោងគាំទ្រ អាស៊ានបៃតង របស់ធនាគារពិភពលោក គម្រោងកិច្ចសហប្រតិបត្តិការអាស៊ាន-នរវេស លើការពង្រឹងសមត្ថភាពមូលដ្ឋាន សម្រាប់កាត់បន្ថយការបំពុលប្លាស្ទិក នៅតំបន់អាស៊ានជាដើម៕